អាជ្ញាធរជាតិអប្សរាធ្វើពិធីប្រុងពាលី បើកការដ្ឋានសាងសង់ភូមិបេតិភណ្ឌ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរានិងថ្នាក់ដឹកនាំជាច្រើនរូប បានប្រារព្វ​ធ្វើពិធី​ក្រុងពាលីចំពោះម្ចាស់ទឹកម្ចាស់ដីនិងបារមីនៃវត្ថុស័ក្តិសិទ្ធិ នៅខាងមុខអង្គរវត្ត ដើម្បីសុំរៀបចំបើក​ការ​ដ្ឋាន​សាងសង់ភូមិបេតិកភណ្ឌនិងស្តង់ពិព័រណ៍ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលនឹងមកដល់នៅថ្ងៃ​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។ ពិធីនេះបានធ្វើឡើង កាលពីថ្ងៃទី២៧ ខែកុម្ភៈ​ឆ្នាំ២០២៣។

លោក ទិន ទីណា អនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលស្រាវជ្រាវនិងផ្សព្វផ្សាយ នៃអាជ្ញាធរ​ជាតិអប្សរាបានឱ្យដឹងថា សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នៅដើម​ខែ​មេសា​ខាងមុខ គឺសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)នឹងរៀបចំព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត រម្លឹកខួបទី១០ឆ្នាំ ក្រោមប្រធានបទ(ក្តីស្រមៃនិងក្តីសង្ឃឹម)។ ជាមួយគ្នានេះដែរ សហភាពសហព័ន្ធ​យុវជន​កម្ពុជា ក៏បានស្នើឱ្យអាជ្ញាធរជាតិអប្សរាជួយរៀបចំកម្មវិធីមួយឈ្មោះ ថា​ភូមិបេតិកភណ្ឌ​វប្បធម៌។

លោកបញ្ជាក់ថា ភូមិបេតិកណ្ឌ ដែលអាជ្ញាធរអប្សរាកំពុងរៀបចំសាងសង់នេះ នឹងដាក់បង្ហាញ​អំពីបេតិកភណ្ឌរូបី ដូចជាបង្ហាញឧបករណ៍បច្ចេកទេសនៃការរំលីងថ្ម ដើម្បីយកមកផ្គុំកសាងប្រាសាទ ដែលឃើញមាននៅតាមចម្លាក់របស់ប្រាសាទបាយ័ន ការបង្ហាញអំពីបច្ចេកទេស​នៃការជួសជុល​ប្រាសាទ​ទឹក។

ចំណែកឯបេតិកភណ្ឌអរូបីវិញ គឺនឹងមានបង្ហាញអំពីការចារសាស្ត្រាស្លឹករឹត ដោយគ្រោង​នឹង​អញ្ជើញស្ត្រីឈ្មោះ ភឿន ផាវី ជាអ្នកចេះចារសាស្ត្រា ឱ្យមកបង្រៀន ដល់អ្នកមកទស្សនា ឱ្យបាន​យល់​ដឹងផងដែរ។ វប្បធម៌អរូបីមួយទៀត គឺអាជ្ញាធរអប្សរានឹងបង្ហាញអំពីសិល្បៈនៃការសូនភាជន៍ ដោយ​នឹង​បើកឱ្យអ្នកចូលរួមទស្សនាអាចរៀនសូត្របានពីអ្នកជំនាញផងដែរ។ ចំពោះវប្បធម៌អរូបី​មួយទៀត​ក៏មានបង្ហាញអំពីចម្លាក់ស្បែកតូច ស្បែកធំ ក្រៅពីនោះគឺមានលេងល្បែងប្រជាប្រិយ ព្រមទាំងមាន​ក្រុមភ្លេងកន្រ្ទឹម របស់អ្នកភូមិត្បែង ដើម្បីកំដរនិងរាំលេងកម្សាន្ត។ ចំណែកនៅផ្នែកខាងស្ពាន​ហាល​ឯណោះវិញ ក៏នឹងមានរៀបចំស្ដង់ដើម្បីរៀបចំដាក់បង្ហាញអំពីផលិតផលនៃការងាររយៈពេល៣០ឆ្នាំ របស់អាជ្ញាធរអប្សរាផងដែរ៕ ប្រភពៈ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង