ជនដៃដល់ដែលបាញ់សម្លាប់ប្រពន្ធមានទម្ងន់ ៤ ខែ ស្លាប់ក្នុងថ្លុកឈាម ព្រោះតែភ្លើងប្រច័ណ្ឌនោះ ជាមុខសញ្ញាចែកចាយគ្រឿងញៀន និងធ្លាប់ជាប់គុកពីបទឃាតកម្មទៀតផង

ភ្នំពេញ ៖ ជនដៃដល់ជាប្តីចិត្តព្រៃផ្សៃជាងសត្វតិរិច្ឆានឈ្មោះ យ័ន្ត គុយហេង អាយុជាង៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាចែកចាយគ្រឿងញៀន និងទើបតែចេញពីពន្ធនាគារពាក់ព័ន្ធ នឹងករណីឃាតកម្ម ។ ចំណែកស្ត្រីជាជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមនោះឈ្មោះ មៃ គន្ធា អាយុ៣៤ឆ្នាំ មុខរបរបើកសាឡន បានបាត់បង់ជីវិតទាំងកំពុងមានផ្ទៃពោះ៤ខែផងដែរ។

ប្រភពព័ត៌មានបានឲ្យដឹងថាៈ បុរសជាប្តីបានបាញ់សម្លាប់ស្ត្រីប្រពន្ធទាំងមានផ្ទៃពោះ៤ខែនោះ បានកើតឡើងក្នុងបុរីពិភពថ្មី៣ ផ្ទះលេខ១៦៨ សង្កាត់រលួស ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អើលកាលពីវេលា៣និង៣០នាទី រសៀលថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ បានចូលខ្លួនទៅសារភាពទោសកំហុសរបស់ខ្លួន នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នាវេលាម៉ោងជាង ៦ យប់ថ្ងៃកើតហេតុ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងថាៈ មុនកើតហេតុមានសាច់ញាតិរបស់ស្ត្រីរងគ្រោះ បានទូរស័ព្ទទំនាក់ទំនងពីស្រុកកំណើតមក ប៉ុន្តែជនរងគ្រោះមិនទទួលទូរស័ព្ទសោះ ទើបសាច់ញាតិនោះបាន ទាក់ទងពឹងអាស្រ័យទៅអ្នកជិតខាងរបស់ជនរងគ្រោះអោយទៅជួយមើលផង ព្រោះគាត់មានការបន្ទាន់ជាមួយជនរងគ្រោះ។ បន្ទាប់មកអ្នកជិតខាងបានដើរទៅស្រែកហៅដែរ ប៉ុន្តែមិនមានអ្នកឆ្លើយតបសោះ ទើបអ្នកជិតខាងសម្រេចទៅហៅសន្តិសុខបុរី អោយជួយចូលទៅមើលក្នុងផ្ទះ។

ប្រភពដដែលបន្ថែមថា ភ្លាមៗនោះ សន្តិសុខបុរីបានទៅដល់ ហើយដើរចូលទៅក្នុងផ្ទះនេះ ជាមួយអ្នកជិតខាង ព្រោះផ្ទះមិនមានចាក់សោ លុះដើរចូលទៅដល់ក្នុងផ្ទះហើយ នៅតែមិនឃើញមានមនុស្ស ហើយស្រែកហៅខ្លាំងៗក៏មិនមានអ្នកឆ្លើយ ពួកគេក៏បានសម្រេចចិត្តនាំគ្នាចូលទៅមើលក្នុងបន្ទប់សម្រាក ក៏ប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ។

ជុំវិញករណីឃាតកម្មនេះ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបញ្ជាក់កាលពីថ្ងៃកើតហេតុយ៉ាងដូច្នេះថា បុរសជាប្តីជាអ្នកបាញ់ សម្លាញ់ប្រពន្ធខ្លួនឯងប្រាកដមែន ហើយជាក់ស្តែងនៅកន្លែងកើតហេតុ សមត្ថកិច្ចប្រទះឃើញមានគ្រាប់កាទុសមួយគ្រាប់ ហើយកម្លាំងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យកំពុងធ្វើការពិនិត្យវិច្ច័យតាមជំនាញ និងបើកការស្រាវជ្រាវ ក្នុងការតាមចាប់បុរសជាប្តី ។

លុះបើកការស្រាវជ្រាវករណីឃាតកម្មបាញ់សម្លាប់ប្រពន្ធនេះបានជាង៣ម៉ោង ស្រាប់តែជនដៃដល់ជាប្តីបានចូលខ្លួនទៅសារភាពទោសកំហុសរបស់ខ្លួន ដោយខ្លួនឯងនៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួង មហាផ្ទៃដោយសារភាពថា ខ្លួនបានបាញ់សម្លាប់ប្រពន្ធចំនួន៣គ្រាប់ បណ្តាលឲ្យស្លាប់គួរឲ្យសង្វេក ខណៈស្ត្រីជាប្រពន្ធមានកូន៤ខែនៅក្នុងផ្ទៃផងដែរ។ បុរសជាជនដៃដល់បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យខ្លួនធ្វើដូច្នេះ ដោយសារតែភ្លើងប្រច័ណ្ឌ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ជនសង្ស័យរូបនេះជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀន ដែលសមត្ថកិច្ចតាមប្រមាញ់ផងដែរ ។ មិនតែប៉ុណ្ណោះជនដៃដល់រូបនេះ ក៏ធ្លាប់ជាប់ពន្ធធនាគារម្តងរួចទៅហើយពាក់ព័ន្ធនឹងអំពើឃាតកម្មសម្លាប់មនុស្ស នៅឯខេត្តព្រះសីហនុ ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការណ៍ចុះទៅឆែកឆេរផ្ទះកើតហេតុ សមត្ថកិច្ចរកឃើញថ្នាំញៀនជាង២គីឡូក្រាមផងដែរ។ ដោយឡែសពស្ត្រីរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង