មនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ ខណៈទឹកជំនន់បានវាយលុកនៅភាគខាងត្បូង នៃប្រទេសម៉ាឡេស៊ី
ការសម្អាតមួយកំពុងដំណើរការនៅក្នុងផ្នែកខ្លះនៃប្រទេសម៉ាឡេស៊ី បន្ទាប់ពីទឹកជំនន់ដែលបង្កឡើងដោយភ្លៀង ធ្លាក់ជាច្រើនថ្ងៃបានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ត្រូវចាកចេញពីផ្ទះរបស់ពួកគេ និងបានសម្លាប់មនុស្សយ៉ាងតិចបួននាក់។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ប៊ែរណាម៉ា (Bernama) បានរាយការណ៍ថា មនុស្សជិត ៥០,០០០ នាក់ បានរងផល ប៉ះពាល់ដោយទឹកជំនន់គិតត្រឹមព្រឹកថ្ងៃច័ន្ទនេះ។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺ ចូហូ (Johor) ដែលជារដ្ឋភាគខាងត្បូងដែលនៅជិតខាងសិង្ហបុរី។
រូបភាពដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីរបស់របរ និងគ្រឿងសង្ហារិមដែលគរលើចិញ្ចើមផ្លូវ ខណៈដែលមនុស្សចាប់ផ្តើមសម្អាតផ្ទះ ការិយាល័យ និងគ្លីនិកដែលរងការខូចខាតដោយសារទឹកជំនន់។
ទឹកជំនន់មិនមែនជារឿងចម្លែកទេក្នុងរដូវខ្យល់មូសុងប្រចាំឆ្នាំ ដែលជាធម្មតាកើតឡើងនៅចន្លោះខែវិច្ឆិកា និងខែមីនា ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសម៉ាឡេស៊ីបានស៊ូទ្រាំនឹងទឹកជំនន់ធ្ងន់ធ្ងរជាបន្តបន្ទាប់ ដែលអ្នកជំនាញ និយាយថាជាលទ្ធផលនៃការអភិវឌ្ឍន៍ហួសហេតុ ការកាប់បំផ្លាញព្រៃឈើ និងការប្រែប្រួល អាកាសធាតុ ។
គួររំឭកថាៈ រដ្ឋធានី Kuala Lumpur, Shah Alam និង Klang ក៏ធ្លាប់បានជួបគ្រោះទឹកជំនន់ ដ៏ធំផងដែរនាពេលកន្លងមក ដែលមាន មនុស្ស ២៧ នាក់ បានស្លាប់កាលខែធ្នូ ឆ្នាំ២០២១។
គួបញ្ជាក់ថាៈ ទោះបីជាការបោសសម្អាតបានចាប់ផ្តើមក៏ដោយ អ្នកឧតុនិយមរបស់ប្រទេសម៉ាឡេស៊ីកំពុងព្រមានថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ៕ ប្រភពៈ Aljazeera