មេដឹកនាំក្រុងតៃប៉ិ ព្រមានពីចិននឹងឈ្លានពានប្រទេសផ្សេងៗក្នុងតំបន់ ក្រោយរឹបអូសកោះតៃវ៉ាន់
ទីក្រុងតៃប៉ិ៖ នៅក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានអភិវឌ្ឍវិស័យយោធាយ៉ាងឆាប់រហ័ស ហើយបាន និង កំពុងតែបង្កើនសកម្មភាពរបស់កងទ័ព នៅជុំវិញកោះតៃវ៉ាន់ ដែលបង្កឲ្យប្រទេសក្នុងតំបន់ មានការព្រួយបារម្ភ អំពីការផ្លាស់ប្ដូរស្ថានការណ៍ នាពេលបច្ចុប្បន្ន ដោយកម្លាំង ខណៈឥឡូវ មេដឹកនាំក្រុងតៃប៉ិ បានព្រមានពីហានិភ័យ អំពីការឈ្លានពានរបស់ប្រទេសចិន។
ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានផ្សាយ ថា លោក ឡៃ ឈីង-ថេ (Lai Ching-te) ប្រធានាធិបតីកោះតៃវ៉ាន់ បានព្រមានដល់បណ្ដាប្រទេសនានា នៅក្នុងតំបន់ អាចនឹងក្លាយជាគោលដៅវាយប្រហាររបស់ចិន ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំង សម្រេចចិត្តដ៏គ្រោះថ្នាក់ លើកទ័ពចូលឈ្លានពានមកលើកោះតៃវ៉ាន់ ដោយជោគជ័យ។ ជាមួយនឹងការព្រួយបារម្ភ អំពីសន្ដិសុខជាតិនោះ រដ្ឋាភិបាលក្រុងតៃប៉ិ មានតម្រូវការចាំបាច់បំផុត នាពេលនេះ គឺការពង្រឹងសមត្ថភាពការពារជាតិរបស់តៃវ៉ាន់ឲ្យខ្លាំងក្លាបន្ថែមទៀត។
ប្រធានាធិបតីតៃវ៉ាន់ បានផ្ដល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ហើយត្រូវបានដកស្រង់យកមកផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។ មេដឹកនាំតៃវ៉ាន់ រូបនេះបានសង្កត់ធ្ងន់ ថា គាត់សង្ឃឹម ថា សភាតៃវ៉ាន់ នឹងអនុម័តកញ្ចប់ថវិកា សម្រាប់វិស័យការពារជាតិយ៉ាងពិសេស មានទំហំទឹកប្រាក់៤០ពាន់លានដុល្លារ សម្រាប់ទិញគ្រឿងសព្វាវុធទំនើបៗ មកពីលោកខាងលិច ជាពិសេស ទិញអាវុធពីសហរដ្ឋអាមេរិក ដើម្បីយកមកពង្រឹងសមត្ថភាពយោធារបស់ខ្លួន។
ការលក់គ្រឿងសព្វាវុធជាបន្ដបន្ទាប់របស់សហរដ្ឋអាមេរិក មកឲ្យកោះតៃវ៉ាន់ បាននាំឲ្យមានភាពតានតឹងការទូតយ៉ាងខ្លាំង រវាងរដ្ឋាភិបាលក្រុងប៉េកាំង និង ក្រុងវ៉ាស៊ីនតោន។ ទន្ទឹមគ្នានេះ ប្រទេសមហាយក្សចិន បានព្រមានដល់សហរដ្ឋអាមេរិក ចំពោះការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន ក្រោមគោលការណ៍ចិនតែមួយ។
ប្រធានាធិបតីតៃវ៉ាន់ បានសង្កត់ធ្ងន់ ថា សហរដ្ឋអាមេរិក នឹងឈរនៅជាមួយតៃវ៉ាន់ ហើយនឹងមិនចាំបាច់ ត្រូវយកតៃវ៉ាន់ជាថ្នូរ សម្រាប់ការចរចាជាមួយចិននោះឡើយ។ មួយវិញទៀត ប្រសិនបើចិន ពិតជាអាចគ្រប់គ្រងតៃវ៉ាន់បាន ដោយជោគជ័យមែននោះ ក្រុងប៉េកាំង ក៏នឹងកាន់តែមានអំណួតខ្លាំងក្លាបន្ថែមទៀត ហើយប្រទេសនានាក្នុងតំបន់ ក៏អាចក្លាយជាគោលដៅបន្ទាប់របស់ចិនផងដែរ
មេដឹកនាំតៃវ៉ាន់ រូបនេះ បានបន្ដ ថា ហិច្ឆតាវាតទីរបស់ចិន នឹងមិនបញ្ឈប់ត្រឹមតែការដណ្ដើមកាន់កាប់តៃវ៉ាន់ ប៉ុណ្ណោះទេ គឺក្រុងប៉េកាំង នឹងបន្ដសកម្មភាពទៅលើប្រទេសនានា នៅក្នុងតំបន់ រួមមាន៖ ជប៉ុន ហ្វីលីពីន និងប្រទេសផ្សេងទៀត នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯងតាមបែបលទ្ធិប្រជាធិបតេយ្យ ថា ជាផ្នែកមួយនៃទឹកដីរបស់ចិន។ លើសពីនេះទៅទៀត ចិន ក៏មិនធ្លាប់បដិសេធ ពីការប្រើប្រាស់កម្លាំងយោធា នៅក្នុងការដណ្ដើមកាន់កាប់ដែនកោះមួយនេះ យកមកដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះឡើយ៕