ជនជាតិខ្មែរ ឥស្លាម ពីរនាក់ស្លាប់ភ្លាមៗគួរឲ្យអាសូរក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូទៅបុកគូទរថយន្តដែលគេចតចោល

 

(កណ្ដាល)៖ ជនជាតិខ្មែរ ឥស្លាម ពីរនាក់ស្លាប់ភ្លាមៗគួរឲ្យអាសូរក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូទៅបុកគូទរថយន្តដែលគេចតចោល នៅតាមបណ្ដោយផ្លូវលេខ៨ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ភូមិសន្លុង ឃសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីវេលាម៉ោងប្រមាណជា ៩យប់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០។

បើយោងតាមមន្ត្រីនគរបាលចរាចរណ៍ ដែលចុះដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FN-4125 បើកបរដោយឈ្មោះ ម៉ាត់ រ៉ាវី ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ អ្នករួមដំណើរឈ្មោះ កូប នោរុន ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ ចំណែកឯ រថយន្តខាងលើម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ប្រភេទដឹកទំនិញ ពាក់ផ្លាកលេខ កំពត 3A-0129 អ្នកបើកបរមិនស្គាល់រត់គេច។

ដោយឡែកបើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានខូចនិងឈប់ចតលើផ្លូវដោយគ្មានដាក់សញ្ញាសម្គាល់។

មួយសន្ទុះក្រោយមក ស្រាច់តែឃើញ ២នាក់ប្ដីប្រពន្ធបើកបរម៉ូតូពីត្បូងទៅជើង បុកពេកគូទរថយន្តពីក្រោយទំហឹងស្លាប់នៅនឹងកន្លែងតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋានស្រុកខ្សាច់កណ្ដាល ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ចំណែកសព ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង