លោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារជាសាធារណៈតាមប្រព័ន្ធទ្វីតទ័រ (Twitter) ដោយកោតសរសើរនិងអរគុណដល់ប្រទេសកម្ពុជាដែលបានទទួលអនុញ្ញតឲ្យនាវា Westerdam ដែលគេភ័យខ្លាចឆ្លងមេរោគកូរ៉ូណា ចូលចតនៅខេត្តព្រះសីហនុ
(អន្តរជាតិ)៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) លោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារជាសាធារណៈតាមប្រព័ន្ធទ្វីតទ័រ (Twitter) ដោយកោតសរសើរនិងអរគុណដល់ប្រទេសកម្ពុជាដែលបានទទួលអនុញ្ញតឲ្យនាវា Westerdam ដែលគេភ័យខ្លាចឆ្លងមេរោគកូរ៉ូណា ហើយផ្ទុកអ្នកធ្វើដំណើរចម្រុះជាតិសាសន៍ជាង២០០០នាក់នោះ ចូលចតនៅខេត្តព្រះសីហនុ។
សាររបស់លោក ត្រាំ បានបញ្ជាក់ថា៖ «សូមអរគុណដល់ប្រទេសកម្ពុជាដ៏ស្រស់ស្អាត ដែលទទួលអនុញ្ញតឲ្យនាវា Westerdam ចូលចតនៅកំពង់ផែរបស់កម្ពុជា។ សហរដ្ឋអាមេរិកនឹងចងចាំពីកាយវិការមនុស្សធម៌នេះ»។
លោក ត្រាំ បានបង្ហោះសារនេះ ក្រោយពេលដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា បានអនុញ្ញាតនាវាដែលមានប្រទេសជាច្រើនភ័យខ្លាចឆ្លងមេរោគ កូរ៉ូណា មិនឲ្យចូលចត តែកម្ពុជាបានអនុញ្ញតឲ្យចូលចត កាលពីថ្ងៃសុក្រ ទី១៤ កុម្ភះចំថ្ងៃបុណ្យទិវានៃសេចក្តីស្រឡាញ់។
គួរបញ្ជាក់ថានាវាទេសចររបស់អាមេរិកដែលមានផ្ទុកអ្នកដំណេីរចម្រុះជាតិសាសន៍ត្រូវបានប្រទេសចំនួន៥ បដិសេធមិនអោយចូលចតព្រោះតែខ្លាចមានមេរោគកូរ៉ូណា ។
នៅយប់ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតអោយនាវា Westerdam ចូលចតក្នុងបុព្វហេតុមនុស្សធម៌ដោយគ្មានការរេីសអេីងពូជសាសន៍ ។ ការសម្រេចចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ទទួលបានការគាំទ្រ និង កោតសរសើរជាសកលតែម្ដង៕