សង្កាត់ជ្រោយចង្វារ មានបុរសម្នាក់ ត្រូវគេប្រទះឃើញដេកស្តូកស្តឹងក្អួតធ្លាក់ឈាម នៅលើដងផ្លូវក្នុងដីវាលក្រុមហ៊ុន OCIC ហើយក៏បានរាយការណ៍ទៅកាន់នគរបាល ឲ្យហៅរថយន្តបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ កាល់ម៉ែត
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ នៅត្រង់ចំណុចដីវាលភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានបុរសម្នាក់ ត្រូវគេប្រទះឃើញដេកស្តូកស្តឹងក្អួតធ្លាក់ឈាម នៅលើដងផ្លូវក្នុងដីវាលក្រុមហ៊ុន OCIC ហើយក៏បានរាយការណ៍ទៅកាន់នគរបាល ឲ្យហៅរថយន្តបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ កាល់ម៉ែត។
សូមបញ្ជាក់ផងដែរថា បុរសរូបនោះ មានអាយុប្រមាណជាង៣០ឆ្នាំ អត់អាវស្លៀកខោខ្លី អត់ស្បែកជើង ដោយសមត្ថកិច្ច អះអាងថា ជាមនុស្សអនាថា។
បើតាមព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ មានកម្មករសំណង់ បានធ្វើដំណើរទៅធ្វើការ លុះមកដល់ចំណុចខាងលើ ក៏ប្រទះឃើញបុរសរូបនោះ ដេកស្តូកស្តឹង ដោយក្អួតធ្លាក់ឈាម ទើបរាយការណ៍ប្រាប់សន្តិសុខ និងនគរបាលមូលដ្ឋាន។
សមត្ថកិច្ច បានឲ្យដឹងថា បុរសអនាថារូបនោះ មិនមាននណា វាយដំនោះទេ គឺក្អួតធ្លាក់ឈាម ដោយសារតែជំងឺប្រចាំកាយ៕