តៃវ៉ាន់ អរគុណរដ្ឋបាល បៃឌិន ដែលយល់ព្រមលក់កាំភ្លើងធំតម្លៃ៧៥០លានដុល្លារ តែចិនព្រមាន ក្រសួងការបរទេសអាមេរិក
បានជូនដំណឹងទៅកាន់សភាពីការយល់ព្រមរបស់ខ្លួនលើគម្រោងទិញកាំភ្លើងធំ Howitzer ធុន M109A6 ចំនួន៤០គ្រឿងដែលមានតម្លៃ៧៥០លានដុល្លារ។ នេះជាការអនុម័តគម្រោងទិញអាវុធរបស់តៃវ៉ាន់លើកដំបូងក្រោមអាណត្តិប្រធានាធិបតី ចូ បៃឌិន ។ សភាអាមេរិក ត្រូវអនុម័តគម្រោងនេះមួយជំហានទៀត។
ក្រៅពីកាំភ្លើងធំ កញ្ចប់ទិញលក់នេះ ក៏បញ្ចូលគ្រាប់ គ្រឿងបរិក្ខារ ការហ្វឹកហាត់ប្រើប្រាស់ ការរៀបចំទីតាំងឈរជើង និងការអភិវឌ្ឍប្រព័ន្ធកាំភ្លើងធំ Howitzer ដែលតៃវ៉ាន់មានស្រាប់ផងដែរ។ ក្រសួងការបរទេសតៃវ៉ាន់ បានអរគុណអាមេរិកដែលយល់ព្រមលក់សព្វាវុធពេលនេះ ដែលនឹងជួយការងារអធិបតេយ្យរបស់ខ្លួនប្រឆាំងការឈ្លានពាន។ ក្រសួងនេះបន្តថា កាំភ្លើងធំនេះ នឹងធានាសមត្ថភាពស្វ័យការពារដ៏រឹងមាំ ក៏ដូចជារក្សាសន្តិសុខ និងសន្តិភាពតំបន់ផងដែរ។
«ប្រឈមមុខការពង្រីកសកម្មភាពយោធារបសចិន រដ្ឋាភិបាលតៃវ៉ាន់នឹងបង្កើនការការពារសន្តិសុខជាតិ ជាមួយនឹងការតាំងចិត្តការពារជីវិតប្រជាជន ក៏ដូចជាការរស់នៅបែបប្រជាធិបតេយ្យ និងសេរីភាពផងដែរ។» ក្រសួងការបរទេសតៃវ៉ាន់បញ្ជាក់បែបនេះនៅថ្ងៃទី៤ ខែសីហា។
ស្របពេលតៃវ៉ាក់រីករាយ ចិនឯណោះកំពុងក្ដៅស្លឹកត្រចៀក។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៥ ខែសីហា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ប្រាប់ទីក្រុងវ៉ាស៊ីនតោនផ្អាកគម្រោងលក់អាវុធនេះ ហើយបញ្ឈប់ទំនាក់ទំនងយោធាជាមួយតៃវ៉ាន់។ មន្ត្រីចិនរូបនេះ សង្កត់ធ្ងន់ថា ចិននឹងចាត់វិធានការតបមិនខាន។
ដូចដឹងស្រាប់ អាមេរិកគ្មានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ឡើយ តែជាខ្នងបង្អែកដ៏ធំរបស់ដែនកោះមួយនេះ ខណៈចិនគំរាមម្ដងជាពីរថា ខ្លួនមិនរអាក្នុងការវាយកាប់កាប់កោះនេះឡើយ។ ចាប់តាំងពីរដ្ឋបាលលោក ដូណាល់ ត្រាំ មក អាមេរិកបានបង្កើនការផ្គត់ផ្គង់សព្វាវុធដល់តៃវ៉ាន់តាំងពីមីស៊ីល ប្រព័ន្ធការពារ និងដ្រូនផង៕