អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ជាឲ្យមន្រ្តីទាំងអស់ ត្រួតពិនិត្យឡើងវិញ ចំពោះការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅបញ្ចាំ

ភ្នំពេញ: អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ជាឲ្យមន្រ្តីទាំងអស់ ត្រួតពិនិត្យឡើងវិញ ចំពោះការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅបញ្ចាំ តាមគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ កន្លែងបញ្ចាំ និងបង់រំលោះអចលនទ្រព្យនានា សម្រាប់ជាថ្នូរលើការផ្តល់ឥណទាន។

បើយោងតាម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្នើទៅដល់ ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈកម្មការដឹកនាំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ស្ដីពី ការដឹកនាំ គាំទ្រវិធានការទប់ស្កាត់អំពីការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅបញ្ចាំនៅកន្លែងប្រកបអាជីវកម្មផ្សេងៗ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងកន្លែងបង់រំលោះអចលនទ្រព្យ ដែលទូរទស្សន៍ហង្សមាសទទួលបាននៅថ្ងៃទី៦ សីហានេះ បានបញ្ជាក់ឲ្យដឹងថា ការក្រើនរំលឹកជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានបានទទួលព័ត៌មានថា មានប្រជាពលរដ្ឋមួយចំនួនបានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅបញ្ចាំនៅ តាមគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ កន្លែងបញ្ចាំ និងបង់រំលោះអចលនទ្រព្យនានា សម្រាប់ជាថ្នូរលើការផ្តល់ឥណទាន។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានគួសបញ្ជាក់ថា កន្លងមកធនាគារជាតិ នៃកម្ពុជា ក៏ធ្លាប់បានចេញសេចក្តីជូនដំណឹង ដល់បណ្តាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និង ប្រតិបត្តិករឥណទានជនបទ ស្តីពីការហាមឃាត់ទទួលយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ធានាលើការផ្ដល់ ឥណទាននេះដែរ ប៉ុន្តែបច្ចុប្បន្ននេះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ប្រតិបត្តិករឥណទានជនបទ កន្លែងបញ្ចាំ និងបង់រំលោះ អចលនទ្រព្យមួយចំនួន នៅតែបន្តទទួលយកការបញ្ចាំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដដែល។ ដូច្នេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមស្នើ ឯកឧត្តម លោកជំទាវ ដឹកនាំ គាំទ្រវិធានការទប់ស្កាត់ចំពោះករណីបញ្ចាំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចាត់ចែងអនុវត្តជាបន្ទាន់៕

អត្ថបទដែលជាប់ទាក់ទង