ជំនន់ទឹកភ្លៀងនៅខេត្តស៊ីឈ័នប្រទេសចិនបាន ធ្វើឱ្យខូចខាតសេដ្ឋកិច្ចជាង៣៨លានដុល្លារ

យោងតាមទូរទស្សន៍រដ្ឋចិន CCTV ភ្លៀងធ្លាក់ខ្លាំងដែលចាប់ផ្ដើមពីថ្ងៃទី៧ ខែសីហា បានប៉ះពាល់ ប្រជាជនចំនួនជាង១២ម៉ឺននាក់ដែលរស់នៅក្នុងតំបន់ចំនួនប្រាំមួយក្នុងខេត្តស៊ីឈួន។ ផ្ទះសម្បែង៤៥ ខ្នងត្រូវដួលរលំ ចំណែកឯផ្ទះចំនួន១១៨ខ្នងទៀតរងការខូចខាតខ្លាំង។ ការខូចខាតផ្នែកសេដ្ឋកិច្ចមានដល់ជាង៣៨លានដុល្លារឯណោះ។

ទន្ទឹមនេះ មជ្ឈមណ្ឌលឧតុនិយមជាតិចិន នៅថ្ងៃទី៨ ខែសីហាបានប្រកាសជាថ្មីពីស្ថានភាពព្យុះភ្លៀង នៅភាគនិរតីនៃប្រទេស។ មជ្ឈមណ្ឌលឧតុនិយមនេះ ទទូចឱ្យអាជ្ញាធរចាត់វិធានការការពារទុកជាមុន និងបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ ការរអិលបាក់ដី ហើយត្រូវកាត់បន្ថយការចេញក្រៅ ទៅតំបន់គ្រោះថ្នាក់។

ខេត្តរងផលប៉ះពាល់រួមមានស៊ីឈ័ន គួយចូវ យូណាន និងទីក្រុងឆុងឈីង ដោយមានភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេល២៤ម៉ោងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែសីហា។ កម្រិតភ្លៀងធ្លាក់នៅតាមតំបន់ខ្លះក្នុងខេត្តក្រុងទាំងនោះ អាចមានរហូតដល់២៣០មីលីម៉ែត្រ។

ការធ្លាក់ភ្លៀងខ្លាំងក្នុងរដូវក្ដៅតែងកើតមានជាញឹកញាប់នៅ។ អ្នកជំនាញចិន បានព្រមានថា ទឹកភ្លៀង ធ្លាក់ខ្លាំងយ៉ាងនេះអាចបង្កគ្រោះថ្នាក់បន្តទៀត។

មុនជំនន់ទឹកភ្លៀងស៊ីឈ័ន ខេត្តហឺណានរបស់ចិនក៏ទើបរងគ្រោះដោយសារទឹកភ្លៀងនេះដែរ។ ទីក្រុងចឹងចូវរបស់ខេត្តហឺណាន ត្រូវជន់លិចដោយទឹកភ្លៀងដែលមានកម្រិតខ្ពស់ជាង៥០០មីលីម៉ែត្រឯណោះ។ ជំនន់លើកនេះ ត្រូវចាត់ទុកជាគ្រោះធម្មជាតិមិនធ្លាប់មានក្នុងខេត្តនេះ។ មនុស្សច្រើនជាង១០០នាក់ បានបាត់បង់ជីវិតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង