ស្វែងយល់! ដំណើរដើមទងនៃសង្រ្គាមរបស់សហរដ្ឋអាមេរិក នៅអាហ្វហ្កានីស្ថាន ពីឆ្នាំ២០០១ ដល់ឆ្នាំ២០២១

(វ៉ាស៊ីនតោន)៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ គឺជាកាលបរិច្ឆេទដែលសហរដ្ឋអាមេរិកត្រូវដកកងទ័ពទាំងអស់ចេញពីប្រទេសអាហ្វហ្កានីស្ថាន តាមបញ្ជារបស់ លោកប្រធានាធិបតី ចូ បៃដិន។ ពិតមែនទៅ ផែនការដកកងទ័ពនេះត្រូវបានសម្រេចឡើង ក្រោមរដ្ឋបាលនៃអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែល បានបញ្ជូនក្រុមមន្ត្រីរបស់លោកទៅជួបចរចាជាមួយក្រុមតាលីបង់ជាច្រើនលើកក្នុងទីក្រុងដូហា ប្រទេសកាតា កាលពីឆ្នាំ២០២០។

លោក ដូណាល់ ត្រាំបានប្ដេជ្ញាចិត្តដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថានឱ្យបានមុនថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ជាថ្នូរឱ្យក្រុមតាលីបង់ផ្ដាច់ទំនាក់ទំនង ជាមួយក្រុមអាល់កៃដា និងបញ្ឈប់ការវាយប្រហារលើកងទ័ពអាមេរិក។ លោក ចូ បៃដិន ពីដំបូងឡើយក៏យល់ព្រមលើកាលបរិច្ឆេទដកទ័ពនេះដែរ ប៉ុន្តែក្រោយមក លោកក៏សម្រេចចិត្តយកថ្ងៃទី៣១ ខែសីហានេះវិញ។ ការសម្រេចចិត្តរបស់លោក បៃដិនជាការបិទបញ្ចប់សង្រ្គាម ២០ឆ្នាំរបស់អាមេរិក នៅអាហ្វហ្កានីស្ថាន ហើយវា ក៏ជាអ្វីដែលប្រជាជនអាមេរិកភាគច្រើនគាំទ្រផងដែរ។

ខាងក្រោមនេះគឺជាដំណើរដើមទង នៃសង្រ្គាមរបស់អាមេរិកនៅអាហ្វហ្កានីស្ថាន ដែលមានភាពជូរចត់បំផុតក្នុងរយៈពេល ២០ឆ្នាំ៖

* ឆ្នាំ២០០១

– នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១, ក្រុមភេរវករអាល់កៃដា បានប្លន់យន្ដហោះ ០៤គ្រឿង ហើយបានបញ្ជាឱ្យយន្ដហោះទាំងនេះ ហោះបុកអគារពាណិជ្ជកម្មពិភពលោក World Trade Center ក្នុងទីក្រុងញូយ៉ក និងមន្ទីរបញ្ចកោណក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី។ ចំណែកឯយន្ដហោះទី ៤ បានធ្លាក់នៅឯទីវាលមួយក្នុងទីក្រុង សាំងវីល (Shanksville), នៃរដ្ឋ ភែនស៊ីលវេនៀ (Pennsylvani)។ មនុស្សជិត ៣,០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារភេរវកម្មនេះ។

នៅក្នុងចំណោមក្រុមភេរវករជាចោរប្លន់យន្ដហោះទាំង ១៩នាក់ មិនមានជនជាតិអាហ្វហ្កានីស្ថានសូម្បីតែម្នាក់ ដោយមាន ១៥នាក់ត្រូវបានគេរាយការណ៍ថា ជាពលរដ្ឋអារ៉ាប៊ីសាអូឌីត។ ក្រោយការវាយប្រហារនេះ អតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែលយូ ប៊ូស បានសន្យាថា យកឈ្នះក្នុងសង្រ្គាមប្រឆាំងភេរវកម្ម ហើយបានស្នើឱ្យរដ្ឋាភិបាលតាលីបង់នៅពេលនោះ «ប្រគល់ខ្លួនមេដឹកនាំអាល់កៃដាទាំងអស់ ឱ្យសហរដ្ឋអាមេរិក បើពុំដូច្នោះទេនឹងមិនរួចខ្លួនជាដាច់ខាត»។

– ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០១, លោកប្រធានាធិបតី ចច ដាប់ប៊ែលយូ ប៊ូស បានចុះហេត្ថលេខាលើដំណោះស្រាយរួមមួយដើម្បីឱ្យវាក្លាយជាច្បាប់អនុញ្ញាតឱ្យប្រើ កងទ័ពប្រឆាំងនឹងអ្នកនៅពីក្រោយការវាយប្រហារលើសហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ដំណោះស្រាយរួមនេះក្រោយមកត្រូវបានបញ្ជាក់ដោយ រដ្ឋបាលលោក ប៊ូស ថាជាហេតុផលស្របច្បាប់មួយឱ្យអាមេរិក សម្រេចចិត្តធ្វើសង្រ្គាមប្រឆាំងភេរវកម្ម, ចូលឈ្លានពានអាហ្វហ្កានីស្ថាន, លួចស្ដាប់ប្រជាជនអាមេរិក ដោយមិនបាច់មានបញ្ជាពីតុលាការ។

– ថ្ងៃទី៧ ខែតុលា ឆ្នាំ២០០១, កងទ័ពអាមេរិកដោយមានការគំាទ្រពីអង់គ្លេស បានចាប់ផ្ដើមទម្លាក់គ្រាប់បែកប្រឆាំងក្រុមតាលីបង់ ដោយប្រតិបត្តិការនេះមានឈ្មោះថា ប្រតិបត្តិការគាំទ្រសេរីភាព (Operation Enduring Freedom)។ កាណាដា, អាល្លឺម៉ង់ និងបារាំងក៏បានសន្យាថា គាំទ្រប្រតិបត្តិការនេះដែរ។ សហរដ្ឋអាមេរិកផ្ដើម ធ្វើសង្គ្រាមដោយការវាយប្រហារតាមផ្លូវអាកាស លើក្រុមអាល់កៃដា និងក្រុមតាលីបង់ ក្រោមកិច្ចសហការជាមួយចលនាប្រឆាំងក្រុមតាលីបង់ នៅអាហ្វហ្កានីស្ថាន ហើយទាល់តែ ១២ថ្ងៃក្រោយការវាយប្រហារតាមផ្លូវអាកាសនេះ ទើបអាមេរិកបើកធ្វើសង្រ្គាមថ្មើរជើង។

– នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០០១, ក្រុមតាលីបង់បានបរាជ័យនៅក្នុងទីក្រុង ម៉ាហ្សា អ៉ី សារីហ្វ (Mazar-e-Sharif) ក្រោមថ្វីដៃកងកម្លាំងដែលស្ម័គ្រស្មោះនឹង មេដឹកនាំយោធាជនជាតិភាគតិចអ៊ូសបេគីស្ថាន លោក អាប់ឌុល រ៉ាស៊ីដ ដូសស្ទូម (Abdul Rashid Dostum)។ មួយសប្ដាហ៍ក្រោយមកទៀត ក្រុមតាលីបង់បាន បាត់បង់ទឹកដីជាបន្តបន្ទាប់ នៅទីក្រុង តាឡូកាន់ (Taloqan), បាមីយ៉ាន់ (Bamiyan), ហ៊ីរ៉ាត់ (Herat), កាប៊ុល និងចាឡាឡាបាដ (Jalalabad)។ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០១ ទើបក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុម័តលើដំណោះស្រាយលេខ ១៣៧៨ ដោយអំពាវនាវឱ្យអង្គការសហប្រជាជាតិមានតួនាទី បង្កើតរដ្ឋាភិបាលអាហ្វហ្កានីស្ថានបណ្ដោះអាសន្ន និងស្នើឱ្យរដ្ឋជាសមាជិកបញ្ជូនកងកម្លាំងរក្សាសន្តិភាព ដើម្បីលើកកម្ពស់ស្ថិរភាព និងផ្ដល់ជំនួយ។

– នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០១, មេដឹកនាំក្រុមអាល់កៃដា អូសាម៉ា ប៊ិន ឡាដិន (Osama bin Laden) បានរត់គេចខ្លួនដោយជិះសេះឆ្ពោះទៅកាន់ប្រទេសប៉ាគីស្ថាន តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងអាហ្វហ្កានីស្ថានចាប់ខ្លួនមនុស្ស ១២នាក់ ដែលស្មោះស្ម័គ្រនឹងមេអាល់កៃដារូបនេះ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ធ្លាប់banអះអាងថា អូសាម៉ា ប៊ិន ឡាដិន កំពុងសម្ងំលាក់ខ្លួនក្នុងរូងភ្នំមួយឈ្មោះ តូរ៉ា បូរ៉ា (Tora Bora) ស្ថិតនៅភាគអាគ្នេយ៍ទីក្រុងកាប៊ុល តែនៅពេលនោះកងទ័ពអាមេរិកមិនបាន ធ្វើសកម្មភាពអ្វីនោះទេ។ ក្រុមអ្នករិះគន់បានចោទសួរថា តើហេតុអ្វីបានជាកងទ័ពអាមេរិក មិនលូកដៃចូលចាប់ខ្លួន ប៊ិន ឡាដិន តែម្ដងទៅ?

– ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០១, តួអង្គសំខាន់ៗនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៊ន (Bonn) ប្រទេសអាល្លឺម៉ង់ដែលអនុម័តដោយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក្រោមដំណោះស្រាយលេខ ១៣៨៣។ ការចុះហត្ថលេខានេះ ធ្វើឡើងបន្ទាប់ពីអង្គការសហប្រជាជាតិបាន
កោះអញ្ជើញតួអង្គសំខាន់ៗនៅអាហ្វហ្កានីស្ថាន ជាពិសេសគឺកងកម្លាំងប្រឆាំងក្រុមតាលីបង់ ឱ្យចូលរួមក្នុងសន្និសីទមួយក្នុងទីក្រុង ប៊ន (Bonn) ក្រោយការដួលរំលំទីក្រុងកាប៊ុល នៅខែវិច្ឆិកា ឆ្នាំ២០០១។

នៅក្រោមកិច្ចព្រមព្រៀងទីក្រុង Bonn លោក ហាមីដ កាហ្សៃ (Hamid Karzai) ត្រូវបានតែងតាំងជាប្រធានរដ្ឋបាលអាហ្វហ្កានីស្ថានបណ្ដោះអាសន្ន ហើយបង្កើតកងកម្លាំងរក្សាសន្តិភាពអន្តរជាតិមួយ ដើម្បីថែរក្សាសន្តិសុខទីក្រុងកាប៊ុល។

– ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០១, របបដឹកនាំតាលីបង់បានដួលរលំទាំងស្រុង ក្រោយមេដឹកនាំរបស់ខ្លួនឈ្មោះ មុលឡា អ៊ូមើត (Mullah Omar) បានរត់ចេញពីទីក្រុង Kandahar។ តែទោះជារបបតាលីបង់ដួលរលំក៏ដោយ ក៏មេដឹកនាំអាល់កៃដា ប៊ិនឡាដិន នៅតែបន្តសំងំលាក់ខ្លួនដដែល។

* ឆ្នាំ២០០២

– នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០២, ប្រធានាធិបតី ចច ដាប់ប៊ែល យូប៊ូស បានអំពាវនាវឱ្យមានការកសាងប្រទេសអាហ្វហ្កានីស្ថានឡើងវិញ នៅក្នុងសុន្ទរកថាមួយ នៅឯវិទ្យាស្ថានយោធាវ៉ើជីនៀ (Virginia Military Institute)។ លោក ប៊ូស បានលើកឡើងដូច្នេះថា «យើងកំពុងធ្វើការនៅក្រោមផែនការរបស់លោក ចច ម៉ាសល (George Marshall) ដើម្បី ជួយកសាងអាហ្វហ្កានីស្ថានដែលត្រូវបានរំដោះពីពួកបិសាច ហើយនឹងក្លាយជាកន្លែងដ៏ប្រសើរមួយសម្រាប់ការរស់នៅ»។ ផែនការរបស់លោក George Marshall ឬគេស្គាល់ជាទូទៅថាប្លង់ Marshall គឺជាផែនការផ្ដល់ជំនួយហិរញ្ញវត្ថុ ដែលអាមេរិកធ្លាប់ប្រើដើម្បីកសាងអឺរ៉ុបខាងលិចក្រោយសង្រ្គាមលោកលើកទី២។ ប៉ុន្តែអាមេរិក និងសហគមន៍អន្តរជាតិ មិនអាចចំណាយប្រាក់ដូចដែលខ្លួនធ្លាប់ចំណាយ លើផែនការ Marshall ក្នុងការជួយកសាងអាហ្វហ្កានីស្ថានឡើងវិញនោះឡើយ។ សភាអាមេរិកបានអនុម័តផ្ដល់ជំនួយមនុស្សធម៌ និងជំនួយកសាងប្រទេស «៣៨ពាន់លានដុល្លារ» ដល់អាហ្វហ្កានីស្ថានពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៩។

– ខែមិថុនា ឆ្នាំ២០០២, លោក Hamid Karzai ដែលកាន់តំណែងជាប្រធានរដ្ឋបាលបណ្ដោះអាសន្នអាហ្វហ្កានីស្ថានតាំងពីខែធ្នូ ឆ្នាំ២០០១ ត្រូវបានតែងតាំងជាប្រមុខ រដ្ឋាភិបាលបណ្ដោះអាសន្នអាហ្វហ្កានីស្ថាន។ ការតែងតាំងនេះធ្វើឡើង កំឡុងកិច្ចប្រជុំបន្ទាន់មួយក្នុងទីក្រុងកាប៊ុល ដោយមានប្រតិភូ ១,៥៥០នាក់ចូលរួម។

* ឆ្នាំ២០០៣

– នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៣, កំឡុងថ្លែងសុន្ទរកថាខ្លីមួយ ទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងកាប៊ុល អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ដូណាល់ រុំាស្វែល (Donald Rumsfeld) បានប្រកាសបិទបញ្ចប់ការប្រយុទ្ធទ្រង់ទ្រាយធំ ហើយការប្រកាសនេះទៀតសោត ធ្វើឡើងគាប់ជួននឹងពេលដែលលោក ប៊ូស ប្រកាសបិទបញ្ចប់សង្រ្គាមនៅអ៉ីរ៉ាក់។ តែអាមេរិកនៅតែបន្តរក្សាកងទ័ពឱ្យឈរជើង នៅអាហ្វហ្កានីស្ថានដដែល។

* ឆ្នាំ២០០៤

– នៅខែមករា ឆ្នាំ២០០៤, ក្រុមប្រតិភូអាហ្វហ្កានីស្ថានចំនួន ៥០២នាក់ បានឯកភាពគ្នាលើការបង្កើតរដ្ឋធម្មនុញ្ញមួយសម្រាប់អាហ្វហ្កានីស្ថាន ដោយសម្រេចបង្កើតប្រព័ន្ធដឹកនាំប្រទេស តាមបែបប្រធានាធិបតីនិយម។ សកម្មភាពនេះត្រូវបានអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចចាត់ទុកថា ជាការបោះជំហានជាវិជ្ជមាន ឆ្ពោះទៅរកប្រជាធិបតេយ្យ។

– ថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៤, ជាប្រវត្តិសាស្ត្រសម្រាប់អាហ្វហ្កានីស្ថាន ដោយលោក Hamid Karzai បានក្លាយជាប្រធានាធិបតីដំបូងគេបំផុតតាមរយៈការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ។ លោក Hamid Karzai ទទួលបានសំឡេងគាំទ្រ ៥៥ភាគរយ តែគូប្រជែងរបស់លោកបានចោទប្រកាន់ថា ការបោះឆ្នោតនេះត្រូវបានលួចបន្លំ។

– ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤, មេដឹកនាំក្រុមអាល់កៃដា អូសាម៉ា ប៊ិន ឡាដិន បានលេចមុខជាលើកដំបូងក្នុងវីដេអូមួយ ដែលចេញផ្សាយតែ ៣សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោតនៅអាហ្វហ្កានីស្ថាន និងប៉ុន្មានថ្ងៃមុននឹងលោក ចច ដាប់ប៊ែលយូ ប៊ូស ជាប់ឆ្នោតជាប្រធានាធិបតីជាថ្មីនៅអាណត្តិទី ២ របស់លោក។ នៅក្នុងវីដេអូនេះ ដែលចាក់ផ្សាយតាមទូរទស្សន៍ Al Jazeera អូសាម៉ា ប៊ិនឡាដិន បាននិយាយចំអកឱ្យរដ្ឋបាលលោក ប៊ូស ហើយប្រកាសទទួលខុសត្រូវ ចំពោះការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។

* ឆ្នាំ២០០៥

– ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០៥, ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Hamid Karzai និងលោកប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែលយូ ប៊ូស បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដែលប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំង២។ តាមរយៈសេចក្ដីថ្លែងការណ៍នេះ អាមេរិកមានសិទ្ធិប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ យោធាអាហ្វហ្កានីស្ថាន ព្រមទាំងជួយបណ្ដុះបណ្ដាលកងទ័ពអាហ្វហ្កានីស្ថានផងដែរ។

– នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០៥, ប្រជាជនអាហ្វហ្កានីស្ថានច្រើនជាង ៦លាននាក់បានចូលរួមនៅក្នុងការបោះឆ្នោតសភា ដែលត្រូវបានចាត់ទុកថាជាការបោះឆ្នោត មួយតាមបែបប្រជាធិបតេយ្យដ៏ធំបំផុត មិនធ្លាប់មាននៅអាហ្វហ្កានីស្ថាន។ ពោលគឺអ្នកដែលចូលរួមក្នុងការបោះឆ្នោតនេះ មានជាងពាក់កណ្ដាលជាស្ត្រី។

* ឆ្នាំ២០០៦

– ខែកក្កដា ឆ្នាំ២០០៦, អំពើហិង្សាបានកើនឡើងយ៉ាងគំហុក ក្នុងប្រទេសអាហ្វហ្កានីស្ថាន។ ចំនួនវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតបានកើនឡើង ៤ដង ពី ២៧លើក ក្នុងឆ្នាំ២០០៥ ដល់ ១៣៩លើកក្នុងឆ្នាំ២០០៦ ខណៈការបញ្ជាបំផ្ទុះគ្រាប់បែកពីចម្ងាយ កើនឡើងទ្វេដងដល់ទៅ ១,៦៧៧នាក់។

– ខែវិច្ឆិកា ឆ្នាំ២០០៦, នៅឯកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុង Riga នៃប្រទេសឡេតូនី មានការខ្វែងគំនិតគ្នាបានផ្ទុះឡើងនៅក្នុងចំណោមរដ្ឋជាសមាជិកជុំវិញ ការប្ដេជ្ញាចិត្តចំពោះអាហ្វហ្កានីស្ថាន។ អតីតអគ្គលេខាធិការអង្គការអង្គការ NATO លោក ហ្សាប ឌឺ ហ៊ូប សែហ្វហ្វឺ (Jaap de Hoop Scheffer) បានកំណត់គោលដៅ ឱ្យកងកម្លាំងសន្តិសុខអាហ្វហ្កានីស្ថាន ចាប់ផ្ដើមគ្រប់គ្រងសន្តិសុខដោយខ្លួនឯង នៅឆ្នាំ២០០៨ ហើយប្រទេសជាសមាជិក NATO ជាច្រើនក៏ចាប់ផ្ដើមដកខ្លួនបន្តិចៗ ម្ដងពីអាហ្វហ្កានីស្ថាន។ អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Robert Gates នៅចុងឆ្នាំ២០០៧ បានរិះគន់យ៉ាងខ្លាំងលើសមាជិក NATO ដែលមិនព្រមបញ្ជូនទ័ព បន្ថែមមកកាន់អាហ្វហ្កានីស្ថាន។

* ឆ្នាំ២០០៧

– នៅខែឧសភា ឆ្នាំ២០០៧, មេបញ្ជាការក្រុមតាលីបង់ដ៏សំខាន់ម្នាក់ឈ្មោះ មុលឡា ដាឌុលឡា (Mullah Dadullah) ត្រូវបានសម្លាប់នៅក្នុងការប្រតិបត្តិការយោធា រួមគ្នារវាងអាហ្វហ្កានីស្ថាន សហរដ្ឋអាមេរិក និងអង្គការ NATO នៅភាគខាងត្បូងនៃប្រទេសអាហ្វហ្កានីស្ថាន។ មុលឡា ដាឌុលឡា ត្រូវបានគេជឿជាក់ថា ជាមេដឹកនាំសង្រ្គាមរបស់ក្រុមតាលីបង់ក្នុងខេត្ត Helmand។

* ឆ្នាំ២០០៨

– នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៨, ការស៊ើបអង្កេតរបស់អាហ្វហ្កានីស្ថាន និងអង្គការសហប្រជាជាតិបានរកឃើញថា កងទ័ពអាមេរិកមានជាប់ពាក់ព័ន្ធនឹង ការសម្លាប់ជនស៊ីវិលជាច្រើននាក់ នៅក្នុងស្រុក Shindand នៃខេត្ត Herat។ ប្រធានាធិបតីលោក Hamid Karzai បានថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើព្រៃផ្សៃបែបនេះ ខណៈក្រុមតាលីបង់ចេញមុខបរិហាអាមេរិក និងលោកខាងលិចថា គ្មានសមត្ថភាពការពារប្រជាជនស៊ីវិល។

* ឆ្នាំ២០០៩

– នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៩, ប្រធានាធិបតីអាមេរិកថ្មីនៅកាលណោះ លោក បារ៉ាក់ អូបាម៉ា បានប្រកាសពីផែនការបញ្ជូនកងទ័ពបន្ថែមរាប់ពាន់នាក់ ទៅកាន់ តំបន់សង្រ្គាម ដោយក្នុងនោះផ្ដោតជាសំខាន់លើអាហ្វហ្កានីស្ថាន ដែលលោកផ្ទាល់ចាត់ទុកថាជាដៃគូដ៏សំខាន់របស់អាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ។ គិតត្រឹមខែមករា ឆ្នាំ២០០៩ សហរដ្ឋអាមេរិកមានកងទ័ពជាង ៣៧,០០០នាក់ឈរជើងនៅអាហ្វហ្កានីស្ថាន។

– នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩, លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានប្រកាសពីផែនការយុទ្ធសាស្ត្រថ្មីមួយ ដោយភ្ជាប់ភាពជោគជ័យនៅក្នុងប្រទេស អាហ្វហ្កានីស្ថាន ទៅនឹងស្ថិរភាពក្នុងប្រទេសប៉ាគីស្ថាន។ តាមរយៈផែនការនេះ អាមេរិកមានគោលដៅកម្ចាត់ និងបំផ្លាញជម្រកជ្រកកោនរបស់អាល់កៃដា នៅប៉ាគីស្ថាន ព្រមទាំងរារាំងមិនឱ្យពួកភេរវករ ចេញពីប៉ាគីស្ថានចូលទៅអាហ្វហ្កានីស្ថាន។

– នៅខែកក្កដា ឆ្នាំ២០០៩, ទាហានម៉ារីនអាមេរិកបានបើកប្រតិបត្តិការវាយលុកមួយនៅភាគខាងត្បូង នៃប្រទេសអាហ្វហ្កានីស្ថានជាការធ្វើតេស្ដដ៏ធំលើយុទ្ធសាស្ត្រថ្មី មួយប្រឆាំងក្រុមតាលីបង់របស់យោធាអាមេរិក។ យុទ្ធសាស្ត្រថ្មីនេះ មានទាហានម៉ារីនអាមេរិកជាង ៤,០០០នាក់ចូលរួម ស្របពេលក្រុមតាលីបង់ កាន់តែជឿនលឿនទៅមុខ ជាពិសេសនៅក្នុងខេត្ត Helmand។

– នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៩, ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Hamid Karzai បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលត្រូវរៀបចំឡើងដល់ទៅ ២លើក ដោយសារតែការបោះឆ្នោតកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំដដែលនោះត្រូវបានគូប្រជែងរបស់លោក Karzai គឺលោក អាប់ឌុលឡោះ អាប់ឌុលឡោះ (Abdullah Abdullah) និងលោក អាស្រាហ្វ ហ្កានី (Ashraf Ghani) ចោទថា ត្រូវបានលួចបន្លំ។

ដោយមានសម្ពាធពីអន្តរជាតិ លោក Karzai បានយល់ព្រមរៀបចំការបោះឆ្នោតជុំថ្មីចុងក្រោយ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៩ ហើយពេលនោះឯងលោក Karzai គឺជាអ្នកទទួលជ័យជំ្នះ ដោយសារតែលោក អាប់ឌុលឡោះ បានដកខ្លួនចេញពីការប្រកួតប្រជែងនេះ។ ការបោះឆ្នោតនេះត្រូវបានគេមើលឃើញមានភាពមិនប្រក្រតី ហើយក៏មានការសង្ស័យពីភាពស្របច្បាប់ នៃជ័យជម្នះរបស់លោក Karzai ផងដែរ។ ប៉ុន្តែ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចមិនបានថាអ្វីឡើយ ដោយគ្រាន់តែស្នើឱ្យមានការកែលម្អ អភិបាលកិច្ចតែប៉ុណ្ណោះ។

* ឆ្នាំ២០១០

– នៅខែវិច្ឆិកា ឆ្នាំ២០១០, នៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្កាល់ បណ្ដាប្រទេសជាសមាជិកអង្គការ NATO បានចុះហត្ថលេខាលើ សេចក្ដីថ្លែងការណ៍មួយ ដោយយល់ព្រមប្រគល់ការទទួលខុសត្រូវទាំងស្រុង លើសន្តិសុខក្នុងប្រទេសអាហ្វហ្កានីស្ថាន ទៅឱ្យកងកម្លាំងអាហ្វហ្កានីស្ថាន នៅចុងឆ្នាំ២០១៤។ ការសម្រេចចិត្តនេះឯង គឺជាការត្រួសត្រាយផ្លូវឱ្យអាមេរិក និង NATO ដកខ្លួនបន្តិចម្ដងៗពីអាហ្វហ្កានីស្ថាន។

* ឆ្នាំ២០១១

– ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១១, មេដឹកនាំអាល់កៃដា អូសាម៉ា ប៊ិន ឡាដិន ត្រូវបានកងកម្ម៉ង់ដូរពិសេសអាមេរិក សម្លាប់នៅក្នុងប្រទេសប៉ាគីស្ថាន។ តែព្រមពេល
ជាមួយគ្នា ប្រតិបត្តិការប្រមាញ់ ប៊ិនឡាដិន នេះបានធ្វើឱ្យទំនាក់ទំនងរវាងអាមេរិក និងប៉ាគីស្ថានស្គាល់ភាពតានតឹងមកទល់នឹងបច្ចុប្បន្ន ដោយសារតែអាជ្ញាធរ ប៉ាគីស្ថានចោទថាអាមេរិកបានដឹកនាំប្រតិបត្តិការនេះ ដោយមិនបានសុំសហការជាមួយខ្លួន។ មិនតែប៉ុណ្ណោះ ការស្លាប់របស់ ប៊ិនឡាដិន ក៏ចាប់ផ្ដើមបង្កឱ្យមានការចោទសួរថា តើអាមេរិកចាំបាច់ត្រូវបន្តធ្វើសង្រ្គាម នៅអាហ្វហ្កានីស្ថានទៀតដែរ ឬក៏យ៉ាងណា?

– ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១១, លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានប្រកាសពីផែនការកាត់បន្ថយចំនួនកងទ័ពអាមេរិកជាង ៣,០០០នាក់ នៅអាហ្វហ្កានីស្ថាន ឱ្យបានមុនរដូវក្ដៅឆ្នាំ២០១២។ ការសម្រេចចិត្តបែបនេះរបស់លោក អូបាម៉ា ធ្វើឡើងបន្ទាប់ពីការស្ទង់មតិជាច្រើនបង្ហាញថា ប្រជាជនអាមេរិកភាគច្រើនមិនគាំទ្រឱ្យអាមេរិក បន្តធ្វើសង្រ្គាមនៅក្រៅប្រទេស។

* ឆ្នាំ២០១២

– នៅខែមករា ឆ្នាំ២០១២, ក្រុមតាលីបង់បានបង្កើតការិយាល័យតំណាងមួយ នៅក្នុងប្រទេសកាតា ដើម្បីបើកផ្លូវរៀបចំកិច្ចចរចាជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែ ២ខែក្រោយមក ក្រុមតាលីបង់បានលុបចោលរាល់កិច្ចចរចាជាមួយអាមេរិក ដោយចោទថា ទីក្រុងវ៉ាស៊ីនតោនមិនបានគោរពតាមពាក្យសន្យា ជុំវិញការដោះដូរអ្នកទោស ហើយបានបង្កើនការវាយប្រហារ លើកងទ័ពបរទេសនៅអាហ្វហ្កានីស្ថាន។

* ឆ្នាំ២០១៣

– នៅថ្ងៃមិថុនា ឆ្នាំ២០១៣ អង្គការ NATO បានប្រគល់ការទទួលខុសត្រូវលើសន្តិសុខទូទាំងប្រទេសអាហ្វហ្កានីស្ថានឱ្យកងកម្លាំងអាហ្វហ្កានីស្ថាន ហើយងាកមកផ្ដោត លើការបណ្ដុះបណ្ដាលយោធាអាហ្វហ្កានីស្ថាន និងកងកម៉្មង់ដូរពិសេសប្រឆាំងភេរវកម្ម។ ការប្រគល់សិទ្ធិគ្រប់សន្តិសុខនេះ ធ្វើឡើងក្នុងថ្ងៃតែមួយដែលតាលីបង់ និងក្រុមមន្ត្រីអាមេរិកប្រកាសពីការចាប់ផ្ដើម កិច្ចចរចាឡើងវិញក្នុងទីក្រុងដូហា ប្រទេសកាតា ខណៈក្រុមអ្នកជំនាញយល់ថាការចរចានេះ និងការអនុញ្ញាតឱ្យ តាលីបង់បើកការិយាល័យតំណាងនៅដូហា មានន័យថាអាមេរិកបានចាប់ផ្ដើមទទួលស្គាល់ និងផ្ដល់ភាពស្របច្បាប់ដល់តាលីបង់។

* ឆ្នាំ២០១៤

-នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤, លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានប្រកាសពីកាលបរិច្ឆេទដកកងទ័ពអាមេរិកមួយភាគធំចេញពីអាហ្វហ្កានីស្ថាន ឱ្យបានមុនឆ្នាំ២០១៦។ ក្រុមអ្នកជំនាញជាច្រើននៅពេលនោះ យល់ថាការសម្រេចចិត្តរបស់លោក បារ៉ាក់ អូបាម៉ាគឺជាផ្នែកមួយនៃការប្ដូរយុទ្ធសាស្ត្រងាកមកផ្ដោត សំខាន់លើតំបន់អាស៊ី ជាទីដែលឥទ្ធិពលចិនរីកកាន់តែធំ។

* ឆ្នាំ២០១៧

– នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧, ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យកងទ័ពអាមេរិកទម្លាក់ «ម៉ែគ្រាប់បែក» លើមូលដ្ឋានរបស់ពួក ISIS នៅក្នុងខេត្ត Nangarhar ប្រទេសអាហ្វហ្កានីស្ថាន។ ការទម្លាក់គ្រាប់បែកនេះបានបង្កឱ្យមានការសង្ស័យជាច្រើនថាអាមេរិកមានបំណងបង្កើនសកម្មភាពយោធានៅ អាហ្វហ្កានីស្ថានឡើងវិញ។

– នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧, លោក ដូណាល់ ត្រាំ បានថ្លែងសុន្ទករថាមួយចំនួនដែលធ្វើឱ្យគេយល់ថាលោកមានបំណងបន្តធ្វើសង្រ្គាមនៅអាហ្វហ្កានីស្ថាន។ លោក ត្រាំ ធ្លាប់បាននិយាយថាការសម្រេចចិត្តដកកងទ័ពអាមេរិក គឺអាស្រ័យទៅលើស្ថានភាពជាក់ស្ដែង មិនមែនអាស្រ័យលើកាលបរិច្ឆេទនៃការកំណត់ពេលវេលា ដកទ័ពនោះទេ។

* ឆ្នាំ២០១៨

– នៅខែមករា ឆ្នាំ២០១៨, ក្រុមតាលីបង់បានបើកការវាយប្រហារជាបន្តបន្ទាប់ នៅក្នុងទីក្រុងកាប៊ុល ដោយផ្ដាច់ជីវិតមនុស្សច្រើនជាង ១១៥នាក់ ហើយការវាយប្រហារនេះកើតឡើង ខណៈរដ្ឋបាលលោក ត្រាំ ដាក់ចេញផែនការដាក់ពង្រាយកងទ័ពអាមេរិក ទៅកាន់តំបន់ជនបទនៅទូទាំងប្រទេសអាហ្វហ្កានីស្ថាន ដើម្បីប្រឹក្សាយោបល់ ដល់កងទ័ពអាហ្វហ្កានីស្ថាន ក្នុងការដឹកនាំការវាយប្រហារតាមផ្លូវអាកាសកម្ទេចដំណាំអាភៀន ដែលជាប្រភពចំណូលរបស់តាលីបង់។

* ឆ្នាំ២០១៩

– នៅខែកុម្ភៈ ឆ្នាំ២០១៩, សហរដ្ឋអាមេរិក និងក្រុមតាលីបង់បានចាប់ផ្ដើមបើកកិច្ចចរចាឡើងវិញនៅក្នុងទីក្រុងដូហា ដោយមានការចូលរួមពីបេសកជនពិសេស អាមេរិកលោក Zalmay Khalilzad និងមេដឹកនាំតាលីបង់លោក Mullah Abdul Ghani។ នៅក្នុងកិច្ចប្រជុំនេះសហរដ្ឋអាមេរិកយល់ព្រមដកកងទ័ពចេញពី អាហ្វហ្កានីស្ថាន ជាថ្នូរឱ្យក្រុមតាលីបង់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងបញ្ឈប់ការវាយប្រហារលើកងទ័ពអាមេរិក។

– ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩, លោក ដូណាល់ ត្រាំ ស្រាប់តែបញ្ឈប់កិច្ចចរចាសន្តិភាពភ្លាមៗ ជាមួយក្រុមតាលីបង់ បន្ទាប់ពីបេសកជនពិសេសអាមេរិក លោក Zalmay Khalilzad ប្រកាសពីការឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់ ជាមួយមេដឹកនាំតាលីបង់។ លោក ត្រាំ បានបញ្ជាក់លើ Twitter ថាលោកបានសម្រេចចិត្ត លុបចោលកិច្ចប្រជុំសម្ងាត់ជាមួយតាលីបង់ និងលោកអតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន អាស្រាហ្វ ហ្កានី នៅឯមូលដ្ឋានយោធាមេរិក Camp David ក្រោយទាហាន អាមេរិកម្នាក់ស្លាប់ក្នុងការវាយប្រហាររបស់តាលីបង់។ ក្រុមតាលីបង់បានអះអាងថាខ្លួននឹងតែបន្តប្ដេជ្ញាចិត្តចូលរួមក្នុងកិច្ចចរចា ប៉ុន្តែព្រមានថាការលុបចោល កិច្ចចរចានេះនឹងបង្កឱ្យមានមនុស្សស្លាប់កាន់តែច្រើន។

* ឆ្នាំ២០២០

– នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០, បេសកជនពិសេសអាមេរិក លោក Zalmay Khalilzad និងមេដឹកនាំក្រុមតាលីបង់ លោក Mullah Abdul Ghani បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលនឹងក្លាយជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន និងធានាឱ្យបានថាតាលីបង់ នឹងមិនអនុញ្ញាតឱ្យអាហ្វហ្កានីស្ថានក្លាយជាឋានសួគ៌សម្រាប់ក្រុមភេរវករ។ កិច្ចព្រមព្រៀងក៏មានបញ្ចូលកិច្ចរចារវាងតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្កានីស្ថានរបស់ លោក ហ្កានីផងដែរ ប៉ុន្តែលោក ហ្កានីផ្ទាល់បាននិយាយថាក្រុមតាលីបង់ត្រូវតែទទួលយកលក្ខខណ្ឌនៃរដ្ឋាភិបាលរបស់លោកជាមួយមុនសិន មុនចូលរួមក្នុង កិច្ចចរចា។

ម្យ៉ាងវិញទៀត កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងតាលីបង់ មិនបានរាប់បញ្ចូលបទឈប់បាញ់នោះទេ ហើយប៉ុន្មានថ្ងៃក្រោយចុះហត្ថលេខា ក្រុមអ្នកប្រយុទ្ធ តាលីបង់បានបើកការវាយលុកលើកងទ័ពអាហ្វហ្កានីស្ថាន។ ជាការឆ្លើយតប សហរដ្ឋអាមេរិកបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើក្រុមតាលីបង់ ក្នុងខេត្ត Helmand។

– ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០, អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិកស្ដីទី លោក Christopher C. Miller បានប្រកាសពីការដកកងទ័ពអាមេរិក ២,៥០០នាក់ចេញពី អាហ្វហ្កានីស្ថាន ឱ្យបានមុនពាក់កណ្ដាលខែមករា ឆ្នាំ២០២១ ពោលគឺប៉ុន្មានថ្ងៃប៉ុណ្ណោះមុនលោក ចូ បៃដិនឡើងស្បថកាន់តំណែងជាប្រធានាធិបតីអាមេរិកថ្មី។

* ឆ្នាំ២០២១

– នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១, ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីការដកកងទ័ពអាមេរិកទាំងអស់ដែលនៅសល់ប្រមាណជា ៣,៥០០នាក់ ចេញពីប្រទេសអាហ្វហ្កានីស្ថាន ឱ្យបានមុនថ្ងៃទី៣១ ខែសីហានេះ ពោលគឺធ្វើឱ្យបានមុនខួបវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដោយមិនបានអនុវត្ត តាមកាលបរិច្ឆេទដែលលោក ត្រាំ និងក្រុមលីបង់បានឯកភាពគ្នានោះទេ។

– ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១, រដ្ឋាភិបាលអាហ្វហ្កានីស្ថាន បានដួលរលំភ្លាមៗក្រោយក្រុមតាលីបង់សម្រុកចូលរដ្ឋធានីកាប៊ុល។ មន្ត្រីចារកម្មអាមេរិកធ្លាប់បាន សន្និដ្ឋានថារដ្ឋាភិបាលកាប៊ុល អាចនឹងដួលរលំក្នុងរយៈពេល៦ខែ ក្រោយកងទ័ពអាមេរិកដកចេញ ហើយក្រោយមកថានឹងត្រូវដួលរំលំក្នុងរយៈពេល ៩០ថ្ងៃ។ តែមិន ដល់១០ថ្ងៃផង រដ្ឋាភិបាលអាហ្វហ្កានីស្ថានបែរជាត្រូវដួលរលំ ដោយមិនបានច្បាំងតទល់ជាមួយក្រុមតាលីបង់ឡើយ។ ការដួលរលំរបស់អាហ្វហ្កានីស្ថានយ៉ាងឆាប់រហ័សបែបនេះ ធ្វើឱ្យលោក បៃដិន ទទួលរងការរិះគន់យ៉ាងខ្លាំង។

ប៉ុន្តែ លោក បៃដិន បានការពារការសម្រេចចិត្តរបស់លោក ហើយថាការដកទ័ពចេញជាការបិទបញ្ចប់សង្រ្គាមមិនចប់របស់អាមេរិកនៅអាហ្វហ្កានីស្ថាន ហើយ ណាមួយគោលដៅពិតប្រាកដក៏ត្រូវធ្វើបានសម្រេចដែរ នោះគឺការតាមសម្លាប់មេដឹកនាំអាល់កៃដា ប៊ិនឡាដិន ដោយជោគជ័យ។

– ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១, ទាហានអាមេរិក ១៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ពួក ISIS នៅឯអាកាសយានដ្ឋាន ទីក្រុងកាប៊ុល ហើយបច្ចុប្បន្នរដ្ឋបាលលោក បៃដិន នៅតែបន្តជម្លៀសពលរដ្ឋអាមេរិក និងកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្កានីស្ថាន ឱ្យបានមុនថ្ងៃផុតកំណត់គឺនៅ ថ្ងៃទី៣១ ខែសីហាសប្ដាហ៍នេះ។

– ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ (ពេលវេលានៅអាមេរិក ត្រូវថ្ងៃទី៣១ ខែសីហា ពេលវេលានៅអាស៊ី) សហរដ្ឋអាមេរិកបានប្រកាសថា ការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានវិញ ត្រូវបានបញ្ចប់ទៅទាំងស្រុងហើយ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) បាននិយាយថា ការទទួលស្គាល់ភាពស្របច្បាប់ នៃរដ្ឋាភិបាលរបស់ក្រុមតាលីបង់ នៅត្រូវរង់ចាំមើលសិនថា តើពួកគេពិតជាបានគោរពតាមពាក្យសន្យា ឬប្រព្រឹត្តទង្វើដែលស័ក្តិសម នឹងទទួលបានការគាំទ្រនេះដែរ ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១។

– តាមរយៈសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១(ម៉ោងនៅវ៉ាស៊ីនតោន) ប៉ុន្មានម៉ោងក្រោយជើងយន្ដហោះអាមេរិកចុងក្រោយបំផុត ចាកចេញពីរដ្ឋធានីកាប៊ុល ជានិមិត្តរូបនៃការបញ្ចប់ជាផ្លូវការនូវ សង្រ្គាមរយៈពេល ២០ឆ្នាំរបស់សហរដ្ឋអាមេរិក ក្នុងប្រទេសអាហ្វហ្កានីស្ថាន លោក Antony Blinken ក៏បានសង្កត់ធ្ងន់ផងដែរថា ក្រុមតាលីបង់ត្រូវតែគោរព និងអនុវត្តតាមពាក្យសន្យារបស់ពួកគេ ក្នុងការផ្ដល់សិទ្ធិសេរីភាពនៃការធ្វើដំណើរ, គោរពសិទ្ធិស្ត្រី និងជនជាតិដើមភាគតិច ហើយមិនត្រូវអនុញ្ញាតឱ្យអាហ្វហ្កានីស្ថាន ក្លាយជាមូលដ្ឋានរបស់ពួកភេរវករជាដាច់ខាត។

– សហរដ្ឋអាមេរិកបច្ចុប្បន្ន បានផ្អាកបេសកកម្មការទូត នៅក្នុងរដ្ឋធានីកាប៊ុលជាបណ្ដោះអាសន្ន ចាប់ពី៣០ ខែសីហា ឆ្នាំ២០២១ តទៅ ហើយផ្ទេរប្រតិបត្តិការការទូតនេះទៅប្រទេសកាតា។

– បើតាមរបាយការណ៍ចុងក្រោយ មនុស្សសរុបជាង ១២២,០០០នាក់ ត្រូវបានជម្លៀសចេញពីអាហ្វហ្គានីស្ថាន តាមរយៈអាកាសយានដ្ឋានអន្តរជាតិ ហាមីដ កាហ្សៃ (Hamid Kazai) នៃទីក្រុងកាប៊ុល តាំងតែពីថ្ងៃទី១៤ ខែសីហា មកម្ល៉េះ គឺមួយថ្ងៃមុនក្រុមតាលីបង់ ចូលមកគ្រប់គ្រងទីក្រុងកាប៊ុលទាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង