ចិន អះអាងថាខ្លួនធ្វើ «ប្រតិបត្តិការល្បាត» ជុំវិញកោះតៃវ៉ាន់

(ប៉េកាំង)៖ យោធាចិនបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបាន «ធ្វើប្រតិបត្តិការល្បាតពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ» នៅក្នុងសមុទ្រ និងដែនអាកាស ជុំវិញ កោះតៃវ៉ាន់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាមួយការសង្កត់ធ្ងន់ថាវាចាំបាច់ត្រូវតែសកម្មភាពឆ្លើយតបទៅការគប់គិត រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍មួយ យោធាចិនបានបញ្ជាក់ថា ខ្លួនបាន និងកំពុងបន្តពង្រឹងការហ្វឹកហ្វឺន និងការត្រៀមលក្ខណៈសម្រាប់ប្រយុទ្ធ ហើយនឹងរារាំង ការជ្រៀតជ្រែកពីកងកម្លាំងខាងក្រៅណាមួយ ឬការស្វែងរកឯករាជ្យភាពតៃវ៉ាន់។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់យោធាចិន បានធ្វើឡើងក្រោយពេលដែលតៃវ៉ាន់បានចោទប្រកាន់អំពីសកម្មភាពលុកលុយរបស់កងទ័ពអាកាសចិន ចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន ហើយតៃវ៉ាន់បានប្រើយន្តហោះចម្បាំង ហោះប្រដេញព្រមានយន្តហោះចិនទាំងនោះវិញ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង