រដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe បានព្រមានអាមេរិកថា ទីក្រុងប៉េកាំងនឹងមិនស្ទាក់ស្ទើរក្នុងការចាប់ផ្តើមសង្គ្រាមនោះទេ ប្រសិនតៃវ៉ាន់ប្រកាសឯករាជ្យ។ ការព្រមាននេះកើតឡើងអំឡុងកិច្ចប្រជុំទល់មុខគ្នារវាងរដ្ឋមន្ត្រីការពារជាតិចិន និងរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin…
រដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe បានព្រមានអាមេរិកថា ទីក្រុងប៉េកាំងនឹងមិនស្ទាក់ស្ទើរក្នុងការចាប់ផ្តើមសង្គ្រាមនោះទេ ប្រសិនតៃវ៉ាន់ប្រកាសឯករាជ្យ។
ការព្រមាននេះកើតឡើងអំឡុងកិច្ចប្រជុំទល់មុខគ្នារវាងរដ្ឋមន្ត្រីការពារជាតិចិន និងរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin កាលពីថ្ងៃសុក្រ ទី ១០ ខែមិថុនា នៅក្រៅកិច្ចប្រជុំកំពូលនៅក្នុងប្រទេសសិង្ហបុរី។ភាពតានតឹងរវាងអាមេរិក និងចិនកំពុងកើនឡើងយ៉ាងខ្លាំងជុំវិញកោះតៃវ៉ាន់ដែលកំពុងរស់នៅក្រោមការគំរា.មកំហែងឥតឈប់ឈរពីសំណាក់ចិន។ ទីក្រុងប៉េកាំងតែងចាត់ទុកតៃវ៉ាន់គឺជាផ្នែកមួយរបស់ខ្លួន និងប្តេជ្ញាចិត្តដណ្តើមយកតៃវ៉ាន់វិញដោយប្រើកម្លាំងទ័ពនៅថ្ងៃណាមួយប្រសិនចាំបាច់។
ក្រសួងការពារជាតិបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិចិនប្តេជ្ញាថា «ទីក្រុងប៉េកាំងនឹងបំផ្លាញផែនការឯករាជ្យរបស់តៃវ៉ាន់ និងរក្សាការបង្រួបបង្រួមមាតុភូមិយ៉ាងម៉ឺងម៉ាត់»។លោក Wei Fenghe បញ្ជាក់ថា «តៃវ៉ាន់គឺជាតៃវ៉ាន់របស់ចិន… ការប្រើប្រាស់តៃវ៉ាន់ដើម្បីទប់ស្កាត់ចិននឹងមិនដែលឈ្នះឡើយ» ។
ចំណែករដ្ឋមន្ត្រីការពារជាតិអាមេរិកវិញ «បានបញ្ជាក់សារជាថ្មីនៃសារសំខាន់នៃសន្តិភាព និងស្ថេរភាពទូទាំងច្រកសមុទ្រតៃវ៉ាន់ ការប្រឆាំងទៅនឹងការផ្លាស់ប្តូរឯកតោភាគីចំពោះស្ថានភាពបច្ចុប្បន្ន និងបានអំពាវនាវឲ្យចិនអត់ធ្មត់រាល់សកម្មភាពបង្កអស្ថេរភាពបន្ថែមលើតៃវ៉ាន់» ៕ (យោងតាមប្រភព៖ AFP)