រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី និង​អា​មេ​រិ​ក អាច​នឹង​ជួប​មុខ​គ្នា​នៅ​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុ​ស្ស៊ី និង​អា​មេ​រិ​ក​អាច​នឹង​ជួប​គ្នា​នៅ​កម្ពុជា នៅ​ពេល​ដែល​ពួក​គេ​មក​ចូលរួម​ប្រជុំ​វេទិកា​តំបន់​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​នៅ​ដើមខែ​សីហា​ខាង​មុខ​នេះ ។

លោក​ជុំ ស៊ុន្ន​រី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ប្រាប់​កោះសន្តិភាព កាលពី​ថ្ងៃ​សុក្រ​ថា ការ​ចូលរួម​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក Antont J.Blinken ត្រូវ​បាន​បញ្ជាក់ ដោយ​ឧបការី​រដ្ឋមន្ត្រី គឺ​លោក Daniel Kritenbrink ក្នុង​ជំនួប​នា​ពេល​ថ្មី​ៗ​នេះ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន ។

ប៉ុន្តែ អ្នកនាំពាក្យ​រូប​នេះ​បាន​និយាយ​បន្ថែម​ពីលើ​នេះ​ថា យើង​មិន ទាន់​ទទួល​បានការ​បញ្ជាក់​ជា​លាយលក្ខណ៍អក្សរ​នៅឡើយ​ទេ ។ ក្នុង​ករណី​នេះ ខ្ញុំ​គិត​ថា អ្នក​គួរតែ​សុំ​ការ​បញ្ជាក់​ចុង​ក្រោយ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក ។

អ្នកនាំពាក្យ​ស្ថានទូត​អា​មេ​រិ​ក​វិញ​បាន​និយាយ​ថា យើង​នឹង​ប្រកាស អំពី​ការ​ចូលរួម​របស់​យើង​នៅ​ជិត​ដល់​ពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរេ​ទស​អាស៊ាន ។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​វិញ​ក៏​នឹង​មក​កាន់​ប្រទេស​កម្ពុជា​ផង​ដែរ ដើម្បី​ចូលរួម​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ចុងខែ​កក្កដា ដល់​ថ្ងៃ​ទី​៦ ខែសីហា ។ នេះ​បើ​យោង​តាម​សម្តី​របស់ លោក ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ដែល​បាន ប្រាប់​ដល់ទី​ភ្នាក់ងារ​ព័ត៌មាន​ខ្មែរ ឬ​ហៅ​កាត់​ថា​AKP ។ បើ​តាម​សម្តី​របស់​លោក​ប្រាក់ សុ​ខុន ស្ថានទូត​រុ​ស្ស៊ី​នៅ​កម្ពុជា​បាន​ធ្វើការ​អះអាង បញ្ជាក់​ពី​ការ​ចូល រួម​របស់​រដ្ឋមន្ត្រី​ការ​បរទេស​របស់​ខ្លួន ។

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក និង​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​នឹង​ជួប​មុខ​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​សំខាន់​ពីរ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ដោយ​ក្នុង​នោះ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​ខាងកើត ដែល​មាន​សមាជិក​១៨​ប្រទេស និង​វេទិកា​តំបន់​អាស៊ាន ឬ ARF ដែល​មាន សមាជិក​២៧ ប្រទេស​។

តាម​ទម្លាប់​កិច្ចប្រជុំ​ទាំង​ពីរ​នេះ​នឹង​មានការ​ពិភាក្សា​ដល់​បញ្ហា​សន្តិសុខ​។ ដូច្នេះ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​បញ្ហា​កូរ៉េ​ខាងជើង ជាដើម ទំនងជា​នឹង​ត្រូវ​គេ​ពិភាក្សា​ផង​ដែរ ៕

អត្ថបទដែលជាប់ទាក់ទង