ចិនបាញ់បង្ហោះកំណាត់បន្ទប់ទី២ ដែលជាផ្នែកនៃដំណើរការសាងសង់ ស្ថានីយអវកាសរបស់ខ្លួន
(ប៉េកាំង)៖ នៅថ្ងៃអាទិត្យនេះ ចិនបានបាញ់បញ្ជូនកំណាត់បន្ទប់ទី២ ក្នុងចំណោមកំណាត់បន្ទប់សរុបចំនួន៣ ចាំបាច់សម្រាប់ដំណើរការសាងសង់ ស្ថានីយអវកាសរបស់ខ្លួន ដែលត្រូវបានរំពឹងថា នឹងហើយរួចរាល់ជាស្ថាពរ នៅមុនដំណាច់ឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២។
កំណាត់បន្ទប់ខាងលើ មានឈ្មោះថា វិនធាន (Wentian) ត្រូវបានបាញ់បង្ហោះឡើងឆ្ពោះទៅកាន់ទីអវកាស តាមរយៈគ្រាប់រ៉ុក្កែត ឡុងម៉ាច-ហ្វាយប៊ី (Long March 5B) នៅរសៀលថ្ងៃអាទិត្យនេះ ចេញពីមជ្ឈមណ្ឌលបង្ហោះយានអវកាស វិនចាង (Wenchang) ក្នុងខេត្ត ហៃណាន (Hainan) ភាគខាងត្បូងប្រទេសចិន។
ជាមួយបណ្តោយប្រវែងជិត ១៨ម៉ែត្រ និងទម្ងន់២២តោន កំណាត់បន្ទប់ វិនធាន មានកន្លែងឱ្យអវកាសយានិកដេកសម្រាកចំនួន៣ ព្រមទាំងទីធ្លាសម្រាប់ធ្វើការងារពិសោធន៍ផ្សេងៗ។ ខណៈកំណាត់បន្ទប់ថ្មីនេះ នឹងបម្រើជាបន្ទប់ពិសោធន៍វិទ្យាសាស្រ្តជាចម្បងក៏ដោយ វាក៏នឹងដើរតួនាទីជាកន្លែងបម្រុង សម្រាប់ការបញ្ជាគ្រប់គ្រងលើស្ថានីយទាំងមូល ក្នុងករណីអាសន្នណាមួយផងដែរ។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានបញ្ជូន កំណាត់បន្ទប់ស្នូលឈ្មោះថា ធានហឺ (Tianhe) នៃស្ថានីយអវកាស ធានហ្កុង (Tiangong) របស់ខ្លួន ឡើងទៅទីអវកាស កាលពីខែមេសា ឆ្នាំ២០២១។ រយៈពេលជាមួយឆ្នាំមកនេះ មានការបញ្ជូនក្រុមអវកាសយានិក និងសម្ភារៈជាបន្តបន្ទាប់ទៅកាន់ទីនោះ។ រីឯកំណាត់បន្ទប់ចុងក្រោយវិញនោះ គឺត្រូវបានគ្រោងនឹងបញ្ជូនឡើងទីអវកាស នៅខែតុលាខាងមុខ ហើយស្ថានីយ ធានហ្កុង នឹងអាចចាប់ផ្តើមធ្វើប្រតិបត្តិការបានពេញលេញ នៅមុនដំណាច់ឆ្នាំ២០២២នេះ។ បើតាមការអះអាងរបស់ក្រុមអ្នកវិទ្យាសាស្រ្តចិន ស្ថានីយអវកាសនេះ អាចធ្វើប្រតិបត្តិការបាន យ៉ាងហោច១០ឆ្នាំ៕