អ្នកនាំពាក្យ​ ៖ លោកស្រី Nancy Pelosi មាន​សិទ្ធិ​ទៅ​កាន់​កោះ​តៃវ៉ាន់

អាមេរិក ៖ ប្រធាន​សភា​អា​មេ​រិ​ក លោកស្រី Nancy Pelosi បាន​ធ្វើ​ដំណើរ​ដល់ទី​ក្រុង Kuala Lumpur នៅ​ថ្ងៃ​អង្គារ ទី ២ សីហា​នេះ​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ា​ឡេ​ស៊ី​។

ម៉ា​ឡេ​ស៊ី​ជា​ប្រទេស​អាស៊ី​ទី ២​ហើយ​ដែល​លោកស្រី​បាន​មក​ដល់ បន្ទាប់​ពី​ប្រទេស​សិង្ហ​បុរី​។ ដំណើរ​ទស្សនៈកិច្ច​នៅ​តំបន់​អាស៊ី បណ្តាល​ឲ្យ​ទីក្រុង​ប៉េ​កាំ​ង​ខឹងសម្បារ និង​ធ្វើការ​ព្រមាន ខណៈ​ប្រភព​និយាយ​ថា លោកស្រី​អាច​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​តៃវ៉ាន់​។ទីក្រុង​ប៉េ​កាំ​ង​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ទឹកដី​របស់​ខ្លួន និង​បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត​ថា ខ្លួន​នឹង​ចាត់​ទុក​ការ​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​នោះ​ជា​ការ​បង្កហេតុ​ដ៏​ខ្លាំង​។

លោកស្រី បាន​ចុះ​ចត​នៅ​មូលដ្ឋាន​ទ័ពអាកាស​ម៉ា​ឡេ​ស៊ី មុន​ពេល​មាន​កិច្ចប្រជុំ​ជាមួយ​នាយក​រដ្ឋមន្ត្រី និង​ប្រធាន​សភា​ឥណ្ឌូ​នេ​ស៊ី​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Bernama​។

បន្ទាប់​ពី​សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី ដំណើរ​ទស្សនៈកិច្ច​របស់​ស្ត្រី​ខ្លាំង​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​នឹង​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង និង​ជប៉ុន​។

ខណៈ​ដែល​រដ្ឋបាល​ប្រធានាធិបតី Joe Biden ត្រូវ​បាន​គេ​ដឹង​ថា​ប្រឆាំង​នឹង​ដំណើរ​ទស្សនៈកិច្ច​របស់​លោកស្រី​ទៅ​កោះ​តៃវ៉ាន់ អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក John Kirby និយាយ​ថា លោកស្រី​មាន​សិទ្ធិ​ទៅ​កន្លែង​ណា​ដែល​គាត់​ពេញចិត្ត​ចង់ទៅ​។

លោក​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ដូច្នេះ​ថា «ប្រធាន​សភា​មាន​សិទ្ធិ​ទៅ​កាន់​កោះ​តៃវ៉ាន់»​។

«​គ្មាន​ហេតុផល​សម្រាប់​ទីក្រុង​ប៉េ​កាំ​ង​ដើម្បី​បង្វែរ​ដំណើរ​ទស្សនៈកិច្ច​ដ៏​មាន​សក្តានុពល​ស្រប​តាម​គោលនយោបាយ​របស់​អា​មេ​រិ​ក​ទៅ​ជា​វិបត្តិ​នោះ​ទេ​»​។

លោក​បាន​លើក​ឡើង​ពី​ប្រភព​ស៊ើបការណ៍​សម្ងាត់​ថា ចិន​កំពុង​រៀបចំ​ការ​បង្កហេតុ​ផ្នែក​យោធា​ដែល​អាច​រួម​មានការ​បា​.​ញ់​មី​ស៊ី​ល​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ការ​ឈ្លានពាន​ទ្រ​ង​ទ្រាយ​ធំ​ចូល​ដែនអាកាស​តៃវ៉ាន់​។

លោក​បញ្ជាក់​ថា លោកស្រី Pelosi ធ្វើ​ដំណើរ​តាម​យន្តហោះ​យោធា ហើយ​ខណៈ​ដែល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​មិន​ខ្លាច​ការ​វា​.​យ​ប្រហារ​ដោយ​ផ្ទាល់ វា​បង្កើន​ឲ្យ​មានការ​គណនា​ខុស​។ចំណែក​រដ្ឋាភិបាល​តៃវ៉ាន់​វិញ នៅ​រក្សា​ភាព​ស្ងៀមស្ងាត់​ចំពោះ​ការ​រំពឹង​ទុក​នៃ​ដំណើរ​ទស្សនៈកិច្ច​របស់​លោកស្រី Pelosi​។

កាសែត​តៃវ៉ាន់​បាន​ដកស្រង់​ប្រភព​ថា លោកស្រី នឹង​ចុះ​ចត​នៅ​កោះ​តៃវ៉ាន់​នៅ​យប់​ថ្ងៃ​អង្គារ ហើយ​បន្ទាប់​មក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី Tsai Ing-wen នៅ​ថ្ងៃ​បន្ទាប់ មុន​ពេល​ចាកចេញ​នៅ​ពេល​រសៀល​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទដែលជាប់ទាក់ទង