កងទ័ពចិននឹងបង្ក្រាបចំពោះការប៉ុនប៉ងបំបែកកោះតៃវ៉ាន់ចេញពីចិនដីគោក

កាលពីថ្ងៃចន្ទម្សិលមិញនេះអ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានអធិប្បាយទៅលើដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាសហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់ថា កងទ័ពចិន នឹងបញ្ចប់ផែនការ របស់កងកម្លាំងពីខាងក្រៅក្នុងការជ្រៀតជ្រែកចូលកិច្ចការនយោបាយផ្ទៃក្នុងរបស់ចិន ហើយនឹងរារាំងចំពោះការប៉ុនប៉ងបំបែកកោះតៃវ៉ាន់ចេញពីចិនដីគោក។

អ្នកនាំពាក្យរូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កងទ័ពរំដោះប្រជាជនចិននឹងបន្តធ្វើសមយុទ្ធដើម្បីត្រៀមប្រតិបត្តិការប្រយុទ្ធ ហើយយើងនឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាព ទឹកដីរបស់ប្រទេសយើង។ យើងនឹងកម្ទេចក្រុមផ្តាច់ខ្លួនតៃវ៉ាន់តាមគ្រប់មធ្យោបាយ និងរារាំងរាល់ការប៉ុនប៉ងរបស់កងកម្លាំងបរទេសដែលជ្រៀតជ្រែក»។

គណៈប្រតិភូសភាសហរដ្ឋអាមេរិកដែលត្រូវបានដឹកនាំដោយព្រឹទ្ធសមាជិក លោក អេដ ម៉ាឃី (សមាជិកនៃគណបក្សប្រជាធិបតេយ្យរដ្ឋម៉ាសាឈូសេត) បានទៅដល់កោះតៃវ៉ាន់កាលពីល្ងាចថ្ងៃអាទិត្យ សម្រាប់ដំណើរ ទស្សនកិច្ចរយៈពេល២ថ្ងៃនៅទីនោះ។

យោងតាមក្រសួងការបរទេសរបស់កោះតៃវ៉ាន់បានឱ្យដឹងថា គណៈប្រតិភូនោះរួមមានអ្នកនយោបាយ ៥ នាក់មកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។ រដ្ឋាភិបាលចិនបាននិយាយម្តងហើយម្តងទៀតថា ការធ្វើដំណើរទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី ទៅកាន់ទីក្រុងតៃប៉ិកាលពីថ្ងៃទី២ និងទី៣ ខែសីហា គឺជាការបង្កហេតុដែលគួរតែត្រូវបានគេមើលឃើញថាជា «សញ្ញាខុសចំពោះអ្នកបំបែកខ្លួនតៃវ៉ាន់»។ មួយថ្ងៃបន្ទាប់ពី ដំណើរទស្សនកិច្ចនោះ អាជ្ញាធរទីក្រុងប៉េកាំងបានដាក់ទណ្ឌកម្មទៅលើប្រធានសភារូបនេះ និងក្រុមគ្រួសាររបស់លោកស្រី ហើយបានបង្កកយន្តការអន្តររដ្ឋាភិបាលទ្វេភាគី មួយចំនួនសម្រាប់ការធ្វើអន្តរកម្មជាមួយ ទីក្រុង វ៉ាស៊ីនតោន។

គួររំលឹកផងដែរថាៈ កោះតៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៤៩ នៅពេលដែលកងកម្លាំង គួមីនតាង ដែលដឹកនាំដោយលោក ឈៀង កៃឆៀក (ឆ្នាំ១៨៨៧-១៩៧៥) ដែលនៅសេសសល់ បានភៀសខ្លួនទៅទីនោះបន្ទាប់ពីការបរាជ័យរបស់ពួកគេក្នុងសង្គ្រាមស៊ីវិលចិន។ ចាប់តាំងពីពេលនោះមក កោះនោះនៅតែរក្សាទង់ជាតិ និងលក្ខណៈមួយចំនួនផ្សេងទៀតនៃអតីតសាធារណរដ្ឋចិនដែលមាននៅចិនដីគោក មុនពេលបក្សកុម្មុយនិស្តឡើងកាន់អំណាច។ យោងតាមគោលជំហរផ្លូវការរបស់ប្រទេសចិនដែលគាំទ្រដោយប្រទេសភាគច្រើន រួមទាំងរុស្ស៊ីផងនោះ កោះនេះ គឺជាខេត្តមួយក្នុងចំណោមខេត្តរបស់ប្រទេសចិន៕

(ប្រភពៈ ក្រសួងព័ត៌មាន)

អត្ថបទដែលជាប់ទាក់ទង