កូរ៉េខាងត្បូងអំពាវនាវឱ្យកូរ៉េខាងជើងឆ្លើយតបទៅនឹងការផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច
កូរ៉េៈ មន្ត្រីក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលកូរ៉េខាងត្បូងសង្ឃឹមថា ប្រទេសកូរ៉េខាងជើងនឹងឆ្លើយតបទៅនឹងការផ្តល់ជូនរបស់លោកប្រធានាធិបតី យូន ស៊ុកយុល នូវគំនិតផ្តួច ជផ្តើមដ៏ក្លាហានដើម្បីជួយកសាងសេដ្ឋកិច្ចរបស់ប្រទេសនោះឡើងវិញជាថ្នូរនឹងជំហាននៃការរំសាយអាវុធនុយក្លេអ៊ែរ។
នៅក្នុងសុន្ទរកថារបស់លោកនៅក្នុងទិវាថ្ងៃរំដោះ លោក យូន បានបង្ហាញព័ត៌មានលម្អិតនៃផែនការកែលម្អសេដ្ឋកិច្ចរបស់កូរ៉េខាងជើង ដូចជាកម្មវិធីអាហារខ្នាតធំ ជំនួយផលិតថាមពល និងការធ្វើទំនើបកម្មកំពង់ផែ និង អា កាសយានដ្ឋាន។
មន្រ្តីនោះបានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ក្រសួងបង្រួបបង្រួមជំរុញ និងសង្ឃឹមថា ប្រទេសកូរ៉េខាងជើងឆ្លើយតបទៅនឹងសំណើដ៏ស្មោះស្ម័គ្ររបស់រដ្ឋាភិបាលយើងសម្រាប់សន្តិភាពនៅឧបទ្វីបកូរ៉េ និងភាពរុងរឿងរួមរបស់ កូរ៉េខាងត្បូង និងកូរ៉េខាងជើង»។
មន្ត្រីរូបនោះបាននិយាយបន្ថែមថា ក្រសួងមិនមានគម្រោងស្នើសុំទំនាក់ទំនងកម្រិតការងារជាមួយកូរ៉េខាងជើងទៅលើបញ្ហានេះទេ ប៉ុន្តែយើងបើកចំហរសម្រាប់ការពិចារណាទៅលើវិធានការបែបនេះ ដោយពិនិត្យមើលឡើង វិញនូវទំនាក់ទំនងអន្តរកូរ៉េ និងស្ថានភាពសន្តិសុខនៅលើឧបទ្វីប។
ក្រសួងការបរទេសក៏បាននិយាយផងដែរថា កូរ៉េខាងត្បូងបាន និងកំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិកទាក់ទងនឹងទិសដៅនៃផែនការពាក់ព័ន្ធនានា។
អ្នកនាំពាក្យក្រសួង លោក Choi Young-sam បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ពេញមួយដំណើរការទាំងមូលនៃការបង្កើតគំនិតផ្តួចផ្តើមដ៏ក្លាហាននេះ រដ្ឋាភិបាលរបស់យើងបានសម្របសម្រួលយ៉ាង ជិតស្និទ្ធជាមួយសហ រដ្ឋអាមេរិកហើយថែមទាំងបានទំនាក់ទំនងជាមុនជាមួយបណ្តាប្រទេសធំៗ ដូចជាប្រទេសចិន និងជប៉ុន»។
លោកបាននិយាយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមផែនទីបង្ហាញផ្លូវរបស់ទីក្រុងសេអ៊ូល ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាទ្វេភាគីកាលពីពេលថ្មីៗនេះ ដូចជាកិច្ចប្រជុំរវាងអ្នកការទូតកំពូល របស់ពួកគេកាលពីថ្ងៃទី៥ ខែសីហាជាដើម៕ (ប្រភពៈ ក្រសួងព័ត៌មាន)