កូរ៉េខាងជើងបាញ់គ្រាប់មីស៊ីលឆ្លងទ្វីបពីរគ្រាប់ឆ្ពោះទៅសមុទ្រលឿង
កូរ៉េៈ មន្ត្រីយោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលពីរគ្រាប់ឆ្ពោះទៅសមុទ្រលឿងកាលពីថ្ងៃពុធ ខណៈដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីប្រារព្ធខួប ១០០ថ្ងៃ ចាប់តាំងពីលោកចូលកាន់តំណែង។
មន្ត្រីរូបនោះបាននិយាយក្នុងលក្ខខណ្ឌអនាមិកថា «(យោធា) បានរកឃើញគ្រាប់មីស៊ីលឆ្លងទ្វីបចំនួនពីរគ្រាប់ដែលកូរ៉េខាងជើងបាញ់ចេញពីតំបន់ Onchon នៃខេត្ត Pyongan នៅភាគខាងត្បូង ចូលទៅក្នុងសមុទ្រលឿងកាលពីព្រឹកម្សិលមិញ»។ មន្រ្តីនោះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីប្រភេទគ្រាប់មីស៊ីល និងពេលវេលាជាក់លាក់នៃការបាញ់សាកល្បងនោះទេ។
មន្ត្រីនោះបាននិយាយបន្ថែមថា អាជ្ញាធរស៊ើបការណ៍កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើការវិភាគដែលពាក់ព័ន្ធ ដោយសម្ព័ន្ធមិត្តនៅរក្សាគោលជំហរត្រៀមខ្លួនយ៉ាងរឹងមាំ។
នៅក្នុងសុន្ទរកថាថ្ងៃរំដោះរបស់លោកប្រធានាធិបតីកាលពីថ្ងៃមុន លោក យូន បានដាក់ចេញនូវព័ត៌មានលម្អិតនៃគំនិតផ្តួចផ្តើមដ៏ស្វាហាប់របស់លោកដែលមានបំណងជួយដល់កូរ៉េខាងជើងក្នុងការ ធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចរបស់ខ្លួន ជាថ្នូរនឹងវិធានការរំសាយអាវុធនុយក្លេអ៊ែរ។
ការបាញ់សាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីបដែលគេដឹងជាលើកដំបូងរបស់កូរ៉េខាងជើង គឺបានធ្វើឡើងចាប់តាំងពីខែមករាមក ហើយវាបានកើតឡើងដែរនៅមួយថ្ងៃបន្ទាប់ពីទាហានកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្តើមសមយុទ្ធបឋមនៅមុនការចាប់ផ្តើមនៃសមយុទ្ធ Ulchi Freedom Shield (UFS) ប្រចាំឆ្នាំរួមគ្នារបស់ពួកគេ៕ (ប្រភព ក្រសួងព័ត៌មាន)