ប្រទេសហ្វីលីពីនអាចនឹងបន្តភាពអាសន្នផ្នែកសុខភាពសាធារណៈរហូតដល់ចុងឆ្នាំ

ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីនែនដ៍ រ៉ូមោដេហ្ស៍ ម៉ាកូស បាននិយាយថា លោកកំពុងពិចារណាបន្តការប្រកាសភាពអាសន្នផ្នែកសុខភាពសាធារណៈនៅទូទាំងប្រទេសរហូតដល់ដំណាច់ឆ្នាំនេះ ខណៈដែលប្រទេសនេះនៅតែបន្តប្រឈមមុខនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោក ម៉ាកូស បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅយុទ្ធនាការចាក់វ៉ាក់សាំង PinasLakas នៅទីក្រុងម៉ានីលកាលពីថ្ងៃទី១៧ ខែសីហាថា ការដកចេញនូវស្ថានភាពអាសន្នអាចធ្វើឱ្យបាត់ជំនួយ ឬការផ្គត់ផ្គង់ដែលទីភ្នាក់ងារពិភពលោក ដូចជាអង្គការសុខភាពពិភពលោកផ្តល់ដល់សហគមន៍វេជ្ជសាស្ត្រអន្តរជាតិ។ ដូច្នេះហើយ វាទំនងជានឹងត្រូវបន្តរហូតដល់ដំណាច់ឆ្នាំនេះ។

កាលពីខែមីនា ឆ្នាំ២០២០ អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើរតេ បានប្រកាសពីភាពអាសន្នផ្នែកសុខភាពសាធារណៈនៅក្នុងប្រទេសដោយសារតែការផ្ទុះឡើងនៃជំងឺរាតត្បាត។ បន្ទាប់មកវាត្រូវបានបន្តរហូតដល់ថ្ងៃទី១២ ខែកញ្ញាឆ្នាំនេះ។

ប្រទេសហ្វីលីពីនបានរាយការណ៍នូវករណីឆ្លងថ្មីចំនួន ២ ៨៩២នាក់កាលពីថ្ងៃទី១៧ ខែសីហា ដែលបង្កើនករណីឆ្លងសរុបនៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះដល់ជាង ៣,៨៤លាននាក់។

លោក ម៉ាកូស បានជំរុញឱ្យសាធារណជនទទួលបានការចាក់វ៉ាក់សាំង ដោយលោកសង្កត់ធ្ងន់ទៅលើសារៈសំខាន់របស់វាក្នុងការបើកសេដ្ឋកិច្ច និងបង្ការចំពោះការបិទខ្ទប់ប្រទេស៕(ប្រភព ក្រសួងព័ត៌មាន)

អត្ថបទដែលជាប់ទាក់ទង