ប្រជាជនអ៊ុយក្រែនរាប់ពាន់នាក់ដែលភៀសខ្លួនចេញពីសង្រ្គាមបានមកជួបជុំគ្នាបង្ហាញសកម្ម ភាពតវ៉ានៅតាមបណ្តាទីក្រុងធំៗ នៅអឺរ៉ុបក្នុងទិវាឯករាជ្យជាតិអ៊ុយក្រែន!
អ៊ុយក្រែនៈ ក្នុងថ្ងៃឯករាជ្យជាតិអ៊ុយក្រែន២៤ សីហា២០២២កាលពីម្សិលមិញនេះនៅតាមបណ្តាទីក្រុងធំៗនៃតំបន់អឺរ៉ុបដែលមានប្រជាជនអ៊ុយក្រែនភៀសខ្លួនទៅជ្រកកោននិងរស់នៅបាននាំគ្នា ធ្វើបាតុកម្ម រាប់ពាន់នាក់! ជាក់ស្តែងនៅទីក្រុង Warsaw និងទីក្រុងផ្សេងទៀតក្នុងប្រទេសប៉ូឡូញ ប្រជាជនបានដើរជាក្បួននិងស្រែកទាមទារទៅកាន់ប្រទេសរុស្ស៊ីនិងដាក់ឈ្មោះរុស្ស៊ីថាជារដ្ឋាភិបាលភេរវករ អន្តរជាតិ ។ ក្រុមអ្នកតវ៉ាដែលបានប្រមូលផ្ដុំគ្នានៅបរិវេណ Castle Square និងបរិវេណ Old Town របស់ទីក្រុង Warsaw បានច្រៀងចម្រៀងជាតិរបស់អ៊ុយក្រែន និងប៉ូឡូញ ហើយបានស្តាប់សារជាវីដេអូ ពីប្រធានាធិប តីអ៊ុយក្រែន លោក Volodymyr Zelenskyy និងប្រធានាធិបតីប៉ូឡូញ Andrzej Duda ។
ពលរដ្ឋអ៊ុយក្រែនម្នាក់ដែលមានឈ្មោះថា Valeriia Verheles អាយុ 29 ឆ្នាំមកពីទីក្រុង Kyiv បាននិយាយថា”ខ្ញុំសប្បាយចិត្តចំពោះរឿងមួយនេះព្រោះប្រទេសរបស់ខ្ញុំនៅតែជាប្រទេសឯករាជ្យនៅតែមានសេរីភាព និងបានបន្ថែមទៀតថាពួកយើងទាំងអស់គ្នាកំពុងតស៊ូរស់នៅដោយសារតែសង្គ្រាមមួយនេះ ខណៈដែលមនុស្សជាច្រើនបានកាន់ទង់ជាតិអ៊ុយក្រែន ហើយអ្នកខ្លះបានស្រក់ទឹកភ្នែកដោយនឹកស្រុក នឹកប្រទេសរបស់ពួកគេ ក្នុងថ្ងៃបុណ្យឯករាជ្យជាតិ។ ប្រទេសជិតខាង និងជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន គឺប៉ូឡូញដែរបានយល់ព្រមទទួលយកជនភៀសខ្លួនពីសង្រ្គាមអ៊ុយក្រែន-រុស្ស៊ីរាប់លាននាក់ដែលអ្នកខ្លះបានវិលត្រឡប់ទៅវិញ ឬបានផ្លាស់ លំនៅដ្ឋាន ប៉ុន្តែមើលទៅពួកគេនៅតែមានចំនួនច្រើនដដែល៕