ប្រជាជនហៃទីបញ្ចេញសកម្មភាពតវ៉ាជាលើកទី២ក្នុងខែសីហានេះដើម្បីឲ្យនាយករដ្ឋមន្រ្តីលាលែងពីតំណែ…
ហៃទីៈ ដោយសារវិបត្តិសេដ្ឋកិច្ចក្នុងស្រុករបស់ពួកគេនៅតែគ្មានភាពប្រសើរឡើងបាតុកររាប់រយនាក់បានដើរតាមដងផ្លូវនៃរដ្ឋធានី Port-au-Prince ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រី Ariel Henry ចុះចេញពីតំណែង។ វាជាសកម្មភាពតវ៉ាជាលើកទីពីរក្នុងខែសីហានេះ។
កាលពីសប្តាហ៍មុន មនុស្សរាប់ពាន់នាក់បានដើរដង្ហែជាក្បួនក្នុងទីក្រុងមួយចំនួនក្នុងប្រទេសដើម្បីអំពាវនាវឲ្យមានការបណ្តេញចេញពីតំណែងរបស់នាយករដ្ឋបច្ចុប្បន្ន។ ក្រុមបាតុករបានដុតកង់ឡាន និងព្យាយាមបិទផ្លូវ ដែលបង្កឲ្យមានការប៉ះទង្គិចគ្នាបន្តិចបន្តួចជាមួយក្រុមប៉ូលីស ដែលបានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្សទាំងនោះ។ ចំណែកក្រុមអ្នកតវ៉ាខ្លះបានស្តីបន្ទោសការដឹកនាំរបស់នាយករដ្ឋមន្ត្រីហៃទីចំពោះតម្លៃនៃការចំណាយផ្សេងៗក្នុងជីវភាពរបស់នៅរបស់ពួកគេនិងការប្រើអំពើហិង្សាដែលកំពុងរីករាលដាល។ អំពើហឹង្សា និងការចាប់ជំរិតបានកើនឡើងនៅក្នុងទីក្រុង Port-au-Prince និងតំបន់ក្បែរខាងជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដោយក្រុមក្មេងទំនើងដែលកំពុងប្រយុទ្ធគ្នា និងបានសម្លាប់ជនស៊ីវិលរាប់រយនាក់នៅលើទឹកដីរបស់ពួកគេដែរ។ ពួកគេមានអំណាចកាន់តែខ្លាំង ចាប់តាំងពីការធ្វើឃាតលោកប្រធានាធិបតី Jovenel Moïse កាលពីឆ្នាំមុន។ ភាពក្រីក្រក៏កាន់តែស៊ីជម្រៅទៅៗ ដោយអតិផរណាឈានដល់29% ហើយតម្លៃទំនិញមូលដ្ឋានមួយចំនួនដូចជាអង្ករបានកើនឡើងគុណនឹងបួនដង ចំណែកតម្លៃប្រេងសាំងក៏កាន់តែឡើងខ្ពស់ដោយវាមានតម្លៃ15ដុល្លារក្នុងមួយហ្គាឡុង៕