ត្រីងាប់អណ្តែតត្រៀបត្រានៅតំបន់ San Francisco Bay ត្រូវបានអ្នកជំនាញឲ្យដឹងថាគឺមកពីការ បំពុលនៃសារធាតុផ្កាសារាយក្នុងទឹកដែលបានសាយភាយ!

រំភាយទឹកពណ៌ក្រហមស្រាលៗមិនធ្លាប់មាននៅតំបន់ San Francisco Bay កំពុងបានសម្លាប់ត្រីរាប់ពាន់ក្បាល និងជីវិតសត្វសមុទ្រផ្សេងទៀត ឲ្យអណ្តែតត្រៀបត្រាពាសពេញលើច្រាំង បង្កើតជាក្លិនស្អុយ ដែលអ្នកជំនាញនិយាយថាស្ថានភាពនេះវានឹងកាន់តែអាក្រក់អំឡុងពេលដែលរលកកំដៅនឹងកើនឡើងនៅចុងសប្តាហ៍នេះ។ បរិវេណមាត់ច្រាំងនៃបឹង Merritt របស់ទីក្រុង Oakland គឺជាទីកន្លែងដ៏ពេញនិយមសម្រាប់អ្នករត់ប្រណាំង អ្នកដើរលេង និងអ្នកដែលចង់រស់នៅជាមួយធម្មជាតិ ប៉ុន្តែពេលនេះក្រុមអ្នកសំអាតបឹងចាប់ផ្តើមប្រមែប្រមូលយកក្តាមងាប់ សត្វប្រចៀវ និងត្រីផ្សេងៗទៀតដែលបានចេញពីលើច្រាំងថ្មនេះចាប់ចុងសប្តាហ៍មុន។ លោក Jon Rosenfield គឺជាអ្នកវិទ្យាសាស្ត្រនៃក្រុមអភិរក្សតំបន់ San Francisco Baykeeper បាននិយាយថា “នេះគឺជាការបំពុលដែលបានសម្លាប់ត្រីក្នុងទំហំដែលមិនធ្លាប់មានពីមុនមកនៅក្នុងតំបន់ San Francisco Bay ។ មិនមានកំណត់ត្រានៃមូលហេតុដែលបានកើតឡើងពីមុនមកទេ”។ ចំណែកអ្នកស្រី Eileen White គឺជាមន្ត្រីប្រតិបត្តិនៃក្រុមប្រឹក្សាត្រួតពិនិត្យគុណភាពទឹកក្នុងតំបន់ San Francisco Bay បាននិយាយថា បញ្ហាត្រីងាប់នៅបឹង Merritt និងទូទាំងតំបន់ច្រាំងនៅតំបន់នេះគឺអាចបណ្តាលមកពីផ្កាសារាយ ក្នុងទឹកដែលបានបង្កជាគ្រោះថ្នាក់សម្រាប់ភាវៈក្នុងទឹកហើយវាបានសាយភាយក្នុងផ្ទៃទឹកចាប់តាំងពីចុងខែកក្កដាមកម្ល៉េះ៕

អត្ថបទដែលជាប់ទាក់ទង