បុរសម្នាក់ត្រូវបានគេចាប់ឃុំខ្លួនភ្លាមៗបន្ទាប់ពីមានសកម្មភាពយកកាំភ្លើងភ្ជុងលោកស្រីអនុប្រធានាធិបតីអាហ្សង់ទីន!
បុរសម្នាក់ត្រូវបានគេចាប់ឃុំខ្លួនភ្លាមៗបន្ទាប់ពីរូបគេបានប្រើកាំភ្លើងខ្លីមួយដើមភ្ជុងចង្អុលទៅលើមុខលោកស្រីអនុប្រធានាធិបតីអាហ្សង់ទីន Cristina Fernández។ រូបភាពវីដេអូពីកន្លែងកើតហេតុដែលបាន ចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកបានបង្ហាញថានៅពេលដែលលោកស្រី Fernández ចេញពីរថយន្តរបស់លោកស្រីដែលមានការឡោមព័ទ្ធដោយអ្នក គាំទ្រលោកស្រីនៅខាងក្រៅផ្ទះផងនោះគេបានមើលឃើញ បុរសម្នាក់លើកដៃដែលកាន់ជាប់កាំភ្លើងខ្លីមួយដើមនិងស្រែកកំហកដាក់លោកស្រីអនុប្រធានាធិបតី។ភ្លាមៗអ្នកគាំទ្រជុំវិញបុគ្គលនោះហាក់មានការភ្ញាក់ផ្អើលចំពោះអ្វីដែលបានកំពុងកើតឡើង ចំពេលមានចលាចលនៅ ក្នុងសង្កាត់ Recoleta នៃរដ្ឋធានីរបស់ប្រទេសអាហ្សង់ទីន។ រដ្ឋមន្ត្រីសន្តិសុខជាតិ លោក Aníbal Fernández បានប្រាប់ទូរទស្សន៍ក្នុងស្រុក C5N ថា៖ នៅពេលនេះមនុស្សម្នាក់ដែលត្រូវបានគេស្គាល់អត្តសញ្ញាណ ដែលជាអ្នកជិតស្និទ្ធនឹងបុរសដែលកាន់កាំភ្លើងត្រូវបានឃាត់ខ្លួដោយកងអង្គរក្សរបស់លោកស្រីអនុប្រធានាធិបតី។ ពួកគេបានចាប់ខ្លួនបុរសនោះទុកមួយឡែកនិងបានរកឃើញអាវុធជាប់នឹងខ្លួនថែមទៀតផង ហើយបច្ចុប្បន្នរូបគេកំពុងស្ថិតក្រោមការស៊ើបអង្កេត។ លោក Aníbal បាននិយាយថាលោកចង់ឲ្យអ្នកទាំងអស់គ្នា មានប្រុងប្រយ័ត្នក្នុងការផ្តល់ព័ត៌មានលម្អិត រហូតដល់ការស៊ើបអង្កេតទទួលបានលទ្ធផល។ មិនមានការអត្ថាធិប្បាយជាផ្លូវការថាតើកាំភ្លើងដែលបុរសនោះកាន់ជាកាំភ្លើងពិតឬអត់នោះទេ។ ប៉ុន្តែរូបភាពវីដេអូខ្លីៗ ត្រូវបានគេបង្ហោះផ្សព្វផ្សាយលើបណ្តាញសង្គមបង្ហាញឃើញាថាចុងកាំភ្លើងខ្លីនោះ សឹងតែកៀកប៉ះមុខលោកស្រី Cristina Fernández ទៅហើយ៕