មេដឹកនាំកូរ៉េខាងជើងបើកកិច្ចប្រជុំស្តីពីការបង្ការគ្រោះមហន្តរាយ ចំពេលដែលមានការ ព្រួយបារម្ភអំពីការបំផ្លាញដោយព្យុះទីហ្វុង!
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបាននិយាយកាលពីថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើជាប្រធាន កិច្ចប្រជុំមួយដើម្បីពិនិត្យមើលឡើងវិញនូវប្រព័ន្ធការពារ និងការឆ្លើយតបចំពោះគ្រោះមហន្តរាយរបស់ប្រទេសកូរ៉េខាងជើង ខណៈដែលព្យុះទីហ្វុងហ៊ីនណាំណូរដ៏មានឥទ្ធិពលមួយបានវាយប្រហារតំបន់ភាគខាងត្បូងនៃឧបទ្វីបកូរ៉េ។
លោក គីម និងអ្នកចូលរួមផ្សេងទៀតបានពិនិត្យមើលការត្រៀមខ្លួនរបស់កូរ៉េខាងជើង និងបានពិភាក្សាអំពីវិធានការពង្រឹងសមត្ថភាព របស់ខ្លួនដើម្បីឆ្លើយតបនឹងវិបត្តិ ក្នុងអំឡុងពេលសម័យប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទក្នុងទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានចេញផ្សាយ។
លោក គីម បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការបង្កើនសមត្ថភាពទប់ទល់នឹងវិបត្តិ ដើម្បីការពារអាយុជីវិតរបស់ប្រជាជន ដោយលោកបាននិយាយថា «គ្មានអ្វីមានតម្លៃជាងបក្ស និងរដ្ឋរបស់យើងទាក់ទងនឹងប្រជាជននោះទេ ដែលវាជាគោលការណ៍ ទីមួយនៃឧត្តមគតិនយោបាយសំខាន់ជាងជីវិត និងសុវត្ថិភាពរបស់ប្រជាជន»។
លោកក៏បានបង្ហាញផងដែរអំពី «កិច្ចការលម្អិត» នៃការដាក់ចេញនូវការបង្ការគ្រោះមហន្តរាយទៅកាន់កម្រិតថ្មីមួយក្នុងរយៈពេលដ៏ខ្លីបំផុត។
មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងមួយរូបបានកត់សម្គាល់ថា របបរបស់លោក គីម បានដាក់អាទិភាពគោលនយោបាយខ្ពស់ទៅលើកិច្ចការពារការខូចខាតដែលទាក់ទងនឹងគ្រោះមហន្តរាយ ដែលត្រូវបានបង្ហាញដោយវត្តមានរបស់លោក គីម ដោយផ្ទាល់នៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃមួយ ខណៈដែលសម័យប្រជុំឆ្លើយតបចំពោះគ្រោះមហន្តរាយស្រដៀងគ្នានេះកាលពីខែកុម្ភៈ ដែត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រី លោក គីម តុកហ៊ុន។
មន្ត្រីក្រសួងបង្រួបបង្រួមជាតិបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅពេលសួរឱ្យធ្វើអត្ថាធិប្បាយទៅលើការរាយការណ៍របស់ KCNA ថា «ការបង្ការគ្រោះមហន្តរាយហាក់ដូចជាត្រូវបានកើនឡើងយ៉ាងខ្លាំង ពនៅក្នុងអាទិភាពគោលនយោបាយរបស់កូរ៉េខាងជើង»។
ព្យុះទីហ្វុងហ៊ីនណាំណូរបានឆ្លងកាត់ឆ្នេរសមុទ្រភាគអាគ្នេយ៍នៃឧបទ្វីបកូរ៉េកាលពីព្រឹកថ្ងៃអង្គារ ដោយធ្វើឱ្យអាជ្ញាធរកូរ៉េខាងជើង មានការប្រុងប្រយ័ត្នខ្ពស់ជុំវិញគ្រោះទឹកជំនន់ដែលអាចកើតមាន។ កូរ៉េខាងជើងបានចេញសេចក្តីណែនាំអំពីភ្លៀងធ្លាក់ខ្លាំងសម្រាប់ទីក្រុងព្រំដែនកែសុង និងតំបន់ផ្សេងទៀតនៅក្នុងប្រទេសនោះ៕(ប្រភព ក្រសួងព័ត៌មាន)