ឯកឧត្តម ហាន កុសល អញ្ជើញចូលរួមប្រជុំជាមួយក្រុមការងារនៃនាយកដ្ឋានគាំទ្រឃុំ សង្កាត់ នៃក្រសួងមហាផ្ទៃ
កំពង់ចាម ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញចូលរួមប្រជុំជាមួយក្រុមការងារនៃនាយកដ្ឋានគាំទ្រឃុំ សង្កាត់ នៃក្រសួងមហាផ្ទៃ ដែលពិភាក្សាលើភាពមិនប្រក្រតីនៃការដេញថ្លៃគម្រោងនៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម។
ឯកឧត្តម ហាន កុសល បានមានប្រសាសន៌ថា ភាពមិនប្រក្រតី ២ ចំណុច គឺ ១) ការដាក់ឯកសារដេញថ្លៃគម្រោងខុសកន្លែងរបស់ក្រុមហ៊ុន សុង ស៊ីថាត និង ២) ការដេញថ្លៃចុះតម្លៃរហូតដល់ ៥០% របស់ក្រុមហ៊ុនមួយចំនួន។ ជាលទ្ធផល គឺបញ្ហាទី១ ដោះស្រាយតាមនីតិវិធី រីឯបញ្ហាទី២ ត្រូវបន្តសិក្សាឲ្យមានលក្ខណៈស៊ីជម្រៅ។
ឯកឧត្តម ហាន កុសល បានស្នើសុំឯកសារមួយចំនួនដែលពាក់ព័ន្ធ សម្រាប់វិភាគ និងរៀបចំរបាយការណ៍។ ឯកឧត្តម បន្តលើកឡើងថា ឯកឧត្តមអភិបាលខេត្តយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះការអនុវត្តគម្រោងដែលមានរដ្ឋបាលឃុំ សង្កាត់ជាម្ចាស់ ហើយតែងតែបានណែនាំជាប្រចាំ ព្រមទាំងហាមគ្រប់រូបភាពដែលមិនប្រក្រតីផងដែរ ។