ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យវឌ្ឍនភាព ស្ពានលើផ្លូវបេតុង ប្រវែង១៤០ ទទឹង ៨ម៉ែត្រ ស្ថិតនៅជើងភ្នំហាន់ជ័យ
កំពង់ចាម នារសៀលថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាព ស្ពានលើផ្លូវបេតុង ប្រវែង១៤០ ទទឹង ៨ម៉ែត្រ ស្ថិតនៅជើងភ្នំហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ដែលជាចំណងដៃថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ដែលអនុវត្តគម្រោងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម។
លោក លឹម សុខហៀង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកំពង់ចាម ដែលបានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះពិនិត្យសំណង់ជាផ្លូវបេតុង សង់ជាស្ពានលើដីស្ថាបនា ដោយខាងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិថាៈ ដូចអ្វីបានសន្យាកាលពីស្ពានបេតុង ប្រវែង ១៤០ ម៉ែត្រ និងទទឹងប្រាំបីម៉ែត្រ សង់បានចំនួន ៨៥ ភាគរយ នឹងហើយរួចរាល់ ក្នុងរដូវដាក់បិណ្ឌ គឺយើងបានបើករបាំងហាមឃាត់ចេញ អនុញ្ញាតឱ្យធ្វើចរាចរឆ្លងកាត់ចំថ្ងៃដាក់បិណ្ឌទី១ ពិតប្រាកដមែន។
សូមបញ្ជាក់ថា ស្ពានបេតុងខាងលើ បានចាប់ផ្តើមសាងសង់ កាលពីចុងខែតុលា ឆ្នាំ២០២១ គឺបើតាមផែនការ នឹងត្រូវចំណាចពេលចំនួន ១៨ ខែ។ ប៉ុន្តែនៅពេល អនុវត្តជាក់ស្តែង ខាងនាយកដ្ឋានវិស្វកម្ម បានប្រើប្រាស់រយៈពេលប្រមាណ ១០ ខែប៉ុណ្ណោះ។
ល្ងាចថ្ងៃដដែរនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាព ផ្លូវ លូ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ស្ថិតនៅក្នុងភូមិថ្លុកក្រវ៉ាន់ ឃុំបុស្សខ្នុរ ស្រុកចំការលើ ដែលបានរងការយាយីដោយសារជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ប៉ុន្មានថ្ងៃមកនេះ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយកគ្រឿងចក្រ ដើម្បីកាយរំដោះទឹក និងធ្វើការរៀបចំប្រព័ន្ធលូបង្ហូរទឹកឱ្យបានត្រឹមត្រូវ ស្របទៅតាមបទដ្ឋានបច្ចេកទេស៕