លោក សុខ មករ៉ា អភិបាលរងស្រុកពញាក្រែក បានថ្លែងថា នៅក្នុងឃុំកណ្ដោលជ្រុំមានផ្លូវបេតុងច្រើនហើយ ដែលផ្លូវបេតុងនោះកើតឡើងពីផ្លូវដីកន្លងមក
ត្បូងឃ្មុំ លោក អភិបាលរងស្រុងថ្លែងនៅក្នុងសាលាឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ក្នុងពិធិដេញថ្លៃសាងសង់ផ្លូវដីក្រាលគ្រួសក្រហម មូលនិធិឃុំ-សង្កាត់ ដេម្បីកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍មូលដ្ឋាននៅថ្នាក់ក្រោមជាតិចំនួន ១ ខ្សែប្រវែង ១.៣០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ តម្លៃប៉ាន់ស្មាន ៥២.៣៥៥.៣៦៣ រៀល ក្រោមការសម្របសម្រួល របស់លោក សឺង សារីវណ្ឌី នាយករងទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ ។
លោកអភិបាលរងស្រុកបន្តថា សូមក្រុមហ៊ុនដែលដាក់ពាក្យដេញថ្លៃទាំងអស់ ដេញធ្វើយ៉ាងណាឲ្យមានតម្លៃសមស្របទៅនឹងស្ថានភាពផ្លូវ ពេលដេញបានហើយ យកទៅអនុវត្តឲ្យផ្លូវមានគុណភាពផង និងមានផលចំណេញដល់ក្រុមហ៊ុនរបស់ខ្លួនផង សូមជាសវាងការដាក់តម្លៃទាបជ្រុល ដេញឲ្យខាងតែបាន តែអនុវត្តិបានសមិទ្ធិផលគ្មានគុណភាពប្រើមិនបានយូរអង្វែង នាំឲ្យខូចឈ្មោះក្រុមហ៊ុន ។
លោកអភិបាលរងស្រុកបន្ថែមថា ចំពោះគម្រោងផ្លូវគ្រួសក្រហមដែលបានដាក់ឲ្យដេញថ្លៃនៅពេលនេះ យើងមិនទាន់អាចសាងសង់ជាផ្លូវបេតុងបានទេ ដោយសារតែបញ្ហាបច្ចេកទេស ប៉ុន្តែយើងសង្ឃឹមថា ទៅថ្ងៃខាងមុខផ្លូវដីទាំងអស់ និងអាចសាងសង់ជាផ្លូវបេតុងម្ដងមួយៗ ទាំងអស់ ។
លោក សឺង គិរីវ៉ាន់ឌី នាយករងទីចាត់ការ ផែនការ និងវិនិយោគខេត្ត បានស្នើឲ្យក្រុម ហ៊ុនចុះឈ្មោះក្នុងបញ្ជីគម្រោងដេញថ្លៃ ត្រូវមានវត្តមានគ្រប់ចំនួន ហើយថ្ងៃនេះ មាន៨ក្រុមហ៊ុន តែការប្រកួតប្រជែងមានតែ៧ក្រុមហ៊ុន អវត្តមានមួយក្រុមហ៊ុន តើមានមូលហេតុ និងមានបំណងអ្វី? ថ្ងៃនេះអនុគ្រោះ ថ្ងៃក្រោយចាត់ការតាមនិតិវិធី ហើយគ្រប់ក្រុមហ៊ុនមិនត្រូវថតទៅលើសកម្មភាពដំណើរការដេញថ្លៃនោះទេ ព្រោះវារំលោភទៅលើក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកព័ត៌មាន ។
ការដេញថ្លៃផ្លូវខាងលើនេះ ក្រុមហ៊ុន ហ៊ន់ សោភ័ណ្ឌ ដេញបានក្នុងតម្លៃ ៣៩.៥២០.០០០ រៀល ចុះថ្លៃខ្លាំងរហូតដល់ទៅជាង ១២ លានរៀលឯណោះ ដែលជាតម្លៃទាបជាង គណៈកម្មាធិការ អាចទទួលយកបាន ។
ដោយឡែកក្រុមហ៊ុនដែលចូលរួមដេញថ្លៃ ត្អូញត្អែរប្រាប់អោយដឺងថា កន្លងមកមានក្រុមហ៊ុនមួយឈ្មោះក្រុមហ៊ុន ផាត់ សុផល បានជួលឲ្យបុគ្គលិកដើរដាក់បំបែកគម្រោង ដោយឲ្យតម្លៃខ្ពស់ទៅបុគ្គលិកខ្លួនដែរដើរដេញគម្រោង ប៉ុន្តែបើម្ចាស់ក្រុមហ៊ុន ទាលុយទឹកតែវិញ គឺទាមិនក្រោមពី ២ទៅ៤ភាគរយនៃគម្រោងដែរបានដាក់ដេញថ្លៃនោះទេ ៕