បេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំនៅតំបន់អាស៊ាន ស្បថចូលកាន់តំណែងថ្មី!
ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំតំបន់អាស៊ាន បានស្បថចូលកាន់តំណែងថ្មីនៅថ្ងៃនេះ ក្រោមការជ្រើសរើសនិងចង្អុលបង្ហាញជាពិសេសពីសំណាក់ លោកប្រធានាធិបតី Joe Biden សម្រាប់តំណែងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន គឺលោក Yohannes Abraham ដែលបានស្បថចូលកាន់តំណែងក្រោមអធិបតីភាពលោកស្រីអនុប្រធានាធិបតី Kamala Harris ក្នុងទីក្រុង Washington DC។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលគេស្គាល់ថាជាអាស៊ានរួមមានប្រទេសចំនួន១០នៅអាស៊ីអាគ្នេយ៍គឺមានឥណ្ឌូនេស៊ី កម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន មីយ៉ាន់ម៉ា ប្រ៊ុយណេ និងប្រទេសឡាវ។ សូមបញ្ជាក់ថាលោក Biden បានតែងតាំងលោក Abraham ឱ្យកាន់តំណែងនេះនៅនិទាឃរដូវ ហើយតួនាទីរបស់លោកត្រូវបានបញ្ជាក់និងជ្រើសរើសដោយការបោះឆ្នោតជាសំឡេងភាគច្រើន នៅក្នុងព្រឹទ្ធសភាកាលពីដើមខែនេះ។ គួររំលឹកថាលោក Abraham បានបម្រើការងារនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី Biden ក៏ដូចជាធ្លាប់ធ្វើការងារក្នុងក្រុមការងារផ្លាស់ប្តូរដែលមានឈ្មោះថា Biden-Harris ហើយលោកក៏ជាជំនួយការកំពូលក្នុងរដ្ឋបាលលោកអូបាម៉ាផងដែរ៕