ចំនួនអ្នកស្លាប់ក្នុងឧបទ្ទវហេតុរត់ជាន់គ្នាក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់នៅឥណ្ឌូណេស៊ីកើនដល់ ១៧៤ នាក់!

យោងតាមអភិបាលរងខេត្តចាវ៉ាខាងកើត លោក អេមីល ដារដាក បានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នាក្នុងចំណោម ហ្វូងមនុស្សនៅឯការប្រកួតបាល់ទាត់មួយនៅក្នុងខេត្តចាវ៉ាខាងកើត របស់ប្រទេសឥណ្ឌូណេស៊ីបានកើនឡើងដល់ ១៧៤នាក់ហើយ ដោយគិតត្រឹមរសៀលថ្ងៃអាទិត្យម្សិលមិញ។

លោក ដារដាក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោកបានទទួលទិន្នន័យពីមន្ទីរពេទ្យចំនួនប្រាំបីដែលកំពុងព្យាបាលជនរងគ្រោះ ក្នុងឧបទ្ទវហេតុនេះ ដោយលោកបាននិយាយបន្ថែមថា មនុស្សជាង ១៨០ នាក់ បានរងរបួស។

សោកនាដកម្មនេះបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍នៅឯកីឡដ្ឋានកាន់ជូរូហាន់ ក្នុងទីក្រុងម៉ាឡាងនៃខេត្តចាវ៉ាខាងកើតរបស់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីក្លឹបអារេម៉ាម៉ាឡាង បានប្រកួតចាញ់ក្លឹបពើរសេបាយ៉ាស៊ូរ៉ាបាយ៉ា នៅក្នុងការប្រកួតបាល់ទាត់លីគឥណ្ឌូណេស៊ី។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកគាំទ្រក្លឹបម្ចាស់ផ្ទះដែលបានប្រកួតចាញ់នោះ បានឡើងលើរបងហើយសម្រុកចូលទៅក្នុង ទីលានបាល់ទាត់ដែលបណ្តាលឱ្យមានការប៉ះទង្គិចគ្នាជាមួយប៉ូលីស និងមានការរត់ជាន់គ្នា។

ការរាយការណ៍នោះបាននិយាយថា ប៉ូលិសកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើមនុស្សដែលបានបង្កឱ្យមាន ការភ័យខ្លាចក្នុងចំណោមហ្វូងមនុស្សនោះ។ មនុស្សម្នាប្រញាប់ប្រញាល់ចាកចេញពីកីឡដ្ឋានដែលនាំ ឱ្យមានការរត់ជាន់គ្នានៅច្រកចេញ។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានបញ្ជាឱ្យប៉ូលីសឥណ្ឌូណេស៊ីធ្វើការស៊ើបអង្កេតទៅលើឧបទ្ទវហេតុនេះ និងបានបញ្ជា ឱ្យមានការវាយតម្លៃពេញលេញទៅលើនីតិវិធីសុវត្ថិភាពសម្រាប់ការប្រកួតបាល់ទាត់៕ ប្រភព ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង