បណ្តាមេដឹកនាំសហភាពអឺរ៉ុបនឹងពិភាក្សាគ្នាអំពីអ៊ុយក្រែន និងកិច្ចការពារហេដ្ឋារចនាសម្ព័ន្ធថាមពល ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល!
យោងតាមការចេញផ្សាយរបស់ AKP នៅថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២ នេះ បានឲ្យដឹងថាៈ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាលេស មីឈែល បាននិយាយនៅក្នុងលិខិតមួយដែលបានផ្ញើទៅកាន់ បណ្តាមេដឹកនាំសហភាពអឺរ៉ុបនៅមុនពេលនៃកិច្ចប្រជុំកំពូលថា បណ្តាមេដឹកនាំនៃរដ្ឋទាំង២៧ នៃសហភាពអឺរ៉ុប នឹងពិភាក្សាគ្នាបន្ថែមទៀតអំពីជំនួយផ្នែកយោធា និងហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលក្រៅផ្លូវការពីថ្ងៃទី៦-៧ ខែតុលា នៅទីក្រុងប្រាក។
លោក មីឈែល បាននិយាយថា «នៅក្នុងកិច្ចប្រជុំរបស់យើង យើងនឹងពិភាក្សាអំពីរបៀបនៃការបន្តផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ច យោធា នយោបាយ និងហិរញ្ញវត្ថុដ៏រឹងមាំដល់អ៊ុយក្រែនឱ្យបានយូរតាមដែលត្រូវការ»។
លោក មីឈែល បាននិយាយបន្ថែមថា សហភាពអឺរ៉ុបនឹងបន្តរឹតបន្តឹងទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ដែលត្រូវបានដាក់ចេញជុំវិញជម្លោះនៅអ៊ុយក្រែន។
មន្ត្រីរូបនេះបាននិយាយថា «យើងនឹងបន្តពង្រឹងវិធានការរឹតបន្តឹងរបស់យើងដើម្បីបង្កើនសម្ពាធបន្ថែមទៀតទៅលើប្រទេសរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមរបស់ខ្លួន»។
បណ្តាមេដឹកនាំសហភាពអឺរ៉ុបក៏នឹងពិភាក្សាគ្នាផងដែរអំពីរបៀបការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ទាប់ពីមានការបំផ្លិចបំផ្លាញនៅបំពង់បង្ហូរឧស្ម័ន Nord Stream។
លោក មីឈែល បាននិយាយថា «យើងក៏នឹងពិនិត្យមើលអំពីរបៀបដែលល្អបំផុតដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់យើងដែរ»៕ ប្រភពៈ AKP