អ៊ុយក្រែន នឹងបន្ដ រំដោះទឹកដីតំបន់ភាគខាងកើតបន្ថែមទៀត ក្រោយជ័យជម្នះនៅទីក្រុងលីម៉ាន
រដ្ឋធានីកៀវ៖ កងទ័ពអ៊ុយក្រែន កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានរំដោះទីក្រុងលីម៉ាន (Lyman) ស្ថិតក្នុងដែនដី ដែលក្រុងមូស្គូ បានដាក់បញ្ជូល ជាផ្នែកមួយ នៃទឹកដីរបស់រុស្ស៊ី ហើយជ័យជម្នះ នៅក្នុងតំបន់ដូណែតស្ក៍ (Donetsk) នេះ នឹងឈានដល់ការរំដោះទឹកដី នៅតំបន់លូហានស្ក៍ (Luhansk) ដែលនៅជិតគ្នានោះបន្ថែមទៀត។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៣ ខែតុលា ថា បើតាមមជ្ឈមណ្ឌលយុទ្ធសាស្រ្ដការពារជាតិរបស់អ៊ុយក្រែន Think-Tank បានឲ្យដឹង ថា កងទ័ពរបស់ក្រុងកៀវ បានរំដោះទីក្រុងលីម៉ាន ត្រឹមតែប៉ុន្មានម៉ោង ក្រោយពេលប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានប្រកាស កាត់យកតំបន់ចំនួន៤របស់អ៊ុយក្រែន ជាឧបសម្ព័ន្ធរបស់រុស្ស៊ី។ ជ័យជម្នះ នៅលើសមរភូមិប្រយុទ្ធដ៏សាហាវនេះ នឹងជួយដល់កម្លាំងការពារទឹកដីរបស់អ៊ុយក្រែន មានសន្ទុះវាយរុលចូលជ្រៅទៅមុខ ដើម្បីរំដោះទឹកដីរបស់ពួកគេ ចេញពីក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានរុស្ស៊ី និង កាត់ផ្តាច់ផ្លូវផ្គត់ផ្គង់គ្រឿងសឹក និង ភស្ដុភារបន្ថែមទៀត។
លោកវរសេនីយ៍ឯក វិកទ័រ ខែវលីយូក (Viktor Kevlyuk) មកពីមជ្ឈមណ្ឌល Think-Tank បានបញ្ជាក់ ថា «តាមរយៈជ័យជម្នះ នៅក្នុងប្រតិបត្ដិការសឹក នៅទីក្រុង Lyman នេះ យើងកំពុងតែបោះជំហានឆ្ពោះទៅកាន់កាប់ លើផ្លូវភាគខាងជើង ឆ្ពោះទៅកាន់ភាគខាងត្បូង ជាលើកទីពីរ… ហើយនេះមានន័យថា ខ្សែសង្វាក់ផ្គត់ផ្គង់ទី២នេះ នឹងត្រូវកាត់ផ្ដាច់ដល់ការដឹកជញ្ជូនសម្ភារយោធា និង ភស្ដុភារបស់រុស្ស៊ី»។
ជាមួយគ្នានេះដែរ លោក ស៊ើរហ៊ីយ ហាយដាយ (Serhiy Haidai) ប្រធានតំបន់លូហានស្ក៍ (Luhansk) បានបញ្ជាក់ ថា ការរំដោះបានទីក្រុងលីម៉ាន ជាកត្តាដ៏សំខាន់មួយ សម្រាប់ការវាយដណ្ដើមយកទឹកដី ដែលបាត់បង់ នៅក្នុងតំបន់ Luhansk ត្រឡប់មកវិញ។
លោកប្រធានតំបន់លូហានស្ក៍ បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា «ការរំដោះទីក្រុងលីម៉ាន ស្ថិតក្នុងតំបន់ដូណែតស្ក៍ នេះ ក៏ជាកត្ដាដ៏សំខាន់មួយ សម្រាប់ការបញ្ឈប់នូវការកាន់កាប់បន្ថែមទៀត នៅតំបន់ Luhansk»៕