មេដឹកនាំអ៊ុយក្រែន អួតអាងពីភាពក្លាហានរបស់កងទ័ពម្ចាស់ប្រទេស វាយបំបាក់ទាហានរុស្ស៊ី!
រដ្ឋធានីកៀវ៖ ចាប់តាំងពីដើមខែកញ្ញា រហូតមកដល់ពេលនេះ កងទ័ពអ៊ុយក្រែន កំពុងតែទទួលបានជ័យជម្នះជាបន្ដបន្ទាប់ លើកម្លាំងទាហានរបស់ក្រុងមូស្គូ រហូតឈានដល់ការរំដោះរបស់ខ្លួន កាន់តែច្រើនឡើង ខណៈប្រធានាធិបតី ហ្សេឡែនស្គី បានអះអាងថា កម្លាំងយោធារុស្ស៊ី កានតែច្រើន ព្យាយាមរត់ចេញបីសមរភូមិ ខណៈកងទ័ពម្ចាស់ប្រទេស វាយលុកយ៉ាងសន្ធាប់។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៤ ខែតុលា ថា បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានដកស្រង់សម្ដីរបស់លោក ស៊ើរហ្គេ សូអ៊ីហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី ដែលបានអះអាងថា ប្រជាជនរុស្ស៊ី ប្រហែល ជាង ២សែននាក់ បានចុះឈ្មោះចូលបម្រើ នៅក្នុងជួរកងទ័ពរុស្ស៊ី ចាប់តាំងពីលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានប្រកាស អំពីការចល័តទ័ពមួយផ្នែក កាលពីថ្ងៃទី២១ ខែកញ្ញា ដើម្បីបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។
លោករដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី បានអះអាងបែបនេះ ក្រោយពេល ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) បានបញ្ជាក់ ថា កម្លាំងទាហានរុស្ស៊ី ទើបនឹងកេណ្ឌ មកចូលរួមប្រយុទ្ធ នៅក្នុងសមរភូមិរបស់អ៊ុយក្រែន កំពុងតែជ្រើសរើស រកផ្លូវរត់ភៀសខ្លួន ច្រើនជាងការប្រឈមមុខនឹងការប្រយុទ្ធ នៅក្នុងសង្គ្រាម ដោយសារតែពួកគេបានដឹងខ្លួនជាមុន ថា មិនអាចយកជ័យជម្នះបានឡើយ។
លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ជាតិមួយ កាលពីថ្ងៃចន្ទ ដោយលើកឡើង អំពីជ័យជម្នះជាថ្មីរបស់កម្លាំងការពារទឹកដីរបស់អ៊ុយក្រែន ក៏ដូចជា បញ្ហាជាច្រើន ដែលបានរាយការណ៍ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី នៅក្នុងការពង្រឹងការឈ្លានពានរបស់ខ្លួន ជាមួយនឹងកម្លាំងទាហានថ្មី។ សុន្ទរកថារបស់មេដឹកនាំអ៊ុយក្រែន បានធ្វើឡើង ក្រោយពេលក្រុងកៀវ (Kyiv) បានខិតខំវាយ បកទៅលើទាហានរុស្ស៊ី ដែលបានកេណ្ឌ មកទប់ទល់នឹងការប្រយុទ្ធ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានប្រកាស អំពីការចល័តទ័ពមួយផ្នែក កាលពីខែមុន មកកាន់ប្រទេសជិតខាងមួយនេះ។
លោក ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា «ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា កំពុងតែបន្តនៅក្នុងតំបន់ជាច្រើន នៅសមរភូមិជួរមុខ។ ប៉ុន្តែទស្សនវិស័យ ចំពោះអរិភាពទាំងនេះ នៅតែបង្ហាញ ពីភាពជាក់ស្តែង ដោយសារកម្លាំងទាហានរុស្ស៊ី កាន់តែច្រើន កំពុងព្យាយាមរត់គេចខ្លួន។ ចំណែកការខាតបង់ កាន់តែច្រើន កំពុងតែវាយប្រហារ ទៅលើកងទ័ពសត្រូវ ហើយមានការយល់ដឹង កាន់តែច្រើនឡើង ថា រុស្ស៊ី បានធ្វើកំហុសកាន់តែច្រើន ដោយសារការចាប់ផ្តើមសង្រ្គាម ប្រឆាំងនឹងអ៊ុយក្រែន»។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានប្រកាស កាលពីថ្ងៃទី២១ ខែកញ្ញា ថា គាត់បានចេញបទបញ្ជា ជំរុញឲ្យមានការកេណ្ឌទ័ព ចំនួន៣០០ ០០០នាក់។ បទបញ្ជារបស់មេដឹកនាំវិមានក្រឹមឡាំង បាននាំឲ្យមានការតវ៉ាយ៉ាងខ្លាំង ហើយមនុស្ស ប្រហែលជាង ២ ០០០នាក់ ត្រូវចាប់ខ្លួន ខណៈបុរសជនជាតិរុស្ស៊ី មានអាយុគ្រប់ចូលបម្រើកងទ័ព រាប់សែននាក់ ក៏មានសេចក្ដីរាយការណ៍ ថា បានរត់ភៀសខ្លួន ចេញពីប្រទេស ដោយសារតែការភ័យខ្លាចនឹងការកេណ្ឌទ័ព បញ្ជូនទៅកាន់សមរភូមិ នៅអ៊ុយក្រែន។
លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងសន្ទរកថារបស់គាត់ សំអាងទៅលើសេចក្ដីរាយការណ៍របស់ទាហានរុស្ស៊ី កំពុងតែបញ្ជូនទៅធ្វើសង្គ្រាម ដោយមិនបានត្រៀមខ្លួនទុកជាមុន។ សកម្មភាពរបស់ក្រុងមូស្គូ ក៏មិនខុស ពីការបញ្ជូនទាហានបម្រុងទាំងនោះ ទៅរកសេចក្ដីស្លាប់នោះដែរ។ លោកប្រធានាធិបតី បានបន្ថែមថា «នៅពេលទាហានបម្រុងទាំងនេះស្លាប់ នឹងមានទាហានបម្រុង កាន់តែច្រើន នឹងត្រូវបញ្ជូនមកបន្ថែមទៀត។ នេះជារបៀប ដែលរុស្ស៊ី ត្រូវប្រយុទ្ធ ហើយក៏ជារបៀប ដែលក្រុងមូស្គូ នឹងបន្ដបាត់បង់កងទ័ពបន្ថែមទៀត»។
ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់ថា «ឥឡូវនេះ មិនមានអ្នក ដែលកំពុងតែបញ្ជូនទៅធ្វើសង្គ្រាម បន្ទាប់ពីការប្រមូលផ្តុំបទឧក្រិដ្ឋ នឹងមិនអាចពន្យល់បានទេ តើចំណុចនេះ សម្រាប់គាត់ផ្ទាល់ គឺជាអ្វី? ហេតុអ្វីបានជាគាត់ត្រូវប្រថុយជីវិត?»
លោក អេនឌ្រីយ យូសូវ (Andriy Yusov) អ្នកនាំពាក្យ នាយកដ្ឋានស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអ៊ុយក្រែន បានថ្លែង តាមបណ្ដាញទូរទស្សន៍ជាតិ និយាយកាលពីសប្តាហ៍មុន ថា ជនជាតិរុស្ស៊ី បានទូរស័ព្ទទៅបណ្តាញទូរស័ព្ទបន្ទាន់ បង្កើតឡើង ដោយអ៊ុយក្រែន រួចហើយសួរនាំអំពីរបៀបចុះចាញ់។ ប៉ុន្មានថ្ងៃក្រោយមក ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ក៏បានបង្ហោះវីដេអូ តាមបណ្ដាញអ៊ិនធើរណេត ដោយអំពាវនាវ ដល់ជនជាតិភាគតិចរបស់រុស្ស៊ី ឱ្យទប់ទល់នឹងការបញ្ជូន មកប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មាន Tass News គ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានរាយការណ៍ កាលពីថ្ងៃចន្ទ ថា កងទ័ពអ៊ុយក្រែន បានបញ្ឈប់ការវាយរុលចូលទៅមុខ នៅតាមដងទន្លេឌីនីភើ (Dnieper) ស្ថិតក្នុងតំបន់ឃើរសុន (Kherson) នាភាគខាងត្បូង ប្រទេសរបស់ពួកគេ។ ដោយឡែក មន្រ្ដីយោធាមួយរូបរបស់រុស្ស៊ី ក៏បានប្រាប់សារព័ត៌មានដដែលនេះ ថា កងទ័ពអ៊ុយក្រែន មិនអាចវាយទម្លុះរបាំងការពារ នៅក្នុងតំបន់ឃើរសុននេះបានឡើយ៕