សម្ព័ន្ធមិត្ដសហរដ្ឋអាមេរិកនៅអាស៊ីបូព៌ា ជំរុញឲ្យលុបបំបាត់អាវុធមហាប្រល័យលោកទាំងស្រុង ពីឧបទ្វីបកូរ៉េ!

រាជធានីតូក្យូ៖ នៅក្នុងជួបគ្នាតាមទូរស័ព្ទ រយៈពេល២៥នាទី កាលពីរាត្រី ថ្ងៃអង្គារ នោះ នាយករដ្ឋមន្រ្ដីជប៉ុន និង ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញអំពីតម្រូវការ សម្រាប់ពង្រឹងការរារាំង និង បង្កើនសមត្ថភាពឆ្លើយតបរបស់សម្ពន្ធមិត្តទ្វេភាគី ប្រឆាំងនឹងក្រុងព្យុងយ៉ាង ក្រោយពេលកូរ៉េខាងជើង បានបាញ់មីស៊ីលបាលិស្ទីក ជាបន្ដបន្ទាប់ ចំនួន៥គ្រាប់ ត្រឹមតែរយៈពេល១០ថ្ងៃ ហើយក្នុងនោះ មានមីស៊ីលចំនួន១គ្រាប់ បានហោះពីលើប្រទេសជប៉ុន មុននឹងវាធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ទើបនាយករដ្ឋមន្រ្ដី នៃប្រទេសអាស៊ីបូព៌ាមួយនេះ បានជំរុញឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ពីប្រទេសឯកោមួយនេះ។

សារព័ត៌មាន JIJI Press បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៤ ខែតុលា ថា លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន និង លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក  កាលពីរាត្រី ថ្ងៃអង្គារ បានចរចាគ្នា តាមទូរស័ព្ទ រយៈពេល២៥នាទី ក្រោយពេលមីស៊ីលបាលិស្ទីក (Ballistic Missle) មួយគ្រាប់របស់កូរ៉េខាងជើង កាលពីព្រឹក ថ្ងៃដដែលនោះ បានហោះរំលងប្រជុំកោះរបស់ប្រទេសជប៉ុន ជាលើកទី១ ចាប់តាំងពីឆ្នាំ២០១៧មក។ មេដឹកនាំទាំង២ បានចាត់ទុកការបាញ់មីស៊ីលជាថ្មីរបស់កូរ៉េខាងជើង កាលពីព្រឹក ថ្ងៃដដែលនោះ ជាការបង្ហាញយ៉ាងច្បាស់ អំពីការធ្វើឲ្យប៉ះពាល់ដល់សន្ដិសភាព និង ស្ថិតភាព នៅក្នុងប្រទេសជប៉ុន តំបន់ និង សហគមន៍អន្ដរជាតិ។

មេដឹកនាំជាសម្ពន្ធមិត្តទាំង២ប្រទេសនេះ បានថ្កោលទោសយ៉ាងខ្លាំង ជុំវិញសកម្មភាពបាញ់សាកល្បងមីស៊ីលជាបន្ដបន្ទាប់របស់កូរ៉េខាងជើង។ មេដឹកនាំទាំង២ប្រទេសនេះ ក៏បានចែករំលែក អំពីការទទួលស្គាល់ ថា ការបង្កហេតុជាបន្តបន្ទាប់របស់ក្រុងព្យុងយ៉ាង រួមទាំងការបាញ់មីស៊ីល ក្លាយជាបញ្ហាប្រឈមមុខយ៉ាងច្បាស់លាស់ និង ធ្ងន់ធ្ងរបំផុត សម្រាប់សន្តិភាព និង ស្ថិរភាព នៅក្នុងប្រទេសជប៉ុន តំបន់ និង សហគមន៍អន្តរជាតិ។

នាយករដ្ឋមន្រ្ដីជប៉ុន លោក Kishida បានបង្ហាញ អំពីការតាំងចិត្តរបស់គាត់ នៅក្នុងការពង្រឹងសមត្ថភាពការពារប្រទេសយ៉ាងខ្លាំងក្លារបស់ជប៉ុន។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្ដីជប៉ុន និង ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ រវាងជប៉ុន អាមេរិក និង កូរ៉េខាងត្បូង គួរតែត្រូវបានលើកកម្ពស់។

មេដឹកនាំជាសម្ពន្ធមិត្តទាំង២ប្រទេសនេះ បានសង្កត់ធ្ងន់ ថា សហរដ្ឋអាមេរិក ជប៉ុន និង កូរ៉េខាងត្បូង នឹងធ្វើការរួមគ្នាយ៉ាងដិតដល់ ដើម្បីលុបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង នៅកូរ៉េខាងជើង ជាមួយនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។ ក្រៅពីនេះ នាយករដ្ឋមន្រ្ដីជប៉ុន និង ប្រធានា    ធិបតីសហរដ្ឋអាមេរិក ក៏បានពិភាក្សា អំពីការចាប់ពង្រត់ជនជាតិជប៉ុន ដោយកូរ៉េខាងជើងផងដែរ។ លោក ចូ បៃដិន បានប្រាប់ដល់លោក គីស៊ីដា ថា សហរដ្ឋអាមេរិក នឹងសហការយ៉ាងពេញលេញ ដើម្បីដោះស្រាយលើបញ្ហានេះ។

លោកនាយករដ្ឋមន្ដ្រី គីស៊ីដា បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន ក្រោយពេលជំនួបតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក ថា ជប៉ុន ត្រូវការសិក្សា អំពីជម្រើស សម្រាប់ការដាក់ទណ្ឌកម្ម ដោយផ្ទាល់ខ្លួន ប្រឆាំងនឹងកូរ៉េខាងជើង។ ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្រ្ដី បានថ្លែងថា លោកនឹងផ្ញើសារខ្លាំងៗ ខណៈអំពាវនាវដល់អង្គការសហប្រជាជាតិ និង សហការជាមួយប្រទេសពាក់ព័ន្ធ ជុំវិញបញ្ហានេះ។ លោកនាយករដ្ឋមន្រ្ដី ក៏បានអះអាង ពីការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយូល (Yoon Suk-yeol) ផងដែរ។

កូរ៉េខាងជើង កាលពីព្រឹក ថ្ងៃអង្គារ បានបាញ់មីស៊ីលបាលិស្ទីក (Ballistic Missile) ជាលើកទី១ ចាប់តាំងពីឆ្នាំ២០១៧មក។ ដោយឡែក ក្រុងតូក្យូ បានអះអាង ថា មីស៊ីលរបស់កូរ៉េខាងជើង នាពេលនេះ អាចហោះ នៅក្នុងចម្ងាយ ៤ ៦០០គីឡូម៉ែត្រ។ នេះជាការបាញ់សាកល្បងមីស៊ីលលើកទី៥របស់ក្រុងព្យុងយ៉ាង នៅក្នុងរយៈពេលត្រឹមតែ១០ថ្ងៃ ខណៈសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង ជប៉ុន កំពុងតែធ្វើសមយុទ្ធយោធារួមគ្នា ប្រឆាំងនឹងនាវាមុជទឹក ដោយមានការចូលរួម ពីនាវាផ្ទុកយន្ដហោះដ៏ទំនើប ដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក  USS Ronald Reagan ចូលរួមផងដែរ។

លោក ហ៊ីរ៉ូកាហ្ស៊ូ ម៉ាតស៊ូណូ (Hirokazu Matsuno) អ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាលជប៉ុន បានប្រាប់ដល់សន្និសីទសារព័ត៌មានមួយ ថា «សកម្មភាពជាបន្តបន្ទាប់របស់កូរ៉េខាងជើង រួមទាំងការបាញ់មីស៊ីលផ្លោងម្តងហើយម្តងទៀត កំពុងតែគំរាមកំហែងដល់សន្តិភាព និង សន្តិសុខរបស់ប្រទេសជប៉ុន តំបន់ និង សហគមន៍អន្តរជាតិ ហើយកំពុងតែបង្កបញ្ហាប្រឈមមុខយ៉ាងធ្ងន់ធ្ងរ ដល់សហគមន៍អន្តរជាតិទាំងមូល រួមទាំងប្រទេសជប៉ុន ផងដែរ»។

កូរ៉េខាងជើង បានបាញ់មីស៊ីលជាបន្ដបន្ទាប់ ទាំងនៅមុន និង ក្រោយដំណើរបំពេញទស្សនកិច្ចរបស់លោកស្រី កាម៉ាឡា ហាររីស (Kamala Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិក មកកាន់ប្រទេសកូរ៉េខាងត្បូង កាលពីប៉ុន្មានថ្ងៃមុននេះ៕

 

អត្ថបទដែលជាប់ទាក់ទង