ប្រធានាធិបតីអ៊ុយក្រែន ចេញក្រឹត្យមួយ អត់ចរចាជាមួយសមភាគីរុស្ស៊ី ពូទីន!

រដ្ឋធានីកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន បានហត្ថលេខាលើក្រឹត្យមួយ ទាត់ចោលនូវការចរចាសន្ដិភាព ដោយផ្ទាល់ជាមួយនឹងសមភាគីរុស្ស៊ី ខណៈក្រុងមូស្គូ បានអះអាង អំពីប្រជាជន ជាង ២០០ ០០០នាក់ បានចុះឈ្មោះចូលបម្រើ នៅក្នុងជួរកងទ័ព ចាប់តាំងពីមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានប្រកាស អំពីយន្ដការចល័តទ័ពមួយផ្នែក បញ្ជូន ទៅកាន់ប្រទេសអ៊ុយក្រែន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៤ ខែតុលា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយបានប្រកាស ជាផ្លូវការនូវលទ្ធភាពចរចាសន្តិភាពណាមួយ ជាមួយនឹងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ថា «នឹងមិនអាចទៅរួចនោះទេ»។ ប៉ុន្តែទោះជាយ៉ាងណា មេដឹកនាំក្រុងកៀវ រូបនេះ នៅតែបើកទ្វារបើកចំហ សម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៊ី ដដែល។

ក្រឹត្យនេះ បានធ្វើការអត្ថាធិប្បាយជាផ្លូវការ ដោយលោក ហ្សេឡែនស្គី (Zelenskyy) កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ក្រោយពេលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសដាក់បញ្ចូលតំបន់ចំនួន៤របស់អ៊ុយក្រែន ដែលបានវាយដណ្ដើមកាន់កាប់ដោយកម្លាំងទាហានក្រុងមូស្គូ ជាឧបសម្ព័ន្ធរបស់រុស្ស៊ី។ ក្រឹត្យនេះ ក៏ជាវិធានការមួយ ដែលក្រុងកៀវ និង សម្ពន្ធមិត្តរបស់បស្ចិមលោក បានបរិហារ ថា ការប្រកាសកាត់យកតំបន់ទាំង៤របស់អ៊ុយក្រែន ធ្វើឡើង ដោយខុសច្បាប់។

លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ កាលពីថ្ងៃសុក្រ មុន ថា «លោក ពូទីន មិនស្គាល់អ្វីជាភាពថ្លៃថ្នូរ និង សេចក្ដីស្មោះត្រង់ នោះឡើយ។ ដូច្នេះហើយ យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាជាមួយនឹងរុស្ស៊ី ប៉ុន្តែជាមួយប្រធានាធិបតីរុស្ស៊ីផ្សេងទៀត ហើយក៏មិនមែនជាមួយនឹងលោក ពូទីន នោះដែរ»។

លោក វ៉្លាឌីមៀ ពូទីន មានវ័យ៧០ឆ្នាំ នៅត្រឹមសប្ដាហ៍នេះ បានគ្រប់គ្រងទិដ្ឋភាពនយោបាយរបស់រុស្ស៊ី អស់រយៈពេលជាង២ទសវត្សរ៍កន្លងមកហើយ ហើយនឹងអាចឈរឈ្មោះ បានពីរអាណត្ដិបន្ដទៀត ក្រោមការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយគាត់បានធ្វើជាអធិបតី អាចបន្តកាន់អំណាច រហូតដល់ឆ្នាំ២០៣៦។

ដោយឡែក វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានអះអាង ក្រោយការចេញក្រឹត្យរបស់លោក ហ្សេឡែនស្គី ថា ករណីនេះ មិនអាចចរចាសន្ដិភាព ដោយមិនមានប្រធានាធិបតីអ៊ុយក្រែន នោះឡើយ។ ប៉ុន្ដែទោះជាយ៉ាងណា ក្រុងមូស្គូ នឹងរង់ចាំនូវការផ្ដាស់ប្ដូរគោលជំហររបស់អ៊ុយក្រែន ជុំវិញការចរចាសន្ដិភាព ហើយថា រុស្ស៊ី ត្រូវការភាគីទាំង២ សម្រាប់ការចរចាគ្នា។

លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន ថា «យើងនឹងរង់ចាំ រហូតដល់ប្រធានាធិបតីបច្ចុប្បន្នរបស់អ៊ុយក្រែន ផ្លាស់ប្ដូរនូវគោលជំហររបស់គាត់ ឬក៏រង់ចាំ រហូតដល់ប្រធានាធិបតីក្រោយ ផ្លាស់ប្ដូរតំណែងរបស់គាត់ នៅក្នុងផលប្រយោជន៍របស់ប្រជាជនអ៊ុយក្រែន»។

បណ្ដាទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានដកស្រង់សម្ដីរបស់លោក ស៊ើរហ្គេ សូអ៊ីហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី យកមកចុះផ្សាយ ថា «គិតត្រឹម ថ្ងៃនេះ ប្រជាជនរុស្ស៊ី ជាង ២០០ ០០០នាក់ បានចុះឈ្មោះ ចូលបម្រើ នៅក្នុងជួរកងទ័ពរុស្ស៊ី ចាប់តាំងពីប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន បានប្រកាស អំពីការចល័តទ័ពបម្រុងមួយផ្នែក កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីបញ្ជូនទៅកាន់សមរភូមិ នៅអ៊ុយក្រែន។ ចំណែកការបង្កើតអង្គភាពហ្វឹកហ្វឺន មានចំនួន៨០ និង នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន ចំនួន៦»។

ការធ្វើអត្ថាធិប្បាយរបស់លោករដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី បានកើតឡើង ក្រោយពេលប្រធានតំបន់ខាបារ៉ូវស្ក៍ (Khabarovsk) ស្ថិតនៅតំបន់ចុងបូព៌ារុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា ទាហានបម្រុងចល័ត រាប់ពាន់នាក់ បានបញ្ជូនទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ដោយសារតែមិនសមស្របនឹងលក្ខខណ្ឌកាតព្វកិច្ចការពារជាតិរបស់រុស្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង