ទីភ្នាក់ងារសម្ងាត់អាមេរិក ៖ អ៊ុយក្រែននៅពីក្រោយខ្នងបំផ្ទុះគ្រាប់ស.ម្លាប់កូនស្រីរបស់បុរស ជំនិតប្រធានាធិបតីរុស្ស៊ី!

រដ្ឋធានីវ៉ាស៊ីនតោន៖ កូនស្រីរបស់លោក អាឡែកសានដ័រ ឌូហ្គីន (Aleksandr Dugin) ដែលជាមនុស្សជំនិតបំផុតមួយរូបរបស់ប្រធានាធិបតីរុស្ស៊ី ហើយបានរងនូវការវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែក នៅក្នុងរថយន្ដ កាលពីអំឡុងខែសីហា ប៉ុន្ដែទើបពេលនេះ មានការវាយតម្លៃ ពីទីភ្នាក់ងារសម្ងាត់របស់បស្ចិមលោក អះអាងថា អ៊ុយក្រែន នៅពីក្រោយការបំផ្ទុះគ្រាប់បែកនោះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ថា បើតាមសារព័ត៌មាន New York Times បានរាយការណ៍ ថា បណ្ដាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ជឿ ថា សកម្មភាពមួយចំនួនរបស់រដ្ឋាភិបាលអ៊ុយក្រែន បានអនុញ្ញាតឱ្យមានការវាយប្រហារ ដោយគ្រាប់បែក នៅក្នុងរថយន្ត នៅជិតទីក្រុងមូស្គូ កាលពីអំឡុងខែសីហា ដោយបានសម្លាប់លោកស្រី ដារីយ៉ា ឌូហ្គីណា (Darya Dugina) ជាកូនស្រីរបស់អ្នកជាតិនិយមរុស្ស៊ីដ៏លេចធ្លោមួយរូប គឺលោក អាឡែកសានដ័រ ឌូហ្គីន (Aleksandr Dugin) ដែលមនុស្សជំនិតមួយរូបរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។

សារព័ត៌មាន New York Times បានរាយការណ៍ កាលពីថ្ងៃពុធ ថា ការវាយតម្លៃនេះ មានភាពស្មុគស្មាញ ដែលបានចោទប្រកាន់ទៅលើអ៊ុយក្រែន ហើយត្រូវបានចែករំលែក នៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីសប្ដាហ៍កន្លងទៅ។

សេចក្ដីរាយការណ៍ដដែល បានអះអាង ថា មន្ត្រីសហរដ្ឋអាមេរិក ដែលនិយាយ អំពីការស៊ើបការណ៍សម្ងាត់ មិនបានបង្ហាញ អំពីធាតុផ្សំរបស់រដ្ឋាភិបាលអ៊ុយក្រែន ដែលត្រូវគេជឿ ថា បានអនុញ្ញាតឱ្យមានបេសកកម្មនេះ ដោយការវាយប្រហារ ឬថាតើប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានចុះហត្ថលេខាលើបទបញ្ជានេះឡើយ។ របាយការណ៍ បានសង្ខេបអំពីសកម្មភាពរបស់អ៊ុយក្រែន និង ការឆ្លើយតបរបស់សហរដ្ឋអាមេរិក បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សា អំពីព័ត៌មានសម្ងាត់ និង បញ្ហាការទូតដ៏រសើបនេះ។

លោកស្រី ដារីយ៉ា ឌូហ្គីណា (Darya Dugina) អាយុ២៩ឆ្នាំ ជាអ្នកអត្ថាធិប្បាយជាមួយប៉ុស្តិ៍ទូរទស្សន៍ជាតិនិយមរុស្ស៊ី ត្រូវបានសម្លាប់ ខណៈគ្រាប់បែកបានបំផ្ទុះ នៅក្នុងរថយន្ដរបស់លោកស្រី កាលពីអំឡុងខែសីហា នៅជាយរដ្ឋធានីមូស្គូ។ ការវាយប្រហារនេះ បាននាំឲ្យរុស្ស៊ី ស្តីបន្ទោស ទៅលើ«ភ្នាក់ងារពិសេស»របស់អ៊ុយក្រែន។

ទោះជាយ៉ាងណា រដ្ឋាភិបាលអ៊ុយក្រែន បានបដិសេធភ្លាមៗ ក្រោយពេលក្រុងមូស្គូ បានចោទប្រកាន់។ ប៉ុន្ដែនៅពេលមានការសាកសួរ អំពីការវាយតម្លៃរបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក នោះ លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) ទីប្រឹក្សា ប្រធានាធិបតីអ៊ុយក្រែន បានបដិសេធដដែលជាដដែល។

លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) បានប្រាប់ដល់សារព័ត៌មាន New York Times ថា «ខ្ញុំសូមបញ្ជាក់ ជាថ្មីថា មិនមានការធ្វើឃាតណាមួយ នៅក្នុងអំឡុងសង្គ្រាម នៅអ៊ុយក្រែន ឬប្រទេសផ្សេងៗទៀត ដែលត្រូវតែមានអត្ថន័យជាក់ស្តែងមួយចំនួន។ បញ្ហានេះ គួរតែបំពេញគោលបំណងជាក់លាក់មួយចំនួន ឬជាយុទ្ធសាស្ត្រ។ អ្នកណាម្នាក់ ដូចជា លោកស្រី Dugina មិនមែនជាយុទ្ធសាស្ត្រ ឬជាគោលដៅយុទ្ធសាស្ត្រ សម្រាប់អ៊ុយក្រែន នោះឡើយ»។

ក្រុមមន្ត្រីសហរដ្ឋអាមេរិក ក៏បានប្រាប់កាសែត New York Times ថា ពួកគេខ្វះរូបភាពពេញលេញ ពីអំណាចកណ្ដាល នៅក្នុងរដ្ឋាភិបាលអ៊ុយក្រែន រួមទាំង យោធា ទីភ្នាក់ងារសន្តិសុខ និង ការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy ។ នេះប្រហែលជាពន្យល់ ពីមូលហេតុដែលរដ្ឋាភិបាលអ៊ុយក្រែន មិនបានដឹង អំពីផែនការនេះ៕

អត្ថបទដែលជាប់ទាក់ទង