ព្រះមហាក្សត្រថៃ យាងទៅសួរសុខទុក្ខជនរងគ្រោះ ពីការសម្លាប់យ៉ាងរង្គាល

រាជធានីបាងកក៖ ក្រោយពេលកើតមានការសម្លាប់យ៉ាងរង្គាល នៅក្នុងមជ្ឈមណ្ឌលថែទាំកុមារ ស្ថិតក្នុងខេត្ត Nong Bua Lam Phu នោះមក ព្រះមហាក្សត្រថៃ និង ព្រះមហាក្សត្រី នឹងយាងទៅកាន់សួរសុខទុក្ខជនរងគ្រោះ នៅក្នុងមន្ទីរពេទ្យ។

សារព័ត៌មានថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៧ ខែតុលា ថា លោក អានុចា ប៊ូរ៉ាប៉ាចៃស្រី (Anucha Burapachaisri) អ្នកនាំពាក្យ រដ្ឋាភិបាល បានបញ្ជាក់ ថា  ព្រះមហាក្សត្រថៃ និង មហាក្សត្រី នឹងយាងទៅសួរសុខទុក្ខជនរងគ្រោះ ពីការបាញ់សម្លាប់យ៉ាងរង្គាល កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងខេត្ត Nong Bua Lam Phu និង ខេត្ត Udon Thani provinces នៅរាត្រីថ្ងៃសុក្រ។ ស្ដេចទាំង២ព្រះអង្គ នឹងយាងទៅដល់មូលដ្ឋានកងទ័ពអាកាស Wing 23 ស្ថិតក្នុងខេត្ត Udon Thani ហើយបន្ដយាងទៅកាន់មន្ទីរពេទ្យ Nong Bua Lam Phu ស្ថិតក្នុងស្រុក Muang ខេត្ត Nong Bua Lam Phu។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ថា អតីតប៉ូលិសថៃ ម្នាក់ បានសម្លាប់មនុស្សយ៉ាងតិច៣៧នាក់ ដែលភាគច្រើនជាកុមារ។ ការវាយប្រហារនេះ បានកើតឡើង នៅក្នុងមជ្ឈមណ្ឌលថែទាំកុមារមួយកន្លែង នាភាគឦសាន ប្រទេសថៃ។

មន្រ្ដីប៉ូលិសថៃ បានបញ្ជាក់ ថា អតីតមន្ត្រីប៉ូលិសម្នាក់ ប្រដាប់ដោយកាំភ្លើង និង កាំបិតបានសម្រុកបាញ់ប្រហារ ទៅក្នុងកន្លែងបណ្តុះកូនមួយ នៅភាគឦសានប្រទេសថៃ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ជាង៣០នាក់ ដែលភាគច្រើនជាកុមារ មុនពេលសម្លាប់ខ្លួនឯង និង ក្រុមគ្រួសារ។

លោកឧត្ដមសេនីយ៍ តូសាក់ ស៊ូកវីម៉ូល (Torsak Sukwimol) អគ្គស្នងការរងនគរបាលជាតិថៃ បានថ្លែង មុនដំបូង ថា មនុស្ស ចំនួន៣៤នាក់ បានស្លាប់ ហើយក្នុងចំណោមជនរងគ្រោះ ទាំងនោះ មានកុមារចំនួន២២នាក់ ក្រោយពេលអតីតមន្រ្ដីប៉ូលិស លោក ប៉ានយ៉ា ខាមរ៉ាប (Panya Khamrab) បានវាយប្រហារ ចូលទៅក្នុងមណ្ឌលថែទាំកុមារ បើកដំណើរការ ដោយអង្គការរដ្ឋបាលឃុំអ៊ូថៃ សាវ៉ាន់ (Uthai Sawan) ស្រុក Na Klang។ ក្រៅពីនេះ ក៏មានមនុស្ស ចំនួន១២នាក់ផ្សេងទៀត បានរងរបួស ហើយក្នុងនោះមានអ្នករងរបួសធ្ងន់ ចំនួន៨នាក់។

បើតាមរបាយការណ៍ចុងក្រោយរបស់ប៉ូលិសថៃ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ បានកើតឡើង ដល់៣៨នាក់ ខណៈពេលមុន បានបញ្ជាក់ ថា មានអ្នកស្លាប់ ចំនួន៣៥នាក់។ នៅក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានមនុស្សពេញវ័យ ចំនួន១១នាក់ និង កុមារ ចំនួន២៤នាក់ ហើយមនុស្ស ចំនួន១៥នាក់ផ្សេងទៀត បានរងរបួស។ ចំណែក ជនដៃដល់បានប្រើប្រាស់កាំភ្លើងខ្លី ម៉ាក SIG Sauer P365 និង កាំបិតចុងស្រួច។ ប៉ូលិស បានដាក់ការសង្ស័យ ថា ខ្មាន់កាំភ្លើង អាយុ៣៤ឆ្នាំរូបនេះ អាចស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន ខណៈវាយប្រហារ មកលើមជ្ឈមណ្ឌលកុមារ។

មន្រ្ដីប៉ូលិសថៃ បានបញ្ជាក់ថា ខ្មាន់កាំភ្លើងរូបនេះ ធ្លាប់ធ្វើជាប៉ូលិស ហើយត្រូវបានបណ្ដេញ ពីក្របខ័ណ្ឌប៉ូលិស កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដោយសារការប្រើប្រាស់គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន។ ការសម្រេចបណ្ដេញ ចេញពីក្របខណ្ឌប៉ូលិសនេះ បានធ្វើឡើង នៅថ្ងៃទី២០ ខែមករា ជាថ្ងៃដែលគាត់ ត្រូវចាប់ខ្លួន និង សារភាព ចំពោះការចោទប្រកាន់នេះ។

ការិយាល័យមជ្ឈមណ្ឌលស៊ើបអង្កេត បានបង្ហោះ នៅលើទំព័រផ្លូវការ ថា ខ្មាន់កាំភ្លើង បានរត់គេចខ្លួន មកដល់ផ្ទះ ហើយបាញ់ខ្លួនប្រពន្ធ និង កូនរបស់គេ មុននឹងបាញ់សម្លាប់ខ្លួន តាមក្រោយ៕

អត្ថបទដែលជាប់ទាក់ទង