មេដឹកនាំវិមានក្រឹមឡាំង កោះប្រជុំបន្ទាន់ ពិភាក្សាជុំវិញបញ្ហាការបំផ្ទុះស្ពានគ្រីមៀ!
រដ្ឋធានីមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី បានកោះប្រជុំជាបន្ទាន់មួយ ទំនងជាពិភាក្សា ជុំវិញបញ្ហាការបំផ្ទុះស្ពានដ៏សំខាន់តែមួយគត់ តភ្ជាប់ ពីដីគោករបស់ប្រទេសរុស្ស៊ី ទៅកាន់ឧបទ្វីបគ្រីមៀ ដែលបានរឹបអូសពីប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០១៤ ព្រោះវាជាស្ពានយុទ្ធសាស្រ្ដ សម្រាប់ការដឹកជញ្ជូនកងទ័ព និង ភស្ដុភារយោធា ដើម្បីបម្រើដល់សង្គ្រាម នៅក្នុងប្រទេសជិតខាងរបស់ខ្លួន។
សារព័ត៌មានរបស់ចក្រភពអង់គ្លេស The Guardian បានចេញផ្សាយ កាលពីរាត្រី ថ្ងៃអាទិត្យ ថា លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង បានបញ្ជាក់ ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) នឹងបើកកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាសន្ដិសុខរបស់គាត់ នៅថ្ងៃចន្ទ។ កិច្ចប្រជុំនេះ បានកើតឡើង ក្រោយការបំផ្ទុះ កាលពីថ្ងៃសៅរ៍ ដោយបានបណ្ដាលឲ្យផ្នែកខ្លះ នៃស្ពាន តភ្ជាប់ពីប្រទេសរុស្ស៊ី ទៅកាន់ឧបទ្វីបគ្រីមៀ (Crimea) បានបាក់ធ្លាក់ ចូលទៅក្នុងទឹកសមុទ្រ។
ថ្វីបើគោលបំណងដ៏សំខាន់ នៃកិច្ចប្រជុំនេះ មិនត្រូវបានមេដឹកនាំវិមានក្រឹមឡាំង ប្រកាសឲ្យដឹងជាមុនក៏ដោយ ប៉ុន្តែគេអាចយល់យ៉ាងច្បាស់ថា កិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខរបស់លោក ពូទីន នឹងផ្ដោតទៅលើបញ្ហាស្ពានយុទ្ធសាស្ត្រគ្រីមៀ នេះ។ ការកោះប្រជុំបន្ទាន់នេះ បានកើតឡើង ក្រោយការបំផ្ទុះស្ពាន ត្រឹមរយៈពេល២ថ្ងៃ ដោយបានបណ្ដាលឲ្យខូចខាតយ៉ាងដំណំ ហើយអ្វីដែលគេមើលឃើញនាពេលនេះ គឺជាបរាជ័យផ្នែកសន្តិសុខដ៏អាក្រក់បំផុត សម្រាប់ប្រទេសរុស្ស៊ី ផងដែរ។ ចំណែកក្រុមប្រឹក្សាសន្ដិសុខរបស់លោកប្រធានាធិបតីរុស្ស៊ី មានសមាសភាពមន្ត្រីជាន់ខ្ពស់បំផុតរបស់រដ្ឋ និង ជាប្រមុខការពារជាតិ ហើយសន្តិសុខរុស្ស៊ី ដែលទទួលបន្ទុកសម្របសម្រួលកិច្ចការសន្តិសុខជាតិ។
ស្ពានគ្រីមៀនេះ មានប្រវែង១៩គីឡូម៉ែត បានតភ្ជាប់ពីឧបទ្វីបគ្រីមៀ ទៅកាន់ដីគោករបស់ប្រទេសរុស្ស៉ី ហើយត្រូវបានបំផ្ទុះ មានកម្លាំងដ៏ខ្លាំង បណ្ដាលឲ្យខូចខាតយ៉ាងដំណំ កាលពីថ្ងៃសៅរ៍។ ចំណែកផ្នែកខាងលើ នៃស្ពាននេះ មានទាំងផ្លូវថ្នល់ និង ផ្លូវដែក ត្រូវបានសាងសង់ឡើង ក្រោមបទបញ្ជារបស់លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី ហើយបានសម្ពាធដាក់ឲ្យប្រើប្រាស់ កាលពីឆ្នាំ២០១៨ ក្រោយពេលក្រុងមូស្គូ បានរឹបអូសយកពីអ៊ុយក្រែន ដោយមិនមានការបំផ្ទុះអាវុធ កាលពីឆ្នាំ២០១៤។
ស្ពានគ្រីមៀ ដែលបានចំណាយថវិកា ប្រហែលជាជាង៣ពាន់លានដុល្លារសហរដ្ឋអាមេរិកនេះ បានដើរតួនាទី ជាស្ពានយុទ្ធសាស្រ្ដដ៏សំខាន់បំផុត សម្រាប់ការដឹកជញ្ជូនកងទ័ព និង សម្ភារយោធារបស់ក្រុងក្រុងមូស្គូ នៅក្នុងការធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។ ចំណែកការបំផ្ទុះស្ពានយុទ្ធសាស្រ្ដនេះ ក៏ជាការបង្ហាញ ពីបរាជ័យផ្នែកសន្ដិសុខរបស់រុស្ស៊ី ផងដែរ។
រុស្ស៉ី ធ្លាប់អះអាង កាលពីពេលកន្លងមក ថា ក្រុងមូស្គូ ធានាការពារស្ពានគ្រីមៀ នេះ ឲ្យបានល្អ និង មានសុវត្ថិភាពបំផុត បើទោះជាសង្រ្គាម កំពុងតែបន្ដផ្ទុះយ៉ាងសន្ធោសន្ធៅ នៅក្នុងប្រទេសអ៊ុយក្រែន យ៉ាងណាក្ដី។ លើសពីនេះទៅទៀត ក្រុងមូស្គូ ថែមទាំងបានព្រមានចាត់វិធានការសងសឹក ប្រសិនបើស្ពាននេះ បានរងនូវការវាយប្រហារណាមួយ ឬក៏ពិតជាក្រុងកៀវ នៅពីក្រោយការបំផ្ទុះស្ពានគ្រីមៀនេះមែន។ ថ្វីបើស្ពានគ្រីមៀ នៅឆ្ងាយពីសមរភូមិជួរមុខយ៉ាងក្ដី ប៉ុន្ដែការបំផ្ទុះស្ពាននេះ ក៏នឹងធ្វើឲ្យមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង សម្រាប់ក្រុងមូស្គូ ផងដែរ ព្រោះករណីនេះបំផ្ទុះដ៏ខ្លាំងក្លានេះ ធ្លាប់កើតឡើង នៅក្នុងមូលដ្ឋានកងទ័ពអាកាស Saki នៅភាគខាងលិចឧបទ្វីបគ្រីមៀ ជាទីតាំងរបស់ទាហានជើងទឹករុស្ស៊ី ប្រចាំសមុទ្រខ្មៅ និង មូលដ្ឋានយោធារបស់រុស្ស៊ី មួយកន្លែងទៀត នៅភាគខាងជើង ឧបទ្វីបនេះ៕