ភ្លើងឆាបឆេះទូកទេសចរណ៍វៀតណាម យ៉ាងតិចចំនួន៨គ្រឿង
រដ្ឋធានីហាណូយ៖ ទូកទេសចរណ៍របស់វៀតណាម បានបោះយុថ្កា ចតចោល ស្រាប់តែកើតមានគ្រោះអគ្គិភ័យ ឆាបឆេះរាលដាលបន្ដកន្ទុយគ្នា យ៉ាងតិចចំនួន៨គ្រឿង កាលពីវេលាទៀបភ្លឺ ឈាន ថ្ងៃចន្ទ នៅគួដាយវ៉ាហ្វ (Cua Dai Wharf) ស្ថិតនៅកណ្ដាលទីក្រុងហ៊យ អាន (Hoi An) ប្រទេសវៀតណាម។
សារព័ត៌មាន Vietnam Net បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១០ ខែតុលា ថា យ៉ាងតិចទូកទេសចរណ៍ ចំនួន៣គ្រឿង និង ទូកល្បឿនលឿន ចំនួន៥គ្រឿង ត្រូវបានអគ្គីលេបត្របាក់អស់។ ប៉ុន្ដែនៅក្នុងហេតុការណ៍នោះ មិនមានសេចក្ដីរាយការណ៍អំពីគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ។
បើតាមសេចក្ដីរាយការណ៍ ពីបញ្ជាការឆ្មាំព្រំដែនខេត្តខ្វាងណាម (Quang Nam) បានបញ្ជាក់ ថា ឧបទ្ទវហេតុនោះ បានកើតឡើង នៅវេលាម៉ោង៣ និង ២០នាទីទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ទី១០ ខែតុលា ខណៈទូកទាំងនោះ កំពុងតែបោះយុថ្កា នៅឯ Cua Dai Wharf ។
សេចក្តីរាយការណ៍ដដែល បានបន្ដ ថា «ភ្លើងបានឆាបឆេះ នៅលើទូកមួយគ្រឿង ហើយបន្ដរាលដាល ទៅដល់ទូកផ្សេៗទៀត ដែលកំពុងតែបោះយុថ្កា នៅក្បែរគ្នានោះ។ ភ្លើងបានឆាបឆេះយ៉ាងឆាប់រហ័ស ដោយសារមានខ្យល់បោកបក់ខ្លាំង ទើបធ្វើឲ្យមានការពិបាកពន្លត់។ គ្រោះអគ្គិភ័យនេះ បានបំផ្លាញទូកទេសចរណ៍ ធ្វើពីឈើ ចំនួន៣ និង ទូកល្បឿនលឿន ចំនួន៥គ្រឿង។ ប៉ុន្ដែបើតាមការប៉ានប្រមាណ អំពីទំហំ នៃការខូចខាត ដោយសារគ្រោះអគ្គិភ័យនេះ ប្រហែល២០ពាន់លានដុង (លុយវៀតណាម) ឬស្មើនឹងប្រហែល ជិត៨៤ម៉ឺនដុល្លារសហរដ្ឋអាមរិក។
ក្រោយការពន្លត់គ្រោះអគ្គិភ័យរួច អាជ្ញាធរ នៅក្នុងតំបន់ នៅមិនទាន់បានដឹង អំពីមូលហេតុ នៃគ្រោះអគ្គិភ័យនេះនៅឡើយ ហើយករណីនេះ កំពុងតែស្ថិតក្នុងការស៊ើបអង្កេត៕