នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ប្រកាសលាលែងតំណែងនិងរំលាយសភា ប្រគល់អំណាចជូនពលរដ្ឋ

រាជធានីគួឡាឡាំពួ៖  នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី បានប្រកាសលាលែងពីតំណែង និង ថ្វាយលិខិតទៅព្រះមហាក្សត្រ ដើម្បីរំលាយសភាចោល ហើយប្រគល់អំណាច ជូនទៅប្រជាជនវិញ សម្រាប់ជ្រើសអ្នកដឹកនាំថ្មី មកដឹកនាំប្រទេសអាស៊ានមួយនេះ បន្ដពីគាត់ ហើយការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើង ក្រោយពេលគាត់បានគ្រប់គ្រងអំណាចកំពូលនេះ រយៈពេលត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះ។

សារព័ត៌មាន The Star បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១០ ខែតុលា ថា លោក អ៊ីស្មេល សាប៊្រី យ៉ាអាកូប (Ismail Sabri Yaakob) នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា ព្រះមហាក្សត្រ បានយល់ព្រមជាផ្លូវការ នៅក្នុងការរំលាយសភា សម្រាប់ការត្រួសត្រាយផ្លូវ ឈានដល់ការរៀបចំការបោះឆ្នោតសកលលើកទី១៥ ដែលនឹងប្រព្រឹត្តទៅ នៅក្នុងរយៈពេល៦០ថ្ងៃខាងមុខ។

ថ្លែងក្នុងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ជាតិ កាលពីវេលាម៉ោង៣រសៀល ថ្ងៃចន្ទ លោក Ismail Sabri បានឲ្យដឹង ថា កាលពីថ្ងៃអាទិត្យ គាត់បានស្វែងរកការយល់ព្រម ពីព្រះមហាក្សត្រ  ដើម្បីរំលាយសភា ហើយសំណើរបស់គាត់ ក៏ត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ី សព្វព្រះរាជហឫទ័យ ព្រមទទួលយកផងដែរ។លោកនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី បានបញ្ជាក់ ថា «ខ្ញុំសូមលើកទឹកចិត្តដល់រដ្ឋាភិបាល នៅតាមរដ្ឋទាំងអស់ លើកលែងតែរដ្ឋាភិបាលរដ្ឋសាប៉ាហ៍ (Sabah), សារ៉ាវ៉ាក (Sarawak), ចូហ័រ (Johor)  និង ម៉ាឡាកា (Melaka) ឱ្យរំលាយសភារដ្ឋរៀងៗខ្លួន តាមកាលបរិច្ឆេទដូចគ្នា ជាមួយនឹងការបោះឆ្នោតសកល នៅតាមកម្រិតសហព័ន្ធន៍ បើទោះបីជារដ្ឋមួយចំនួន មិនបានសម្រេចចិត្ត រំលាយសភាក៏ដោយ»។

លោកនាយករដ្ឋមន្រ្ដី បានបន្ថែម ថា «វាពិតជាការប្រសើរខ្លាំងណាស់ សម្រាប់ការបោះឆ្នោតនៅតាមរដ្ឋ និង ការបោះឆ្នោតជាតិ ដែលត្រូវធ្វើឡើង នៅក្នុងពេលតែមួយ ដើម្បីកុំឱ្យប្រជាជនមានការលំបាក ហើយក៏ដើម្បីធានាថា ដំណើរការលទ្ធិប្រជាធិបតេយ្យ ប្រព្រឹត្ដទៅយ៉ាងរលូន និង កាត់បន្ថយលើការចំណាយរបស់រដ្ឋ និង ប្រជាជនបន្ថែមទៀតផងដែរ»។

លោកនាយករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ ថា កាលបរិច្ឆេទកំណត់ សម្រាប់ការកំណត់ថ្ងៃបោះឆ្នោត និង បញ្ហាពាក់ព័ន្ធផ្សេងៗទៀត នឹងត្រូវកំណត់ ដោយគណៈកម្មការរៀបចំការបោះឆ្នោតជាតិម៉ាឡេស៊ី។ ជាមួយនឹងការប្រកាសនេះ  អំណាច ត្រូវប្រគល់ជូនទៅប្រជាពលរដ្ឋម៉ាឡេស៊ី វិញ  ព្រោះអំណាចរបស់ប្រជាជន ជាថ្នាំបន្សាបដ៏មានឥទ្ធិពល សម្រាប់ប្រទេសជាតិ ដើម្បីសម្រេចបាននូវស្ថិរភាពនយោបាយ និង បង្កើតរដ្ឋាភិបាលដ៏រឹងមាំ ស្ថិរភាព និង គួរឲ្យគោរព ក្រោយការបោះឆ្នោត»។

លោក អ៊ីស្មេល សាប៊្រី យ៉ាអាកូប (Ismail Sabri Yaakob) បានសរសេរ នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ កាលពីថ្ងៃចន្ទ ថា «សូមជម្រាបថា កាលពីរសៀល ម្សិលមិញ ខ្ញុំបានចូលគាល់ព្រះករុណា ព្រះមហាក្សត្រម៉ាឡេស៊ី ហើយបានថ្វាយលិខិតស្នើសុំទៅព្រះករុណា ទាក់ទងនឹងការរំលាយសភានីតិកាលទី១៤។ ដោយអនុលោមតាមមាត្រា៤០ និង មាត្រា៥៥ នៃ រដ្ឋធម្មនុញ្ញសហព័ន្ធន៍ម៉ាឡេស៊ី ព្រះករុណា ព្រះមហាក្សត្រ ទ្រង់បានចាត់ចែងតាមព្រះរាជឆន្ទានុសិទ្ធិរបស់ព្រះអង្គ ដោយអនុញ្ញតតាមសំណើរបស់ខ្ញុំ ដូច្នេះរដ្ឋសភានីតិកាលទី១៤ នឹងត្រូវរំលាយ គិតត្រឹមថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២»។

នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏ខ្លីមួយ ក្រោយការប្រកាសរបស់លោក Ismail Sabri កាលពីថ្ងៃចន្ទ នោះ វិមានរដ្ឋាភិបាល បានបញ្ជាក់ ថា ព្រះមហាក្សត្រម៉ាឡេស៊ី មិនមានជម្រើសអ្វីក្រៅតែពីយល់ព្រម តាមសំណើរបស់នាយករដ្ឋមន្ត្រី នៅក្នុងការប្រគល់អំណាច ជូនមកប្រជាជនវិញ»។

ជាមួយគ្នានេះដែរ ព្រះមហាក្សត្រម៉ាឡេស៊ី ក៏បានបង្ហាញនូវព្រះហឫទ័យខកចិត្ត ចំពោះការវិវឌ្ឍន៍ស្ថានការណ៍នយោបាយ នាពេលបច្ចុប្បន្ន ហើយព្រះអង្គ មានព្រះរាជបន្ទូល ថា ព្រះអង្គ សង្ឃឹម ថា គណៈកម្មការរៀបចំការបោះឆ្នោតម៉ាឡេស៊ី នឹងរៀបចំការបោះឆ្នោតនេះ ឱ្យបានឆាប់ តាមអ្វីដែលអាចធ្វើទៅបាន។

ក្រោយការប្រកាសរបស់នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី រួចមក គេមានការមានការរំពឹងទុកយ៉ាងខ្លាំង  អំពីការរំលាយសភា ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការបោះឆ្នោតសកលលើកទី១៥ (GE15)។

រដ្ឋាភិបាលរបស់លោក Ismail Sabri កាលពីថ្ងៃសុក្រ សប្តាហ៍មុន បានបង្ហាញ ពីថវិកា ចំនួន ៣៧២,៣ពាន់លានរីងហ្គីត (លុយម៉ាឡេស៊ី) ឬស្មើនឹងប្រហែល ៨០,០៦ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ២០២៣ ចំពេលបរិយាកាសពិភពលោក ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ហើយគេរំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសអាស៊ានមួយនេះ នឹងមានកំណើនយឺត ខណៈកញ្ចប់ថវិកាចំណាយដ៏ធំបំផុត សម្រាប់ឆ្នាំសារពើពន្ធ ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសម៉ាឡេស៊ី។

សូមជម្រាបថា លោក អ៊ីស្មេល សាប៊្រី យ៉ាអាកូប (Ismail Sabri Yaakob) បានឡើងកាន់កាប់តំណែងជានាយករដ្ឋមន្រ្ដីម៉ាឡេស៊ី នៅក្នុងអំឡុងខែសីហា ឆ្នាំ២០២១ ហើយគាត់បានប្រកាសលាលែងតំណែង និង រំលាយសភា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២៕

   

អត្ថបទដែលជាប់ទាក់ទង