មហាអំណាចបស្ចិមលោក ភ័យនឹងបច្ចេកវិទ្យារបស់ចិន រកវិធីសាស្រ្ដបំផ្លាញផ្កាយរណប

រាជធានីឡុងដ៍៖ ស្របពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ប៉េកាំង កំពុងតែមានភាពតានតឹងដាក់គ្នា កាន់តែខ្លាំងឡើងនោះ ប្រធានចារកម្មរបស់ចក្រភពអង់គ្លេស កាន់តែមានការព្រួយបារម្ភខ្លាំងឡើង ជុំវិញបច្ចេកវិទ្យារបស់ចិន កាន់តែរីកចម្រើនឡើង ហើយបានចេញមុខមកអះអាង ថា ទីភ្នាក់ងារចារកម្មរបស់ខ្លួន កំពុងតែតាមដាននូវសមត្ថភាពបច្ចេកវិទ្យា ដែលត្រូវបានអភិវឌ្ឍ ដោយប្រទេសមហាយក្ស នៅអាស៊ីមួយនេះ។

សារព័ត៌មាន The Times បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១០ ខែតុលា ថា បើតាមប្រធានចារកម្មរបស់ចក្រភពអង់គ្លេស បានឲ្យដឹង ថា ចក្រភពអង់គ្លេស កំពុងតែស្ថិតនៅក្នុងស្ថានភាពមួយជាប្រវត្ដិសាស្រ្ដមួយ ដោយសារឥឡូវនេះ វាជាពេលវេលា ត្រូវតែធ្វើសកម្មភាពទប់ទល់នឹងឧបាយកល នៃបច្ចេកវិទ្យារបស់ចិន ឬប្រឈមមុខនឹងផលវិបាក នាពេលក្រោយ។

លោក ស៊ើរ ជេរេមី ហ្វែមីង (Sir Jeremy Fleming) នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ GCHQ របស់ចក្រភពអង់គ្លេស នឹងព្រមានថា ក្រុងប៉េកាំង ត្រូវគេជឿ ថា កំពុងតែអភិវឌ្ឍសមត្ថភាពប្រឆាំងនឹងផ្កាយរណបដ៏មានឥទ្ធិពលខ្លាំង ដែលនឹងប្រកួតប្រជែងជាមួយប្រព័ន្ធ GPS របស់សហរដ្ឋអាមេរិក ហើយនឹងរុញច្រានប្រទេសផ្សេងៗ មិនឲ្យចូលទៅកាន់លំហអវកាស ប្រសិនមានសង្គ្រាមផ្ទុះឡើង។

នាយកទីភ្នាក់ងារចារកម្មរបស់ប្រទេសមហាអំណាចបស្ចិមប្រទេស រូបនេះ នឹងថ្លែងបាឋកថាស្ដីពីសន្ដិសុខប្រចាំឆ្នាំរបស់វិទ្យាស្ថាន The Royal United Services ស្ថិតក្នុងទីក្រុងឡុងដ៍ ថា ពិតជាមានការព្រួយបារម្ភច្រើន ចំពោះប្រព័ន្ធផ្កាយរណប BeiDou  ដែលចិនចង់នាំចេញទៅកាន់ពិភពលោក។ ផ្កាយរណបនេះ ក៏អាចប្រើប្រាស់ សម្រាប់តាមដានដល់បុគ្គលម្នាក់ៗផងដែរ។

លោក Jeremy Fleming បានសង្កត់ធ្ងន់ ថា បណ្ដាប្រទេសបស្ចិមលោក ត្រូវតែប្រុងប្រយ័ត្ន ជុំវិញការគំរាមកំហែងណាមួយ ចំពោះអត្ថប្រយោជន៍ ជាយុទ្ធសាស្ត្ររបស់ខ្លួន នៅក្នុងវិស័យបច្ចេកវិទ្យានេះ។ ការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ប្រទេសចិន អាចបង្ហាញឱ្យឃើញ អំពីការគំរាមកំហែងយ៉ាងខ្លាំង សម្រាប់ចំពោះយើងទាំងអស់គ្នា ខណៈរបបកុម្មុយនីស្តចិន តែងតែព្យាយាមប្រើការអភិវឌ្ឍន៍សំខាន់ៗ ដើម្បីរឹតបន្តឹងការក្តាប់អំណាចរបស់ក្រុងប៉េកាំង នៅក្នុងប្រទេស និង ពង្រីកឥទ្ធិពលទៅក្រៅប្រទេស បន្ថែមទៀត។ ចំណែកបញ្ហាផ្សេងៗទៀត ពាក់ព័ន្ធនឹងបច្ចេកវិទ្យា កំពុងតែអភិវឌ្ឍ ដោយប្រទេសចិន រួមមាន ការបង្កើតមជ្ឈមណ្ឌលរូបិយប័ណ្ណឌីជីថលរបស់ក្រុងប៉េកាំង ដែលអាចអនុញ្ញាតឱ្យរដ្ឋ ត្រួតពិនិត្យប្រតិបត្តិការធនាគាររបស់អ្នកប្រើប្រាស់ ថែមទៀតផង។

ប្រធានចារកម្មរបស់ចក្រភព រូបនេះ បានបន្ថែម ថា បច្ចេកវិទ្យានេះ ក៏អាចធ្វើឲ្យចិន ព្យាយាមគេចវេះ ពីការដាក់ទណ្ឌកម្មជាអន្តរជាតិ ដែលមានលក្ខណៈស្រដៀងគ្នា កំពុងតែអនុវត្ត ទៅលើប្រទេសរុស្ស៊ី ក្រោយពេលប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន បានសម្រេចលើកកងទ័ពចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈរហូតមក។ ដូច្នេះ ចិនកំពុងតែសិក្សាមេរៀន ពីសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន។ សមត្ថភាពបច្ចេកវិទ្យារបស់ចិន អាចគេចវេះ ពីការដាក់ទណ្ឌកម្មទាំងនេះ បានយ៉ាងងាយស្រួលបំផុត។  បញ្ហានេះ នឹងបង្កើតជាសំណួរយ៉ាងច្រើន សម្រាប់បណ្ដាប្រទេសបស្ចិមលោក ថាតើលោកខាងលិច នឹងឆ្លើយតបឲ្យមានប្រសិទ្ធភាពយ៉ាងដូចម្តេច ប្រសិនបើចិនឈ្លានពានតៃវ៉ាន់។

ប្រធានចារកម្មរបស់ចក្រភពអង់គ្លេស រូបនេះ នឹងបញ្ជាក់ ថា «នៅឯ GCHQ វាជាឯកសិទ្ធិ និងកាតព្វកិច្ចរបស់យើង នៅក្នុងការមើលពេលវេលាទ្វាររបើក នៅក្នុងប្រវត្តិសាស្ត្រ។ បញ្ហានេះមានអារម្មណ៍ថា វាជាពេលវេលាមួយ នៅក្នុងចំណោមពេលទាំងអស់។ អត្ថប្រយោជន៍ នៃបច្ចេកវិទ្យាយុទ្ធសាស្ត្រ នាពេលអនាគតរបស់យើង គឺស្ថិតនៅលើអ្វីដែលយើងធ្វើជាសហគមន៍បន្ដទៅមុខទៀត។ ខ្ញុំមានទំនុកចិត្តថា យើងរួមគ្នា អាចផ្ដោតទៅលើការអនុគ្រោះរួមរបស់យើង»៕​

អត្ថបទដែលជាប់ទាក់ទង