ទាហានរុស្ស៊ី ទទួលបរាជ័យផ្ទួនៗ ក្រុងមូស្គូបើកផ្លូវចរចា
រដ្ឋធានីមូស្គូ៖ គ្រាន់តែការចាប់ផ្ដើមបើកឆាកសង្គ្រាម នៅថ្ងៃដំបូង នាថ្ងៃទី២៤ ខែកុម្ភៈ ភ្លាម មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានប្រកាសក្ដែងៗថា ត្រឹមតែរយៈពេល៤៨ម៉ោង នឹងផ្ដួលរំលំក្រុងកៀវ បានទាំងស្រុង ប៉ុន្ដែរហូតមកដល់ថ្ងៃទី១២ ខែតុលា សង្គ្រាមរបស់គាត់ បានអូសបន្លាយ អស់រយៈពេល២៣១ថ្ងៃកន្លងមកហើយ ទើបមន្រ្ដីជាន់ខ្ពស់ក្រុងមូស្គូ បានអះអាង ពីការចំហផ្លូវចរចា ប៉ុន្ដែប្រធានាធិបតីអ៊ុយក្រែន កាលពីពេលថ្មីៗនេះ បានចេញក្រឹត្យមួយ ចរចាតែជាមួយរុស្ស៊ី លើកលែងជាមួយ ពូទីន ។
សារព័ត៌មានអារ៉ាប់អន្ដរជាតិ បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១១ ខែតុលា ថា លោក ស៊ើរហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃអង្គារ បានបញ្ជាក់ ថា ក្រុងមូស្គូ បានបើកទ្វារ សម្រាប់ចរចា ជាមួយនឹងបស្ចិមលោក ស្ដីពីសង្គ្រាមអ៊ុយក្រែន។ ប៉ុន្ដែការអះអាងនេះ នឹងមិនទាន់ទទួលបានសំណើ ចរចាណាមួយនៅឡើយ។
ថ្លែង នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងបណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋរុស្ស៊ី នោះ លោក ឡាវរ៉ូវ បានបញ្ជាក់ ថា ក្រុមមន្រ្ដីជាច្រើន រូមទាំង អ្នកនាំពាក្យសន្ដិសុខជាតិសេតវិមាន លោក ចន ឃើរប៊ី (John Kirby) បានបញ្ជាក់ ថា សហរដ្ឋអាមេរិក បានបើកផ្លូវចរចា ប៉ុន្ដែឥឡូវនេះ រុស្ស៊ី បានបដិសេធ។
ប្រមុខការទូតរុស្ស៊ី រូបនេះ បានបន្ថែមថា «នេះជាការនិយាយកុហក។ តាមពិត យើងមិនដែលទទួលបានការទាក់ទងណាមួយ សម្រាប់ចរចានោះឡើយ។ រុស្ស៊ី នឹងមិនបដិសេធជំនួប រវាងប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន និង សមភាគីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅក្នុងកិច្ចប្រជុំ G-20 នឹងធ្វើឡើង នៅក្នុងប្រទេសឥណ្ឌូនេស៊ី នាពេលខាងមុខនេះទេ។ ប៉ុន្ដែរុស្ស៊ី នឹងពិចារណាលើសំណើនេះ ប្រសិនបើក្រុងមូស្គូទទួលបាន។
លោករដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ ថា «យើងបាននិយាយដដែលជាដដែល ថា យើងមិនដែលបដិសេធនូវជំនួបទាំងនោះទេ ប្រសិនបើមានសំណើ នោះយើងនឹងពិចារណា។ រីឯលោក រេសែប តាយយីប អេដូហ្គេន (Recep Tayyip Erdogan) ប្រធានាធិបតីតួកគី នឹងអាចដាក់សំណើនេះ ទៅជូនប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ខណៈមេដឹកនាំទាំង២នេះ នឹងជួបគ្នា នៅក្នុងប្រទេសកាហ្សាក់ស្ថាន នៅសប្ដាហ៍នេះ»។
ប្រមុខការទូតរុស្ស៊ី រូបនេះ កំពុងតែថ្លែង នៅក្នុងសង្រ្គាម រយៈពេល៨ខែមកនេះ ខណៈការលុកលុយរបស់រុស្ស៊ី បានជាប់គាំង ហើយក្រុងមូស្គូ ត្រូវតែដោះស្រាយជាបន្តបន្ទាប់ ជុំវិញបរាជ័យជាបន្ដបន្ទាប់ ក្រោមកម្លាំងកងទ័ពអ៊ុយ ក្រែន ចាប់តាំងពីដើមខែកញ្ញា រហូតមក៕