ប្រធានាធិបតី ពូទីន គណនាខុសពីសមត្ថភាពរុស្ស៊ី នៅក្នុងការចូលឈ្លានពានអ៊ុយក្រែន
រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងកម្លាំងទាហានរុស្ស៊ី កំពុងតែជាប់គាំង មិនអាចវាយរុលទៅមុខរួច ហើយនៅតាមសមរភូមិនានា ស្ថិតនៅភាគខាងកើត និង ភាគខាត្បូង ប្រទេសអ៊ុយក្រែន ត្រូវបានកម្លាំងការពារទឹកដីរបស់ក្រុងកៀវ វាយបកឲ្យត្រឡប់ថយក្រោយ ដើម្បីរំដោះទឹកដីរបស់ពួកគេ ត្រឡប់មកវិញនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងចំអក ទៅកាន់សមភាគីរបស់គាត់ ថា ពូទីន បានគណនាខុស អំពីសមត្ថភាពរបស់កម្លាំងទាហានខ្លួន។
សារព័ត៌មានអារ៉ាប់អន្ដរជាតិ អាឡារ៉ាប៊ីយ៉ា បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១២ ខែតុលា ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ថ្លែង ថា គាត់ជឿ ថា សមភាគីរបស់គាត់ គឺលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ជាតួអង្គធម្មតា ដែលបានវាយតម្លៃខុស យ៉ាងធ្ងន់ធ្ងរខ្លាំងណាស់ សម្រាប់អនាគតរបស់គាត់ នៅក្នុងការកាន់កាប់ប្រទេសអ៊ុយក្រែន។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែង នៅក្នុងបទសម្ភាសន៍ តាមបណ្ដាញទូរទស្សន៍ដ៏កម្រមួយ ខណៈក្រុងវ៉ាស៊ីនតោន ស្វែងរកអ្វីដែលលោក បៃដិន បានពណ៌នា ថា ជា«ការបិទផ្លូវ» សម្រាប់លោក ពូទីន ដើម្បីកាត់បន្ថយការឈ្លានពានរបស់មេដឹកនាំវិមានក្រឹមឡាំងរូបនេះ ទៅលើអ៊ុយក្រែន មុនពេលគាត់ងាកទៅរកអាវុធមហាប្រល័យលោក។
លោកប្រធានាធិបតី ចូ បៃដិន បានប្រាប់ដល់ទូរទស្សន៍ CNN ក្រោយពេលរុស្ស៊ីបានវាយប្រហារ ទៅលើគោលដៅរបស់ជនស៊ីវិល នៅទូទាំងប្រទេសអ៊ុយក្រែន កាលពីថ្ងៃចន្ទ ថា «ខ្ញុំគិត ថា ពូទីន ជាតួអង្គធម្មតា បានគណនាខុសយ៉ាងធ្ងន់ធរ នៅក្នុងការលើកទ័ព ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន តាំងពីដំបូង»។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន បានព្រមាន ថា ពិភពលោក ប្រថុយប្រថាននឹងគ្រោះថ្នាក់អាវុធនុយក្លេអ៊ែរ។ នេះជាការថ្លែងខុសពីធម្មតា សំដៅអំពីគ្រោះថ្នាក់ ពីការគំរាមកំហែងរបស់ពូទីន នៅក្នុងការប្រើប្រាស់អាវុធបរមាណូ សម្រាប់ការព្យាយាមជួយដល់កងទ័ពរុស្ស៊ី កំពុងជាប់គាំង នៅក្នុងការវាយដណ្ដើមកាន់កាប់ប្រទេសអ៊ុយក្រែន។
លោក ចូ បៃដិន បានសង្កត់ធ្ងន់ ថា «ខ្ញុំគិត…ថា ពូទីន បានគិត ថា គាត់នឹងទទួលបានការស្វាគមន៍ ហើយក្រុងកៀវ ជាទឹកដីកំណើតរបស់រុស្ស៊ី។ នៅទីនោះ នឹងទទួលស្វាគមន៍គាត់ ហើយបញ្ហានេះ ខ្ញុំគិតថា ពូទីន បានគណនាខុសទាំងស្រុង»។
លោក វ៉្លាឌីមៀ ពូទីន និង ក្រុមមន្រ្ដីក្រុងមូស្គូរបស់គាត់ តែងតែគំរាមកំហែង អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងប្រទេសអ៊ុយក្រែន ខណៈកងទ័ពការពារទឹកដីរបស់ម្ចាស់ប្រទេស កំពុងតែវាយរុល ទម្លុះរបាំងការពាររបស់កងទ័ពរុស្ស៊ី។ ប៉ុន្ដែទោះជាយ៉ាងណា ប្រធានាធិបតីសហរដ្ឋអាមេរិក បានគំរាមតបតវិញ ថា ប្រសិនបើលោក ពូទីន បញ្ជាឲ្យប្រើប្រាស់អាវុធមហាប្រល័យលោកមែននោះ រុស្ស៊ី នឹងជួបនូវផលវិបាកយ៉ាងធ្ងន់ធ្ងរជាក់ជាមិនខាន៕