ជនជាតិរុស្ស៊ី គេចពីកំណែនទ័ពរបស់ពូទីន រត់តាមកប៉ាល់ទៅកូរ៉េខាងត្បូងហើយ នៅតែចូលមិនបាន
រដ្ឋធានីសេអ៊ូល៖ ក្រោយពេលមានបទបញ្ជា ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ស្ដីអំពីការកេណ្ឌទ័ព បញ្ជូនទៅកាន់សមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែន នោះមក ប្រជាជនរុស្ស៊ី មានអាយុ ត្រូវចូលបម្រើទ័ព មានការភ័យខ្លាចយ៉ាងខ្លាំង ហើយនាំគ្នារត់ចេញពីប្រទេសកំណើត ឆ្ពោះទៅកាន់ប្រទេសជិតខាង ប៉ុន្ដែពួកគេមួយចំនួន អភ័ព្វខ្លាំងណាស់ ខំរត់តាមទូក ទៅដល់ប្រទេសកូរ៉េខាងត្បូង ហើយ ក៏នៅតែមិនអាចចូលបាន។
សារព័ត៌មាន US.News បានចេញផ្សាយ នៅថ្ងៃពុធ ទី១២ ខែតុលា នេះថា បើតាមសេចក្ដីរាយការណ៍ ពីបណ្ដាញផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង បានឲ្យដឹង ថា ជាមួយនឹងការភ័យខ្លាច និង ការគេចវេះ ពីការអំពាវនាវឲ្យចូលបម្រើទ័ព ដើម្បីទៅចូលរួមប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន នោះ ជនជាតិរុស្សី បាននាំគ្នារត់ចេញពីប្រទេស ឆ្ពោះទៅកាន់ប្រទេសជិតខាង។ ប៉ុន្ដែអភ័ព្វខ្លាំងណាស់ សម្រាប់ជនជាតិរុស្ស៊ី ជាង២០នាក់ បានរត់ភៀសខ្លួនតាមទូក ចេញពីកំពង់ផែ ភាគខាងជើងប៉ាស៊ីហ្វិក ចូលទៅដល់ប្រទេសកូរ៉េខាងត្បូង ហើយ ប៉ុន្តែពួកគេ ភាគច្រើន ត្រូវបានអាជ្ញាធរប្រទេសអាស៊ីបូព៌ាមួយនេះ បដិសេធការចូល ទៅក្នុងប្រទេសរបស់ពួកគេ។
ចាប់តាំងពីប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃទី២១ ខែកញ្ញា បានចេញបទបញ្ជាឲ្យមានការចល័តទ័ពមួយផ្នែក បញ្ជូនទៅជួយគាំទ្រកម្លាំងទាហានរបស់ក្រុងមូស្គូ ដែលកំពុងតែជាប់ដៃប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន នោះមក ប្រជាជនរុស្ស៊ី ដែលគ្រប់អាយុធ្វើទាហាន មានការភ័យខ្លាចយ៉ាងខ្លាំង។ ពួកគេ ភាគច្រើន បានរត់ភៀសខ្លួន តាមផ្លូវគោក ផ្លូវដែក និង តាមផ្លូវអាកាស ឆ្ពោះទៅកាន់តំបន់អឺរ៉ុប និង ប្រទេសជិតខាង ជាធ្លាប់រដ្ឋរបស់អតីតសហភាពសូវៀត រួមមាន ហ្សកហ្ស៊ី អាស៊ែបៃហ្សង់ និង កាហ្សាក់ស្ថាន ហើយខ្លះទៀត បានរត់ទៅកាន់ប្រទេសម៉ុងហ្គោលី។
បណ្ដាញទូរទស្សន៍កូរ៉េខាងត្បូង KBS បានរាយការណ៍ កាលពីថ្ងៃអង្គារ ថា យ៉ាងហោចណាស់ មានជនជាតិរុស្សី ចំនួន២១នាក់ បានធ្វើដំណើរតាមកប៉ាល់ មកដល់កំពង់ផែ នៅភាគខាងត្បូង នៃប្រទេសអាស៊ីបូព៌ាមួយនេះ។ ប៉ុន្តែនៅក្នុងចំណោមជនជាតិរុស្ស៊ី ទាំងនោះ មានតែ២នាក់ប៉ុណ្ណោះ បានអនុញ្ញាតឱ្យចូលមកក្នុងប្រទេស ខណៈអ្នកផ្សេងទៀតត្រូវបដិសេធ ដោយសារតែអាជ្ញាធរ ចាត់ទុកថា គោលបំណងរបស់ពួកគេ «មិនច្បាស់លាស់»៕