អ៊ុយក្រែន រំដោះបានទីតាំងជាង៧០ពីទាហានរុស្ស៊ី នៅតំបន់ឃើរសុន

រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ កងទ័ពអ៊ុយក្រែន បានរំដោះទីតាំង ចំនួន៧៥ ស្ថិតក្នុងខេត្តឃើរសុន (Kherson) ជាតំបន់យុទ្ធសាស្រ្ដដ៏សំខាន់បំផុតមួយ នៅតាមឆ្នេរសមុទ្រខ្មៅ នាភាគខាងត្បូង ប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែន Ukrinform  បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១២ ខែតុលា ថា លោក យ៉ារ៉ូស្វ យ៉ានូសែវីច (Yaroslav Yanushevych) ប្រធានរដ្ឋបាលយោធាតំបន់ Kherson បានថ្លែង នៅក្នុងការចាក់ផ្សាយ តាមបណ្ដាញផ្សព្វផ្សាយ Suspilne ថា «យោងតាមទិន្នន័យ បានបញ្ជាក់ ថា ទីតាំងចំនួន៧៥ ស្ថិតនៅក្នុងតំបន់ Kherson ត្រូវបានរំដោះទាំងស្រុង ចេញពីកម្លាំងទាហានរុស្ស៊ី ហើយ។ គិតត្រឹមតែរយៈពេលប៉ុន្មានថ្ងៃ នៃខែតុលា នេះ កងទ័ពការពារទឹកដីអ៊ុយក្រែន បានដោតទង់ជាតិពណ៌ខៀវ លាយពណ៌លឿង នៅលើទីតាំងរំដោះ ចំនួន២៩កន្លែង។

លោក Yanushevych បានហៅស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងទឹកដីរំដោះ ពិតជារឿងដ៏គួរឱ្យភ័យខ្លាច ដោយសារតែមានការបំផ្លិចបំផ្លាញផ្ទះជាច្រើនខ្នង សាលារៀន មន្ទីរពេទ្យ សាលាមត្តេយ្យ បណ្តាញអគ្គិសនី ស្ថានីយ៍បំប្លែង បំពង់បង្ហូរឧស្ម័ន បំពង់ទឹក និង ផ្ទះឡចំហាយ។ ចំណែកមនុស្សរស់នៅតំបន់នោះ គ្មានទឹកស្អាត និងភ្លើងប្រើប្រាស់។​

បច្ចុប្បនន្ន កងទ័ពការពារទឹកដីរបស់ក្រុងកៀវ បានបោះទីតាំងឈរជើង នៅក្នុងមូលដ្ឋានរំដោះចំនួន៥ ស្ថិតក្នុងតំបន់ឃើរសុន (Kherson) នៅតាមឆ្នេរសមុទ្រខ្មៅ នាភាគខាងត្បូង ប្រទេសអ៊ុយក្រែន។ ឥឡូវនេះ កងទ័ពក្រុងកៀវ បន្ដគ្រប់គ្រងស្ថានការណ៍ នៅក្នុងទិសដៅភាគខាងត្បូង ប្រទេស។

បញ្ជាការដ្ឋានប្រតិបត្ដិការសឹកភាគខាងត្បូងរបស់អ៊ុយក្រែន បានអះអាង ថា «កម្លាំងការពារទឹកដីរបស់យើង កំពុងតែបំផ្លាញសត្រូវ ដោយរំខានដល់ប្រព័ន្ធគ្រប់គ្រង និ ង ជំនួយផ្នែកដឹកជញ្ជូនរបស់កម្លាំងទាហានរុស្ស៊ី។ ជាមួយគ្នានេះដែរ កងទ័ពរបស់យើង បានបោះទីតាំងឈរជើង នៅក្នុងតំបន់រំដោះជាច្រើន ស្ថិតក្នុង ប៊ែរីស្លាវ (Beryslav) រួមមាន ណូវ៉ូវ៉ាស៊ីលីវកា (Novovasylivka), ណូវ៉ូរីហូរីវកា (Novohryhorivka), ណូវ៉ា កាម្យ៉ាន់កា (Nova Kamyanka), ទ្រីហ្វូនីវកា (Tryfonivka) និងឆើរវ៉ុន(Chervone)។ ចំណែកវិធានការធ្វើឲ្យស្ថិរភាព ដើម្បីស្ដារសង្គម និង ហេដ្ឋារចនា    សម្ព័ន្ធសំខាន់ៗ ក៏កំពុងតែដំណើរការ។

នៅក្នុងរយៈពេល១ថ្ងៃមុននេះ អ៊ុយក្រែន បានបើកការវាយប្រហារចំនួន៩លើក ទៅលើតំបន់កាន់កាប់របស់រុស្ស៊ី រួមទាំង ឃ្លាំងអាវុធ និង សម្ភារភស្ដុភារ ស្ថិតក្នុងស្រុក Beryslav និង នីកូឡាវ (Mykolaiv)។ ការអះអាងរបស់មន្រ្ដីយោធាអ៊ុយក្រែន បានកើតឡើង ស្របពេលមានការវាយប្រហារ ដោយមីស៊ីលយ៉ាងសន្ធាប់ ទៅលើទីក្រុងនានា នៅទូទាំងប្រទេសអ៊ុយក្រែន ក្រោយមានការបញ្ជាពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ដើម្បីសងសឹក ជុំវិញការបំផ្ទុះស្ពានគ្រីមៀ ដែលបានតភ្ជាប់ ពីដីគោករបស់ប្រទេសរុស្ស៊ី ទៅកាន់ឧបទ្វីបគ្រីមៀ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុននេះ៕

អត្ថបទដែលជាប់ទាក់ទង