ផែនការសន្ដិសុខជាតិអាមេរិក កំណត់រុស្ស៊ី បង្កគ្រោះថ្នាក់មុនចិន
រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែធ្វើសង្គ្រាមកំពុងតែបន្ដ នៅក្នុងប្រទេសអ៊ុយក្រែន ទើបធ្វើឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក នៅតែមិនទាន់បានដោះស្រាយ លើការជជែកដេញដោល អំពីគោលនយោបាយការបរទេសសំខាន់ៗរបស់ក្រុងវ៉ាស៊ីនតោន រួមទាំងពន្ធលើទំនិញរបស់ចិន ដែលបានបង្កើតឡើង ដោយប្រធានាធិបតីមុន គឺលោក ដូណាល់ ត្រាំ និង បញ្ហាសំខាន់ៗជាច្រើនទៀត។
សារព័ត៌មាន CNBC បានចេញផ្សាយ កាលពីថ្ងៃ ពុធ ទី១២ ខែតុលា ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានចេញផ្សាយនូវផែនការយុទ្ធសាស្ត្រសន្តិសុខជាតិដំបូងរបស់គាត់ កាលពីថ្ងៃពុធ ដោយគូសបញ្ជាក់ អំពីរបៀប ដែលសហរដ្ឋអាមេរិក នឹង «ប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាព» ជាមួយប្រទេសចិន នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ខណៈមានការរារាំងគ្រោះថ្នាក់ ពីប្រទេសរុស្ស៊ី» ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបានសរសេរ ថា «រុស្ស៊ី និង ចិន បង្កបញ្ហាប្រឈមផ្សេងៗគ្នា។ ដោយឡែក រុស្ស៊ី បង្កការគំរាមកំហែងភ្លាមៗ ចំពោះប្រព័ន្ធអន្តរជាតិ ដោយសេរី និង បើកចំហ ដោយមិនប្រុងប្រយ័ត្ន ចំពោះច្បាប់ជាមូលដ្ឋាន នៃសណ្តាប់ធ្នាប់អន្តរជាតិសព្វថ្ងៃនេះ ខណៈសង្រ្គាមឈ្លានពានរបស់ក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន កំពុងតែបន្ដ»។
សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអមេរិក កាលពីថ្ងៃពុធ បានដាក់ចេញនូវយុទ្ធសាស្រ្ដសន្ដិសុខជាតិ ដែលបានពន្យារ អស់រយៈពេលជាយូរមកហើយ ដោយសារការស្វែងរកការទប់ស្កាត់នូវការកើនឡើងរបស់ចិន ខណៈគូសបញ្ជាក់ឡើងវិញ អំពីសារៈសំខាន់ ចំពោះការធ្វើការជាមួយសម្ពន្ធមិត្ត ដើម្បីដោះស្រាយបញ្ហាប្រកួតប្រជែងជាមួយនឹងប្រទេសប្រជាធិបតេយ្យ ដែលកំពុងតែប្រឈមមុខ។
ផែនការសន្ដិសុខជាតិ មានកម្រាស់៤៨ទំព័រនេះ ត្រូវបានពន្យារ ដោយវិបត្តិអ៊ុយក្រែន រួមទាំង ការមិនផ្លាស់ប្តូរការគិតលើបញ្ហាសំខាន់ៗ និង មិនមានគោលលទ្ធិថ្មី សម្រាប់គោលនយោបាយការបរទេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ។ ផ្ទុយទៅវិញ ផែនការនេះ បានគូសបញ្ជាក់ អំពីទស្សនវិស័យរបស់សេតវិមាន ថា ភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក ក្លាយជាគន្លឹះ នៅក្នុងការយកឈ្នះ លើការគំរាមកំហែង ជាសកល ក៏ដូចជា ការប្រែប្រួលអាកាសធាតុ និង ការកើនឡើង នៃរបបផ្តាច់ការ ផងដែរ។
សេតវិមាន បានបន្ដ ថា សូម្បីតែបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី ចិន បង្កើតការប្រឈមជាមួយនឹងផលវិបាកដ៏ធ្ងន់បំផុត ចំពោះការចង់ផ្លាស់ប្ដូរសណ្តាប់ធ្នាប់របស់ពិភពលោក។ សហរដ្ឋអាមេរិក ត្រូវតែឈ្នះ លើការប្រណាំងប្រជែងអាវុធ ជាសេដ្ឋកិច្ច ជាមួយប្រទេសមហាអំណាច នៅអាស៊ីមួយនេះ ប្រសិនបើក្រុងវ៉ាស៊ីនតោន សង្ឃឹមថា នឹងរក្សាបាននូវឥទ្ធិពលរបស់ខ្លួន នៅទូទាំងពិភពលោក។
លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សា សន្ដិសុខជាតិ ប្រចាំនៅសេតវិមាន បានបញ្ជាក់ នៅក្នុងការត្រួតពិនិត្យឡើងវិញ លើគោលនយោបាយ កាលពីថ្ងៃពុធ ថា «សាធារណរដ្ឋប្រជាមានិតចិន នៅតែមានមហិច្ឆតា កាន់តែខ្លាំងឡើង រក្សាសមត្ថភាព នៅក្នុងការរៀបចំសណ្តាប់ធ្នាប់អន្តរជាតិឡើងវិញ នៅក្នុងការដើរតួនាទីរបស់ពិភពលោក ដើម្បីផលប្រយោជន៍របស់ខ្លួន បើទោះជាសហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្ត នៅក្នុងការគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសរបស់យើងដោយការទទួលខុសត្រូវយ៉ាងណាក្ដី»។
ទីប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេរិក រូបនេះ បានសង្កត់ធ្ងន់ ថា សហរដ្ឋអងាមរិក ត្រូវតែគ្រប់គ្រងទំនាក់ទំនងជាមួយនឹងចិន ខណៈការដោះស្រាយបញ្ហាប្រឈមឆ្លងដែន កំពុងតែរងផលប៉ះពាល់ដល់មនុស្ស នៅគ្រប់ទីកន្លែង រួមទាំង ការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀង ជំងឺឆ្លង ភេរវកម្ម ការផ្លាស់ប្តូរថាមពល និង អតិផរណា។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅមិនទាន់ដោះស្រាយការជជែកពិភាក្សា លើគោលនយោបាយការបរទេសសំខាន់ៗមួយចំនួន រួមទាំងពន្ធលើទំនិញរបស់ចិន ដែលត្រូវបានបង្កើតឡើង ដោយអ្នកកាន់តំណែងមុនរបស់គាត់ គឺលោក ដូណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតី ដែលធ្វើឲ្យក្រុមហ៊ុននាំចូលអាមេរិក ខាតបង់ប្រាក់រាប់ពាន់លាន ហើយប្រឈមមុខនឹងបញ្ហាជាថ្មី រួមទាំងការបែកបាក់ទំនាក់ទំនងជាមួយសម្ពន្ធមិត្តដ៏យូរលង់របស់អារ៉ាប៊ីសាអូឌីត និង ការពឹងផ្អែករបស់ឥណ្ឌា លើថាមពលរុស្ស៊ី៕