អាល្លឺម៉ង់ បញ្ជូនប្រព័ន្ធការពារដ៏ទំនើបរបស់ខ្លួន ទៅការពារអ៊ុយក្រែន

រដ្ឋធានីកៀវ៖ ក្រោយពេលរុស្ស៊ី បានបន្ដវាយប្រហារ ដោយមីស៊ីលផ្ទួនគ្នា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ប្រឆាំងនឹងប្រទេសអ៊ុយក្រែន នោះមក អាល្លឺម៉ង់ បានបង្កើនល្បឿនបញ្ជូនប្រព័ន្ធការពារដែនអាកាសដ៏ទំនើប ទៅការពារប្រជាជនរបស់ប្រទេសអឺរ៉ុបមួយនេះ។

សារព័ត៌មាន DW បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១២ ខែតុលា ថា លោកស្រីរដ្ឋមន្រ្ដីក្រសួងការពារជាតិអាល្លឺម៉ង់ បានបញ្ជាក់ ថា ការបញ្ជូនប្រព័ន្ធការពារដែនអាកាស IRIS-T ទៅកាន់ប្រទេសអ៊ុយក្រែន ក្រោយពេលរុស្ស៊ី បានបាញ់មីស៊ីលយ៉ាងខ្លាំងទៅលើទីក្រុងនានារបស់ប្រទេសនេះ ដោយរួមទាំងរដ្ឋធានីកៀវ ផងដែរ។ ចំណែកប្រព័ន្ធការពារចំនួន៣ផ្សេងទៀត នឹងត្រូវបញ្ជូនឲ្យអ៊ុយក្រែន នៅឆ្នាំក្រោយ។

លោកស្រី គ្រីស្ទីន ឡាមប៊្រីច (Christine Lambrecht)  រដ្ឋមន្រ្ដីក្រសួងការពារជាតិប្រទេសអាល្លឺម៉ង់  បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា «ការបាញ់មីស៊ីលជាថ្មី ទៅលើទីក្រុងកៀវ (Kyiv) និង ទីក្រុងជាច្រើនទៀត បានបង្ហាញ អំពីសារៈសំខាន់ សម្រាប់ការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស ឲ្យបានឆាប់រហ័ស ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន។  ចំណែកការវាយប្រហាររបស់រុស្ស៊ី ដោយមីស៊ីល និង យន្តហោះគ្មានមនុស្សបើក ឬដ្រូន កំពុងតែធ្វើឲ្យជនស៊ីវិល មានការភ័យខ្លាចកាន់តែខ្លាំងឡើងបន្ថែមទៀត»។

លោក អូឡែកស៊ី រេស្នីកូវ (Oleksii Reznikov) រដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានប្រកាស តាមបណ្ដាញសង្គមធ្វីតធើរ ថា អាល្លឺម៉ង់ បានបញ្ជូនប្រព័ន្ធការពារដែនអាកាសដ៏ទំនើប ប្រភេទ IRIS-T SLM ចំនួន៤គ្រឿង មកដល់ប្រទេសអ៊ុយក្រែន កាលពីពីថ្ងៃអង្គារ។ ការប្រកាស ពីការមកដល់របស់ប្រព័ន្ធការពារដែនអាកាសរបស់អាល្លឺម៉ង់ បានកើតឡើង ចំពេលមានការវាយប្រហារ ដោយមីស៊ីល ពីកម្លាំងទាហានរុស្ស៊ី ជាបន្ដបន្ទាប់ ចាប់ពីថ្ងៃចន្ទ រហូតមក។

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ ថា «អាល្លឺម៉ង់ បានផ្ដល់ប្រព័ន្ធការពារដែនអាកាស IRIS-T ព្រោះវាមានការចាំបាច់ផ្នែកសីលធម៌ ត្រូវតែការពារផ្ទៃមេឃរបស់អ៊ុយក្រែន ដើម្បីសង្គ្រោះជីវិតប្រជាជនរបស់យើង។ បន្ថែមពីលើនេះ ប្រព័ន្ធការពារដែនអាកាស NASAMS ផលិតនៅសហរដ្ឋអាមេរិក ក៏កំពុងតែបង្កើនល្បឿន បញ្ជូនមកកាន់ប្រទេសអ៊ុយក្រែន បន្ដទៀត។ បើនិយាយពីប្រព័ន្ធគ្រឿងយុទ្ធោបករណ៍ទាំងនេះ នឹងត្រូវប្រើប្រាស់ នៅក្នុងយុគសម័យថ្មី ដើម្បីការពារដែនអាកាស»។

អាល្លឺម៉ង់ បានសន្យាផ្ដល់ប្រព័ន្ធការពារដែនអាកាស អស់រយៈពេលជាយូរមកហើយ ហើយ IRIS-T ទាំងនេះ មានសមត្ថភាព អាចការពារទីក្រុងទាំងមូលបាន។ បើតាមការគ្រោងទុកពីដំបូង នឹងត្រូវបញ្ជូនប្រព័ន្ធការពារដែនអាកាសទាំងនេះ មកកាន់ប្រទេសអ៊ុយក្រែន នៅដំណាច់ឆ្នាំនេះ។ ប៉ុន្ដែដោយសារតែមានការវាយប្រហារយ៉ាងសាហាវ ដោយមីស៊ីលរបស់រុស្ស៊ី កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍ រហូតមក ទើបនាំឲ្យមានការបង្កើនល្បឿន នៅក្នុងការបញ្ជូន មកឲ្យមុនកាលកំណត់។

ប្រព័ន្ធការពារដែនអាកាស IRIS-SLM អាចនឹងការពារ បញ្ចៀសពីការវាយប្រហារ ដោយមីស៊ីល នៅក្នុងរយៈកម្ពស់២០គីឡូម៉ែត្រ និង ចម្ងាយរហូតដល់៤០គីឡូម៉ែត្រ។ ជាមួយនឹងការវាយប្រហារ ដោយមីស៊ីល មិនរើសគោលដៅ ពីទាហានរុស្ស៊ី នេះ បានធ្វើឲ្យសម្ពន្ធមិត្ត ជាង៥០ប្រទេស ដឹកនាំដោយសហរដ្ឋអាមេរិក ដែលគេស្គាល់ ថា ក្រុមទំនាក់ទំនងការពារអ៊ុយក្រែន បានជួបប្រជុំគ្នា នៅក្នុងទីក្រុងប៊្រុចសែលស៍ ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃពុធ នៅខាងក្រៅកិច្ចប្រជុំរបស់រដ្ឋមន្រ្ដីក្រសួងការពារជាតិរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ (តាមភាសាអង់គ្លេស) ឬ អូតង់ (តាមភាសាបារាំង)។

លោកស្រី ជូលៀនណេ ស្មីត (Julianne Smith) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការណាតូ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters ថា កិច្ចប្រជុំទាំងនេះ នឹងផ្ដោតទៅលើការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស កាន់តែច្រើ នជួយដល់ប្រទេសអ៊ុយក្រែន។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានរំពឹងទុក អំពីការឆ្លើយតបជាវិជ្ជមាន ពីកិច្ចប្រជុំរបស់សម្ពន្ធមិត្តលោកខាងលិច កាលពីថ្ងៃពុធ នៅក្នុងទីក្រុងប៊្រុចសែលស៍  ចំពោះសំណើរបស់គាត់ ដើម្បីបង្កើនជំនួយយោធាឲ្យបានលឿនបំផុត។

ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ ថា ក្រុងវ៉ាស៊ីនតោន កំពុងតែបង្កើនល្បឿន លើការដឹកជញ្ជូនប្រព័ន្ធការពារដែនអាកាស ប្រភេទNASAMSជាច្រើនគ្រឿងមកកាន់ប្រទេសអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង