អ៊ីរ៉ង់ ខំប្រឹងជួយបង្ហាត់ទាហានរុស្ស៊ី ឲ្យប្រើប្រាស់ដ្រូន ដើម្បីប្រយុទ្ធជាមួយនឹងអ៊ុយក្រែន

 

រដ្ឋធានីកៀវ៖ ថ្វីបើអ៊ីរ៉ង់ បដិសេធ ពីការជួយគ្រឿងសឹកដល់ក្រុងមូស្គូយ៉ាងណាក្ដី ប៉ុន្ដែរហូតមកដល់ពេលនេះ មានសេចក្ដីរាយការណ៍ពីអ៊ុយក្រែនវិញថា រុស្ស៊ី បានពឹងគ្រូជាជនជាតិអ៊ីរ៉ង់ ទៅបង្ហាត់បង្រៀដល់ទាហានរបស់ខ្លួន នៅក្នុងតំបន់ឃើរសុន (Kherson) និង គ្រីមៀ (Crimea) ដើម្បីឲ្យចេះប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូនអត្ដឃាតរបស់ប្រទេសអាស៊ីខាងលិចមួយនេះ ប្រភេទ កាមីកាហ្សេ សាហេដ-១៣៦ (Shahed-136 ) សម្រាប់វាយប្រយុទ្ធគ្នា នៅក្នុងសង្គ្រាមតទល់ជាមួយនឹងអ៊ុយក្រែន។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ មីដល អ៊ីស អាយ ( Middle East Eye ) បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី១៥ ខែតុលា ថា បើតាមព័ត៌មានត្រូវបានចុះផ្សាយនៅលើគេហទំព័រគ្រប់គ្រង ដោយកងទ័ពអ៊ុយក្រែន បានចេញផ្សាយកាលពីថ្ងៃពុធថា  ក្រុមជនជាតិអ៊ឺរ៉ង់ កំពុងតែបង្រៀន ដល់កម្លាំងទាហានរុស្ស៊ី លើការប្រើប្រាស់ និង ត្រួតពិនិត្យ អំពីការបង្ហោះដ្រូន។ ជនជាតិអ៊ីរ៉ង់ ទាំងនោះ កំពុងស្ថិតនៅលើទឹកដីរបស់អ៊ុយក្រែន ដែលស្ថិតក្រោមការកាន់កាប់របស់ទាហានរុស្ស៊ី រួមមាន នៅកំពង់ផែហ្សាលីស្នី ( Zalizniy Port), ហ្លាឌីវស្ទី ស្ថិតក្នុងតំបន់ឃើរសុន (Kherson) និង ឌីហ្សានកូយ (Dzhankoy) នៃឧបទ្វីបគ្រីមៀ។

ប្រភពព័ត៌មានដដែល បានបន្ថែម ថា «ពួកគេ បានត្រូតពិនិត្យ ដោយផ្ទាល់ ពីការបង្ហោះដ្រូន នៅលើគោលដៅនានារបស់ជនស៊ីវិល រួមទាំង ការវាយប្រហារ ទៅលើមីកូឡាវ (Mykolaiv) និង អូដេសា (Odesa)។ រហូតមកដល់ពេលនេះ អ៊ីរ៉ង់ បានជួយដល់កម្លាំងទាហានរុស្ស៊ី មិនត្រឹមតែសម្ភារប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជួយទាំងមនុស្សទៀតផង»។

ក្រសួងការបរទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ ថា ការលក់ដ្រូនណាមួយរបស់អ៊ីរ៉ង់ ទៅដល់ប្រទេសរុស្ស៊ី នឹងជាការរំលោភ ទៅលើដោះស្រាយរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានយល់ព្រម លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចរបសើពិភព លោក។

បើតាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សព្វផ្សាយបានឲ្យដឹងថា អ៊ីរ៉ង់ បានបញ្ជូនដ្រូនរាប់រយគ្រឿង ទៅកាន់ប្រទេសរុស្ស៊ី ថ្វីបើមានការព្រមាន ពីក្រុងវ៉ាស៊ីនតោន និងក្រុងកៀវយ៉ាងណាក្ដី។ ជាមួយគ្នានេះ ក្រុងកៀវ ក៏មានគម្រោងកាត់បន្ថយវត្ដមានការទូតរបស់អ៊ីរ៉ង់ ដើម្បីជាការសងសឹក ដល់ក្រុងតេអ៊ីរ៉ង់ ជុំវិញការបញ្ជូនដ្រូនរបស់ខ្លួន ទៅឲ្យទីក្រុងមូស្គូ។

ក្រុងតេអ៊ីរ៉ង់ បានបញ្ជាក់ ថា ការសម្រេចចិត្តរបស់ក្រុងកៀវ បានផ្អែកទៅលើព័ត៌មាន គ្មានមូលដ្ឋាន ដែលបញ្ជូនបន្ត ដោយការឃោសនារបស់ប្រព័ន្ធផ្សព្វផ្សាយបរទេស  មាននិន្នាការ ប្រឆាំងនឹងអ៊ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង