សង្គ្រាមនៅអ៊ុយក្រែន ជំរុញឲ្យមេដឹកនាំកូរ៉េខាងជើង បង្កើនមហិច្ឆតាអាវុធនុយក្លេអ៊ែរ

សង្គ្រាមនៅអ៊ុយក្រែន ជំរុញឲ្យមេដឹកនាំកូរ៉េខាងជើង បង្កើនមហិច្ឆតាអាវុធនុយក្លេអ៊ែរ

រដ្ឋធានីសេអ៊ូល៖ រហូតមកដល់ពេលនេះ សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន នៅតែរកផ្លូវបញ្ចប់មិនទាន់ឃើញ ខណៈការវាយប្រយុទ្ធគ្នាយ៉ាងសាហាវ កំពុងតែបន្ដ ហើយឥទ្ធិពល នៃសង្គ្រាមនេះ អាចនឹងជំរុញឲ្យមេដឹកនាំផ្ដាច់ការ នៅកូរ៉េខាងជើង នឹងបង្កើននូវមហិច្ឆតា នៅក្នុងការអភិវឌ្ឍន៍អាវុធមហាប្រល័យលោកបន្ដទៀត។

សារព័ត៌មាន The Japan Times បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៩ ខែតុលា ថា វិបត្តិភូមិសាស្ត្រនយោបាយថ្មី កំពុងតែផ្ទុះឡើង នៅពីក្រោយទិដ្ឋភាពនៃសង្រ្គាម នៅអ៊ុយក្រែន ហើយភាពតានតឹង ជុំវិញកោះតៃវ៉ាន់ និង ការធ្វើឱ្យគូប្រជែង រវាងសហរដ្ឋអាមេរិក និង ចិន ក៏កាន់តែមានសភាពស្រួចស្រាវខ្លាំងឡើង។ ចំណែកកូរ៉េខាងជើង បន្ទាប់ពីការផ្អាក អស់រយៈពេល៣ឆ្នាំ នៅក្នុងការបង្ករឿងនុយក្លេអ៊ែរ កំពុងតែត្រៀមលក្ខណៈ តាមអ្វីដែលទីភ្នាក់ងារស៊ើបការណ៍ បានព្រមាន ថា ក្រុងព្យុងយ៉ាង អាចនឹងសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៧ ប្រហែលជា នៅមុនពេលការបោះឆ្នោត ពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី៨ ខែវិច្ឆិកា។

អ្នកការទូតមួយរូបរបស់អ៊ីរ៉ង់ បានបញ្ជាក់ អំពីដំណើរទស្សនកិច្ចរបស់មេដឹកនាំរបស់ក្រុងតេអ៊ីរ៉ង់ ទៅកាន់ទីក្រុងមូស្គូ ដើម្បីចរចា អំពីការបញ្ជូនគ្រឿងសឹក ថា មន្រ្ដីជាន់ខ្ពស់រុស្ស៊ី បានស្នើសុំទិញដ្រូន និង មីស៊ីលបាលិស្ទីកដ៏ទំនើប ជាពិសេស អម្បូរមីស៊ីលហ្វាតាស់ (Fateh) និង ហ្សូលហ្សាហ្កា។

មន្រ្ដីបស្ចិមលោក បានបញ្ជាក់យ៉ាងខ្លី ថា កិច្ចព្រមព្រៀង រវាងក្រុងតេអ៊ីរ៉ង់ និង មូស្គូ គឺផ្ដោតទៅលើការផ្គត់ផ្គង់មីស៊ីលបាលិស្ទីក រយៈចម្ងាយខ្លីបាញ់ពីលើដីទៅលើដី រួមមាន មីស៊ីលZolfaghar ។ បើតាមកិច្ចព្រមព្រៀងនេះ អ៊ីរ៉ង់ ថែមទាំងបានព្រមព្រៀង ផ្គត់ផ្គង់យន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន Shahed-136 ដែលអាចបំពាក់ក្បាលគ្រាប់បំផ្ទុះមានកម្លាំងខ្លាំង។

ការបង្ហាញវត្ដមានមីស៊ីលរបស់អ៊ីរ៉ង់ នៅក្នុងសង្រ្គាមរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន នឹងជំរុញឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងក្រុងតេអ៊ីរ៉ង់ និង សហរដ្ឋអាមេរិក ហើយមហាអំណាចបស្ចិមលោក។

លោកស្រី ការីននេ ជេនព្យា (Karinne Jean-Pierre) អ្នកនាំពាក្យ សេតវិមាន បានបញ្ជាក់ ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានវាយតម្លៃ ថា ដ្រូនអ៊ីរ៉ង់ ត្រូវបានប្រើប្រាស់ នៅក្នុងការវាយប្រហារ ទៅលើទីក្រុងកៀវ កាលពីព្រឹក ថ្ងៃចន្ទ។ លោកស្រី ក៏បានចោទប្រកាន់តេអ៊ីរ៉ង់ ពីការនិយាយកុហក ថា ដ្រូនរបស់ខ្លួន មិនត្រូវបានប្រើប្រាស់ដោយរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នោះឡើយ។

អ្នកការទូតអឺរ៉ុប បានបញ្ជាក់ ថា រុស្ស៊ី ពិបាកផលិតអាវុធ សម្រាប់ខ្លួនឯង ដោយសារការដាក់ទណ្ឌកម្មលើវិស័យឧស្សាហកម្មរបស់រុស្ស៊ី។ ដូច្នេះក្រុងមូស្គូ កំពុងតែងាកទៅរកការនាំចូលគ្រឿងសព្វាវុធ ពីប្រទេសជាដៃគូ ដូចជា អ៊ីរ៉ង់ និង កូរ៉េខាងជើង។

ឥទ្ធិពលនៃសង្គ្រាមអ៊ុយក្រែន និង ភាពតានតឹង ជុំវិញបញ្ហាតៃវ៉ាន់ ក៏នឹងជំរុញឲ្យមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បន្ដអភិវឌ្ឍអាវុធនុយក្លេអ៊ែរ បន្ថែមទៀត។ កូរ៉េខាងជើង កាលពីថ្ងៃពុធ បានបាញ់កាំភ្លើងធំ ១០០គ្រាប់បន្ថែមទៀត ក្រោយការបាញ់រាប់រយគ្រាប់ ចេញពីតំបន់ភាគខាងកើត និង ភាគខាងលិចប្រទេស ចូលសមុទ្រ។ សកម្មភាពរបស់ប្រទេសកុម្មុយនីស្ដមួយនេះ ក៏ជាការប្រឆាំងការធ្វើសមយុទ្ធយោធា រវាងសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ដោយមានការចូលរួមពីនាវាផ្ទុកយន្ដហោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង