សហរដ្ឋអាមេរិក ចោទរុស្ស៊ី រកលេសប្រើប្រាស់គ្រាប់បែកវិទ្យុសកម្ម ឬអាវុធនុយក្លេអ៊ែរ

សហរដ្ឋអាមេរិក ចោទរុស្ស៊ី រកលេសប្រើប្រាស់គ្រាប់បែកវិទ្យុសកម្ម ឬអាវុធនុយក្លេអ៊ែរ

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលកម្លាំងទាហានរុស្ស៊ី បានទទួលរងបរាជ័យផ្ទួន នៅលើសមរភូមិ ទាំងនៅភាគខាងកើត និង ភាគខាងត្បូង ប្រទេសអ៊ុយក្រែន ក្រុងមូស្គូ ចាប់ផ្ដើមរកលេសចោទប្រកាន់ដល់ក្រុងកៀវ អំពីការរៀបចំប្រើប្រាស់អាវុធដ៏សាហាវ ប៉ុន្ដែត្រូវសហរដ្ឋអាមេរិក និង សម្ពន្ធមិត្តបស្ចិមលោក បានទាត់ចោល ហើយថែមទាំងព្រមានជាថ្មី អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរដល់រុស្ស៊ី ប្រសិនបើហ៊ានប្រើប្រាស់អាវុធប្រភេទនេះ

ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៥ ខែតុលា ថា ក្រុងវ៉ាស៊ីនតោន និង បណ្តាសម្ពន្ធមិត្តលោកខាងលិច បានចោទប្រកាន់ដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) អំពីការរៀបចំផែនការបង្កើតសម្មភាពយោធាថ្មី នៅក្នុងប្រទេសអ៊ុយក្រែន ក្រោយពេលក្រុងមូស្គូ ក្លែងធ្វើជាជឿ ថា ក្រុងកៀវ នឹងប្រើប្រាស់គ្រាប់បែកវិទ្យុសកម្ម ដែលជាឧបករណ៍ មានសារធាតុនុយក្លេអ៊ែរ។

លោក ណេត ប្រាយស៍ (Ned Price) អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃចន្ទ បានអះអាង ថា រុស្ស៊ី អាចប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើក្រុងមូស្គូ ហ៊ានប្រើប្រាស់គ្រាប់បែកវិទ្យុសកម្ម ឬ អាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន។

អ្នកនាំពាក្យ ក្រសួងការបរទេសរូបនេះ បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន ថា «ប្រាកដណាស់ថា ជាការសាកល្បង ប្រកបដោយគ្រោះថ្នាក់បំផុតមួយ ប្រសិនបើប្រធានាធិបតី លោក ពូទីន បញ្ជាឲ្យប្រើប្រាស់គ្រាប់បែកប្រភេទនេះមែន ហើយវានឹងនាំមកនូវផលវិបាក សម្រាប់រុស្ស៉ី មិនថា ក្រុងមូស្គូ មានជម្រើសរើស ប្រើប្រាស់គ្រាប់បែកវិទ្យុសកម្ម ឬ គ្រាប់បែកនុយក្លេអ៊ែរ នោះឡើយ។ យើងបានយល់ច្បាស់ អំពីករណីនេះ»។

លោក ណេត ប្រាយស៍ បានបន្ដ ថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក នៅមិនទាន់រកឃើញ មានសញ្ញាណាមួយ ពាក់ព័ន្ធនឹងរុស្ស៉ី ប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅឡើយ។ ប៉ុន្តែសហរដ្ឋអាមេរិក នៅតែមានការព្រួយបារម្ភ អំពីការប្រើប្រាស់គ្រាប់បែកវិទ្យុសកម្ម ព្រោះវាអាចធ្វើទៅបាន ក្រោយការលើកឡើងរបស់មន្រ្តីរុស្ស៉ី ដោយបានចោទប្រកាន់ ទៅលើអ៊ុយក្រែន កំពុងតែរៀបចំប្រើប្រាស់គ្រាប់បែកប្រភេទនេះ។

វិមានក្រឹមឡាំង កាលពីថ្ងៃចន្ទ បានបញ្ជាក់ថា ការគំរាមកំហែង ដោយការប្រើប្រាស់គ្រាប់បែកវិទ្យុសកម្មរបស់អ៊ុយក្រែន គឺជារឿងពិត ហើយវាអាស្រ័យ ថាតើប្រទេសលោកខាងលិច ជឿ ឬ មិនជឿ? ប៉ុន្ដែការលើកឡើងរបស់រុស្ស៊ី ត្រូវបានក្រុងកៀវ និង បណ្ដាប្រទេសមហាអំណាចបស្ចិមលោក ទាត់ចោលការចោទប្រកាន់ទាំងនោះ ដោយចាត់ទុកថា វាគ្រាន់តែជាលេសមួយ បង្កឡើង ដោយក្រុងមូស្គូ តែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង